សិប្បកម្មមួយច្នៃសម្បកកង់រថយន្តទៅជាធុងសំរាម ជួយដល់បរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាសហគមន៍

អត្ថបទដោយ៖
CPA

កំពង់ចាម៖ ជាទូទៅសម្បកកង់រថយន្តចាស់ៗដែលប្រើប្រាស់លែងកើតតែងត្រូវបានគេចោលទៅជាសំរាមឬចាក់ដីបំពេញដាំបន្លែជាដើមប៉ុន្តែបច្ចុប្បន្ននេះសម្បកកង់រថយន្តចាស់ៗទាំងនោះមិនមែនជាសំរាមទៀតឡើយដោយវាត្រូវបាន ស្ត្រីខ្មែរម្នាក់កែច្នៃទៅជាធុងសម្រាប់ដាក់សំរាមដ៏ពេញនិយមទៅវិញ។

មានរាងមូលៗដូចក្អមទឹក រួមជាមួយនឹងគម្របបិទជិត ដែលគេអាចឃើញនៅតាមទីសាធារណៈ នោះហើយជាធុងសម្រាមកែច្នៃពីសំបកកង់រថយន្តចាស់ៗ ដោយសិប្បកម្មរបស់លោកស្រី សឿង សុថារី។ សិប្បកម្មកែច្នៃសម្បកកង់រថយន្តចាស់ៗ ដែលស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មិនត្រឹមតែអាចជួយទៅដល់បរិស្ថានប៉ុណ្ណោះទេ តែវាក៏ជាប្រភពចំណូលក្រុមអ្នកផលិតក្នុងតំបន់ផងដែរ។

លោកស្រី សឿង សុថារី ជាម្ចាស់សិប្បកម្មធុងបរិស្ថាន ឬជាភាសាអង់គ្លេស Eco-Bin បានរៀបរាប់ឱ្យដឹងពីមូលហេតុក្នុងការបង្កើតអាជីវកម្មមួយនេះ និងរៀបរាប់ឱ្យដឹងពីហេតុផលដែលលោកស្រីតស៊ូបន្តដំណើរការជាង ១០ឆ្នាំមកនេះដូច្នេះថា៖ «មូលហេតុដែលខ្ញុំបង្កើតសិប្បកម្មនេះឡើងគឺកើតចេញពីក្តីស្រលាញ់ចេញពីបេះដូង និងបំណងចង់ចូលរួមចំណែកជួយដល់សង្គម»។

លោកស្រីរៀបរាប់បន្តថា៖ម្យ៉ាងគឺដោយសារឃើញកាកសំណល់វាប៉ះពាល់ដល់បរិស្ថានខ្លាំង ដូច្នេះហើយទើបលោកស្រីយល់ថាបើសិនជាយើងអាចកែច្នៃជាធុងសំរាមគឺល្អណាស់ ហើយវាក៏បានផ្ដល់ឱកាសការងារទៅដល់ប្រជាជនដែលរស់នៅក្នុងតំបន់ ស្រុកភូមិខ្ញុំ និងលើសពីនេះវាក៏បានជួយលើកស្ទួយផលិតផលក្នុងស្រុកផងដែរ។

សម្បករថយន្តដែលត្រូវបានគេបោះបង់ចោល ឬឈប់ប្រើប្រាស់ទាំងនេះ ត្រូវបានបុគ្គលិកនៃសិប្បកម្មមួយនេះដើរប្រមូលទិញពីគ្រប់ទិសទី ពីតាមយានដ្ឋានគ្រប់ខេត្ត ដើម្បីកែច្នៃឱ្យឱ្យទៅផលិផលមានប្រយោជន៍វិញ។

លោកស្រី សឿង សុថារី បានថ្លែងបញ្ជាក់ឱ្យដឹងពីដំណើរការនៃការផលិតថា៖ «ជំហានដំបូងគឺយើងមានកម្មករដែលពួកគាត់ដើរប្រមូលទិញសំបកកង់រថយន្ត ពីតាមយានដ្ឋានគ្រប់ខេត្តក្រុង ដោយពេលខ្លះគាត់ទៅដើរទិញអស់រយៈពេលមួយអាទិត្យទៅ ពីរអាទិត្យអីឯណោះ ហើយនៅពេលដែលកង់រថយន្តប្រមូលបានហើយ យើងបាញ់លាងសម្អាតរួចទើបបន្តបញ្ជូនទៅផ្នែកចៀរកង់ឡាន»។

លោកស្រីបន្តថា បន្ទាប់ពីជំហានទី១ បញ្ចប់ទៅដំណើរការក្នុងការកែច្នៃដែលលំបាកបំផុតគឺការចៀរសំបកង់រថយន្ត។

លោកស្រី សុថារី បញ្ជាក់ថា៖ «ដោយសារផលិតផលរបស់យើងគឺជាផលិតផលធ្វើដោយដៃសុទ្ធ យើងសាកស្រមៃមើល ត្រឹមយកកាំបិតធម្មតាទៅជិតបន្លែវានៅពិបាក ចុះទម្រាំតែយើងយកកាំបិតទៅចៀរក្រឡាកង់រថយន្តដ៏ក្រាស់ឃ្មឹក ដូចជាកង់រថយន្តកុងតឺន័រដែលសូម្បីបង្វិលមិនចង់រួចផង ចៀរឱ្យទៅជាស្ដើង គឺវាមានការលំបាកណាស់»។

ម្ចាស់សិប្បកម្មធុងបរិស្ថានរូបនេះ បានបន្តថា បន្ទាប់ពីដំណាក់កាលដ៏ពិបាកនេះហើយ ទើបយើងយកវាទៅឈូសសម្អាតឱ្យទៅជារលោង បន្តមកទៀតទើបបញ្ជូនទៅផ្នែកដំឡើងដែលមានអ្នកដំឡើងជើង និងអ្នកដំឡើងតួខ្លួន ដល់ពេលរួចរាល់ហើយវានឹងចេញជារូបរាងធុង តែមិនទាន់ទៅជាផលិតផលសម្រេចនៅឡើយទៀត។

រហូតដល់ច្រវាក់ផលិតកម្មចុងក្រោយនោះ គឺការលាងសម្អាត ហាលថ្ងៃឱ្យស្ងួតរួចរាល់ហើយ ទើបបញ្ជូនទៅផ្នែកបាញ់ថ្នាំ ទៅជាពណ៌តាមការកុម្ម៉ង់របស់អតិថិជននិងបាញ់ឈ្មោះសិប្បកម្ម ក៏ដូចជាលេខទូរស័ព្ទសម្រាប់ការទំនាក់ទំនង។

ឆ្លងកាត់ដំណាក់កាលកែច្នៃដ៏វែងអន្លាយ ធុងបរិស្ថាននីមួយៗទាមទារពេលយូរខ្លាំងណាស់ក្នុងការផលិត ហើយអាជីវកម្មមួយនេះធ្លាប់ឆ្លងកាត់ផលប៉ះពាល់ខ្លាំងអំឡុងពេលកូវីដ១៩ តែដោយក្តីស្រឡាញ់ ទំនួលខុសត្រូវចំពោះបុគ្គលិក និង បេសកកម្មចំពោះបរិស្ថាន លោកស្រីនៅតែព្យាយាមបន្តដង្ហើមអាជីវកម្មនេះតទៅមុខទៀត។

លោកស្រី សឿង សុថារី បានឱ្យដឹងពីស្ថានភាពនៃការលក់នាពេលនោះថា៖ «តម្រូវការគឺវាទៅតាមទំនោរ ឬបរិបទសង្គម ដូចកាលពីមុនពេលកូវីត-១៩ ការលក់របស់យើងគឺផ្ទុះខ្លាំងមែនទែន យើងលក់បានច្រើន មួយខែអាចបាន មួយពាន់ធុងឯណោះ តែពេលកូវីត-១៩ មកដល់ក្នុង មួយខែយើងលក់មិនបាន ១០០ធុងផង»។

លោកស្រី បន្តថា៖ «គ្រាន់តែថា ប្រជាជនយើងឥឡូវគាត់ងាកមកប្រើប្រាស់ផលិតផលកែច្នៃច្រើន ជាងពីមុនដែលគាត់ប្រើតែផលិតផលនាំចូល ប៉ុន្តែឥឡូវនេះគាត់យល់ពីគុណតម្លៃនៃផលិតផលកែច្នៃក្នុងស្រុក ដូចជាឥឡូវនេះយើងផលិតលក់ដាច់មិនសូវសល់ដែរ»។

សម្រាប់ការលក់ លោកស្រី សុថារី បានឱ្យដឹងថា បច្ចុប្បន្នយើងអាចលក់មានប្រមាណ ៥០០ធុង ដែលនេះវាគឺស្របទៅតាមលទ្ធភាពក្នុងការផលិតរបស់យើងផងដែរ ប្រសិនបើតម្រូវការច្រើនជាងនេះក៏យើងផលិតអត់ទាន់ និយាយឱ្យខ្លីគឺយើងផលិតលក់អស់ៗមិនដែលចេះសល់ទេ។

ទោះយ៉ាងណាក្តីតែលោកស្រីក៏ចង់សំណូមពរបន្ថែមដល់អ្នកប្រើប្រាស់ថា សូមព្យាយាមយល់ពីផលវិបាកនៃច្រវាក់អាជីវកម្ម ព្រោះថាវាមានផលវិបាកខ្លាំងក្នុងការកែច្នៃ ហើយលោកស្រីចង់សំណូមពរឱ្យពលរដ្ឋពួតដៃគ្នាជួយអាជីវកម្មកែច្នៃក្នុងស្រុក ព្រោះវាជាផ្លូវមួយផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ បង្កើនជីវភាព និងបញ្ចៀសការចំណាកស្រុកផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសិប្បកម្មធុងបរិស្ថាន-Eco-Bin មានធុងបរិស្ថានពីរខ្នាត។ គឺខ្នាតតូចមួយតម្លៃ ៣៥ដុល្លារអាមេរិក និងខ្នាតធំមួយតម្លៃ ៤៥ដុល្លារ។ លើសពីនេះ អាជីវកម្មរបស់លោកស្រីក៏មានផលិតជាផលិតផលដទៃទៀតដូចជា សាឡុងកង់ឡានសម្រាប់ដាក់តាំងលម្អក្នុងគេហដ្ឋាន រូបសត្វកែច្នៃ ផើងផ្កា ឧបករណ៍ដាក់ចំណីសត្វជាដើម ហើយថែមទាំងអាចផលិតជូនតាមការកុម៉្មង់ផ្សេងៗរបស់អតិថិជនបានផងដែរ៕ ដោយ៖ ស្រ៊ុន សិរី វឌ្ឍនៈ

ads banner