ម៉ុនតាណា ក្លាយជារដ្ឋដំបូងគេរបស់អាមេរិក ដែលបិទកម្មវិធីទីកតុក
អាមេរិក៖ ម៉ុនតាណា(Montana)បានក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិកដែលបានសម្រេចបិទកម្មវិធីទូរស័ព្ទទីកតុក(TikTok)បន្ទាប់ពីអភិបាលរដ្ឋនេះចុះហត្ថលេខាលើច្បាប់ហាមឃាត់ចាប់ពីឆ្នាំក្រោយតទៅ។
វិធានការយ៉ាងដូច្នេះរបស់រដ្ឋម៉ុនតាណា ធ្វើឡើងចំពេលមន្រ្តីអាមេរិក ដាក់សម្ពាធកាន់តែខ្លាំងឡើងលើក្រុមហ៊ុនទីកតុក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ចំពោះប្រតិបត្តិការនៅសហរដ្ឋអាមេរិក និងទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ដោយលើកឡើងពីក្ដីបារម្ភផ្នែកសន្តិសុខជាតិ។
ច្បាប់ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី០១ខែមករាដោយហាមឃាត់ការដំឡើងកម្មវិធីទីកតុកក្នុងរដ្ឋ ហើយនឹងពិន័យកម្មវិធីទាញកម្មវិធីទូរស័ព្ទ (app store) ណាមួយឬក្រុមហ៊ុនទីកតុក ផ្ទាល់ចំនួន ១០ ០០០ ដុល្លារក្នុងមួយថ្ងៃ រាល់ពេលនរណាម្នាក់ដំឡើងកម្មវិធីនេះ។ ការពិន័យនេះ នឹងមិនអនុវត្តចំពោះអ្នកប្រើប្រាស់នោះទេ។
ប្រតិកម្មទៅនឹងវិធានការរបស់រដ្ឋម៉ុនតាណា ក្រុមហ៊ុនទីកតុក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់របស់រដ្ឋម៉ុនតាណាបាន «រំលោភលើសិទ្ធិធ្វើវិសោធនកម្មលើកដំបូងរបស់ប្រជាជនម៉ុនតាណា ដោយការហាមឃាត់ដោយខុសច្បាប់លើកម្មវិធីទីកតុក»។ ក្រុមហ៊ុនមានបំណង «ការពារសិទ្ធិអ្នកប្រើប្រាស់របស់យើងទាំងក្នុង និងក្រៅរដ្ឋម៉ុនតាណា។
ចំណែកឯអ្នកប្រឆាំងនឹងច្បាប់របស់រដ្ឋម៉ុនតាណា បានចាត់ទុកវិធានការនេះថាជាការបំពានរបស់រដ្ឋាភិបាល ហើយនិយាយថា ប្រជាជនម៉ុនតាណាអាចជៀសផុតពីបម្រាមនេះបានយ៉ាងងាយស្រួលដោយប្រើប្រព័ន្ធ VPN។ ទន្ទឹមនឹងនេះ អ្នកតស៊ូមតិសេរីភាពអ៊ិនធឺណិត បានរិះគន់ការបង្រ្កាបរបស់សហរដ្ឋអាមេរិកទៅក្រុមហ៊ុនទីកតុក ថាស្មើនឹងការចាប់ពិរុទ្ធ (censorship) ហើយប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ។
គួររំឭកថា កន្លងមក រដ្ឋាភិបាលសហព័ន្ធ និងជាងពាក់កណ្តាលនៃរដ្ឋនៅសហរដ្ឋអាមេរិក បានរឹតត្បឹតមិនឱ្យដំឡើងកម្មវិធីនេះនៅលើឧបករណ៍អេឡិចត្រូនិករបស់រដ្ឋាភិបាល ខណៈរដ្ឋបាល លោក បៃដិន គំរាមកំហែងពីការបិទទូទាំងប្រទេសលុះត្រាតែក្រុមហ៊ុនមេរបស់ទីកតុកលក់ភាគហ៊ុនរបស់ខ្លួន។
ភាពចម្រូងចម្រាស់មួយដែលមន្រ្តីអាមេរិកលើកឡើង គឺការព្រួយបារម្ភថាក្រុមហ៊ុនទីកតុកអាចនឹងចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិន។
យ៉ាងណាមិញ ក្រុមហ៊ុនទីកទុក ធ្លាប់បាននិយាយច្រានចោលការចោទប្រកាន់នេះហើយប្រកែកថា ក្រុមហ៊ុននឹងមិនធ្វើដូច្នេះនោះទេប្រសិនបើរដ្ឋាភិបាលចិនស្នើ៕ ប្រែសម្រួលដោយ៖ ហួន ឌីណា