កម្ពុជា-ឥណ្ឌា ចុះ អនុស្សរណៈស្តីពីការអនុវត្តដំឡើងបង្គន់សាធារណៈ ដើម្បីលើកកម្ពស់សុខភាពប្រជាជន
ភ្នំពេញ៖ កម្ពុជា-ឥណ្ឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងខ្នាតតូចសម្រាប់ដំឡើងបង្គន់សាធារណៈប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ។
ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តឡើងនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាតំណាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពឯកឧត្តម សាយ សំអាល់ និងលោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។

នាពិធីចុះហត្ថលេខានោះ លោកស្រីបណ្ឌិត Devyani Khobragade មានប្រសាសន៍ថា នេះជាគម្រោងស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលរដ្ឋាភិបាលឥណ្ឌាបានជួយគាំទ្រ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលកន្លងមកមានចំនួន១៨ប្រទេសរួចហើយដែលបានទទួលមូលនិធិនេះ។
ជាមួយគ្នានេះដែរឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ដើម្បីចូលរួមអនុវត្តគម្រោងនេះហើយជាផ្នែកមួយក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ លោកក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា តាមរយៈការដាក់ចេញនូវរបាយការណ៍ស្តីពីការចូលរួមចំណែកជាតិ និងយុទ្ធសាស្រ្ត
រយៈពេលវែងអព្យាក្រឹត្យកាបូន ជាដើម។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ការអនុវត្តគម្រោងខ្នាតតូចនេះ នឹងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន ជាមួយនឹងលទ្ធផលភ្លាមៗនិងអាចមើលឃើញ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម ក៏ដូចជា ការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ ជាពិសេសប្រជាជន និងអ្នកទេសចរណ៍។
សូមបញ្ជាក់ថា អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយ និងយុទ្ធសាស្រ្ត តំណាងក្រសួងបរិស្ថាន និងលោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន និងមន្រ្តីស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចំនួន២០រូប។
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក.ជ.អ.ច. ជាស្ថាប័នរៀបចំគោលនយោបាយដែលបានបង្កើតឡើងនៅខែឧសភាឆ្នាំ២០១៥ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព សំដៅធានាបាននូវតុល្យភាពរវាង សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ក.ជ.អ.ច. កំពុងបន្តធ្វើឱ្យមានភាពរីកចម្រើនដ៏អស្ចារ្យលើការបង្កើតក្របខណ្ឌច្បាប់និងគោលនយោបាយដ៏មាំដើម្បីជួយកម្ពុជាឆ្ពោះទៅរកភាពកាន់តែចីរភាព ប្រសិទ្ធភាពធនធាន ធន់នឹងអាកាសធាតុ និងការអភិវឌ្ឍបញ្ចេញកាបូនទាប៕ ដោយ៖ សុខ រក្សា