យោធាមីយ៉ាន់ម៉ានាំចូលអាវុធមួយប៊ីលានដុល្លារ ចាប់តាំងពីរដ្ឋប្រហារ

ណៃពិដោ៖ របាយការណ៍ថ្មីពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ា បានអះអាងថា យោធាមីយ៉ាន់ម៉ាបាននាំចូលអាវុធសរុបជាទឹកប្រាក់យ៉ាងហោចណាស់មួយប៊ីលានដុល្លារចាប់តាំងពីរដ្ឋប្រហារដណ្ដើមអំណាចក្នុងខែកុម្ភៈឆ្នាំ ២០២១ ទោះបីជាមានភស្តុតាងដ៏លើសលប់អំពីការប្រព្រឹត្តអំពើឃោឃៅរបស់របបនេះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។

របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃពុធ និងមានឈ្មោះថា «ពាណិជ្ជកម្មមរណៈពាន់លានដុល្លារ៖ បណ្តាញអាវុធអន្តរជាតិដែលបើកផ្លូវឱ្យការរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា» នេះបានលើកឡើងថា៖ «អាវុធ និងសម្ភារសម្រាប់ផលិតអាវុធបន្ថែម បានបន្តហូរចូលទៅដល់ដៃយោធាមីយ៉ាន់ម៉ាដោយគ្មានការរំខាន បើទោះបីជាមានភស្តុតាងដ៏លើសលប់នៃការទទួលខុសត្រូវរបស់ក្រុមនេះចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅក៏ដោយ»។

របាយការណ៍ដដែល បានកំណត់អត្តសញ្ញាណការទិញផ្តាច់មុខ ឬការដឹកជញ្ជូនដោយផ្ទាល់ទៅយោធាមីយ៉ាន់ម៉ា ឬឈ្មួញអាវុធមីយ៉ាន់ម៉ា ដែលធ្វើការក្នុងនាមយោធា ជាង ១២ ៥០០ ករណី។ របាយការណ៍បន្តថាភាពសម្បូរបែប និងបរិមាណនៃទំនិញដែលផ្តល់ដល់យោធាមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារ កំពុងមានការកើនឡើង រាប់តាំងពីយន្តហោះចម្បាំង រហូតដល់ដ្រូន ឧបករណ៍ទំនាក់ទំនង និងគ្រឿងបន្លាស់សម្រាប់នាវាកងទ័ពជើងទឹក។

អ្នករាយការណ៍ពិសេសរបស់អ.ស.បទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Tom Andrews បាននិយាយក្នុងរបាយការណ៍ថា អាវុធភាគច្រើនបានមកពីប្រទេសរុស្ស៊ី ចិន និងក្រុមហ៊ុននៅសិង្ហបុរី។ ការនាំចូលដែលស្ថិតនៅចន្លោះពីរដ្ឋប្រហារថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ ដល់ខែធ្នូឆ្នាំ ២០២២ រួមមានទាំងសព្វាវុធ បច្ចេកវិទ្យាដែលប្រើបានទាំងផ្នែកស៊ីវិល និងយោធា និងសម្ភារៈប្រើប្រាស់សម្រាប់ផលិតអាវុធ ។

យោងតាមរបាយការណ៍អង្គភាពរុស្ស៊ីបានរួមចំណែកលើការនាំចូលអាវុធទៅមីយ៉ាន់ម៉ា ប្រមាណ ៤០៦ លានដុល្លារ អង្គភាពចិន ២៥៤ លានដុល្លារ និងអង្គភាពប្រតិបត្តិការនៅសិង្ហបុរី ២៥៤ លានដុល្លារ។ ក្រៅពីនេះ អង្គភាពឥណ្ឌា(៥១លានដុល្លារ) និងថៃ (២៨លានដុល្លារ) ក៏រួមចំណែកលើការនាំចូលអាវុធរបស់របបយោធាមីយ៉ាន់ម៉ា ផងដែរ។

ខណៈអង្គភាពគ្រប់គ្រងដោយរដ្ឋរុស្ស៊ី ចិន និងឥណ្ឌា ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនលក់អាវុធទាំងនោះ របាយការណ៍បន្តទៀតថា អាវុធសរុបជាតម្លៃប្រមាណ ៩៤៧ លានដុល្លារ ត្រូវបានបញ្ជូលដោយផ្ទាល់ទៅកាន់អង្គភាពនានាគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ដែលនេះមានន័យថា យោធាមីយ៉ាន់ម៉ាខ្លួនឯងមានឈ្មោះចុះបញ្ជីជាអ្នកទទួលឯកសារទាក់ទងនឹងពាណិជ្ជកម្ម ដោយមិនបាច់មានការសម្រួលពីភាភីណាផ្សេងនោះទេ។

ប្រតិកម្មទៅនឹងរបាយការណ៍ថ្មី រុស្ស៊ី និងចិន បានចោទប្រកាន់លោក Andrews ពីបទធ្វើកិច្ចការហួសពីតួនាទីរបស់ខ្លួន និងបង្កការយល់ឃើញមិនល្អពី «ការជួញដូរអាវុធដោយស្របច្បាប់»។ ចំណែកឯឥណ្ឌាវិញ បាននិយាយថា កិច្ចសន្យាសព្វាវុធដែលពាក់ព័ន្ធនឹងក្រុមហ៊ុនរដ្ឋទាំងអស់របស់ខ្លួន ត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលមុន។

ជាមួយគ្នានេះ លោក Andrews បានកត់សម្គាល់ក្នុងរបាយការណ៍ថា លោកមិនឃើញព័ត៌មានណាមួយដែលបង្ហាញថាអង្គភាពគ្រប់គ្រងដោយរដ្ឋាភិបាលសិង្ហបុរី ឬថៃ ឬក៏រដ្ឋាភិបាលនៃប្រទេសទាំង២ យល់ព្រម ឬផ្ទេរអាវុធទៅឱ្យយោធាមីយ៉ាន់ម៉ានោះទេ ដូច្នេះប្រហែលជាឈ្មួញអាវុធប្រើប្រាស់ទឹកដីនៃប្រទេសទាំង២ដើម្បីធ្វើអាជីវកម្មរបស់ខ្លួន ជាពិសេសតាមវិស័យធនាគារ និងដឹកជញ្ជូន។

ចំណែករដ្ឋាភិបាលថៃមិនទាន់បានចេញប្រតិកម្មយ៉ាងណានៅឡើយទេ ខណៈរដ្ឋាភិបាលសិង្ហបុរីនិយាយថា ខ្លួននឹងពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យការនាំចេញរបស់ខ្លួន។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងវិបត្តិដោយសារតែការធ្វើរដ្ឋប្រហារឆ្នាំ ២០២១ ដែលបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ។ ការបង្រ្កាបដ៏បង្ហូរឈាមទៅលើក្រុមប្រឆាំងនឹងរដ្ឋប្រហារ បានបញ្ឆេះការតស៊ូប្រដាប់អាវុធផ្សេងៗ ហើយការវាយប្រហារគ្នានៅតែបន្តរ៉ាំរ៉ៃមកទល់ពេលនេះ ខណៈជនស៊ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់៕ ប្រែសម្រួលដោយ៖ ហួន ឌីណា

ads banner