សាលាវិជ្ជាជីវៈទេសចរណ៍ដំបូងរបស់ក្រសួងទេសចរណ៍ នឹងលេចជារូបរាងឡើងជាផ្លូវការនៅឆ្នាំ២០២៤

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នៅឆ្នាំ២០២៤ខាងមុខនេះសាលាវិជ្ជាជីវៈទេសចរណ៍ចំនួនពីរដែលជាសាលាដំបូងរបស់ក្រសួងទេសចរណ៍នឹងលេចជារូបរាងឡើងជាផ្លូវការហើយដែលសាលានេះក៏នឹងក្លាយជាមជ្ឈមណ្ឌលវាយតម្លៃ Center of Excellence ផងដែរដើម្បីទទួលស្គាល់អ្នកមានបទពិសោធន៍ក្នុងជំនាញទេសចរណ៍។

ការលើកឡើងដូចនេះ ធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសលោកដឹកនាំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សាលាវិជ្ជាជីវៈទេសចរណ៍ និងក្រុមការងារគម្រោងចុះត្រួតពិនិត្យការដ្ឋានសាងសង់ និងសួរសុខទុក្ខដល់បុគ្គលិក កម្មក-កម្មការីនីសំណង់អគារសាលាវិជ្ជាជីវៈទេសចរណ៍ក្នុងទីតាំងរាជធានីភ្នំពេញ ប្រមាណ ១២០នាក់។

យោងតាមក្រសួងទេសចរណ៍ ការចុះត្រួតពិនិត្យការដ្ឋានសាងសង់នេះ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់អគារសាលាវិជ្ជាជីវៈទេសចរណ៍ បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមការសាងសង់ចាប់ពីខែធ្នូ ឆ្នាំ២០២២ មក។

ឯកឧត្តម ថោង ខុន បានថ្លែងនាឱកាសនោះថា អគារសាលានេះ អាចនឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក ហើយរំពឹងថានៅឆមាសទី២ ឆ្នាំ២០២៤ ខាងមុខ សាលាអាចជ្រើសរើសសិស្ស-និសិត្សចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍បានហើយ។ឯកឧត្តមបានថ្លែងថា វិស័យទេសចណ៍ ជាវិស័យដែលត្រូវការជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចនេះសាលាជាតិទេសចរណ៍មួយនេះ ដែលជាសាលាដំបូងរបស់ក្រសួងទេសចរណ៍នឹងចូលរួមបណ្តុះបណ្តាលជំនាញតាមស្តង់ដា សំដៅពង្រឹង និងពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍ទាំងគុណភាព និងបរិមាណឆ្លើយតបទៅការអភិវឌ្ឍន៍នៃវិស័យទេសចរណ៍កម្ពុជា ។

បើតាមក្រសួងទេសចរណ៍ សាលាវិជ្ជាជីវៈទេសចរណ៍នេះនឹងមានមុខវិជ្ជាសំខាន់ៗជាច្រើនដូចជាជំនាញសេវាកម្មសណ្ឋាគារ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, សេវាកម្មធ្វើដំណើរ និងសេវាកម្មទេសចរណ៍។

ការបណ្តុះបណ្តាលជំនាញទាំងនេះគឺស្របទៅតាមក្របខណ្ឌគុណវុឌ្ឍជាតិ និងអាស៊ាន គឺចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេលមួយឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ។ សាលាក៏នឹងក្លាយជាមជ្ឈមណ្ឌលវាយតម្លៃ Center of Excellence ផងដែរដើម្បីទទួលស្គាល់អ្នកមានបទពិសោធន៍ក្នុងជំនាញទេសចរណ៍។ នេះបើតាមការបន្ថែមរបស់ឯកឧត្តម ថោង ខុន។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានកោតសរសើរលើការរៀបចំការដ្ឋានសាងសង់មានស្តង់ដារ សណ្តាប់ធ្នាប់ល្អ មានអនាម័យ មានដាក់ធុងសម្រាប់ញែក មានបន្ទប់ទឹកសម្រាប់បុគ្គលិក និងកម្មករ ប្រព័ន្ធសុវត្ថិភាព និងគិតគូរសុខភាពជាដើម និងបានទទួលលទ្ធផលសំណង់ល្អលើសពីការគ្រោងទុក។

សូមរំឭកដែរថា គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ពីរនេះ មានមួយនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដែលជាជំនួយឥណទានហិរញ្ញប្បទាន រវាងកម្ពុជានិងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។ សលានេះ ត្រូវបានប្រារព្វពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

លោក ធួន ស៊ីណាន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៣ថា នៅកម្ពុជាសាលាជំនាញវិជ្ជាជីវៈខាងផ្នែកទេសចរណ៍នៅមានតិចតួចនៅឡើយ ហើយនៅតាមសកលវិទ្យាល័យគឺមានតែទ្រឹស្តីប៉ុណ្ណោះ។

លោកបានថ្លែងថា ការបង្កើតឱ្យមានសាលាវិជ្ជាជីវៈនេះ គឺពិតជាជួយរួមចំណែកក្នុងការកសាងមូលដ្ឋានជំនាញក្នុងវិស័យទេសចរណ៍ ពីព្រោះយើងឃើញថាទេសចរណ៍វាស្រួល មករៀនតែមួយឬ២ខែចេះ ឬមកធ្វើតាមគេមួយឬ២អាទិត្យនឹងចេះ ប៉ុន្តែវាមិនដូចការគិតរបស់យើងនោះទេ គឺវិស័យទេសចរណ៍នេះត្រូវការនូវការយល់ដឹងស៊ីជម្រៅច្រើនមែនទែន។

លោក ធួន ស៊ីណាន បានបន្ថែមថា ការមានសាលាវិជ្ជាជីវៈនេះគឺរឿងចាំបាច់សម្រាប់កម្ពុជា ហើយលោកសង្ឃឹមថាទៅពេលខាងមុខទៀតនឹងមានសាលានេះនៅតាមគ្រប់ខេត្តធំៗជាច្រើនទៀត៕ ដោយ៖ នាង សុគន្ធា

ads banner