កម្ពុជា-ចិន ចុះកិច្ចសន្យាភាពជាដៃគូ លើដំណើរការសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាផ្លូវការ

អត្ថបទដោយ៖
CPA

រាជដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនឯកជនចិន បានចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនជាផ្លូវការ នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ដែលតម្លៃប្រមាណ១៤០០លានដុល្លារ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយលោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់ ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាច្រើនរូប។

នាឱកាសនោះលោក ស៊ុន ចាន់ថុល បានលើកឡើថា កិច្ចព្រមព្រៀងថ្ងៃនេះ គឺជាកិច្ចសន្យារវាងរដ្ឋ និងឯកជន សម្រាប់ដំណើរការសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិតប្រវែង១៣៥គ.ម (មាន៤គន្លង ទៅ២ មក២) ក្នុងតម្លៃជាង១៤០០លានដុល្លារ ដែលនឹងត្រូវអនុវត្តន៍សាងសង់ដោយក្រុមហ៊ុនឯកជនសាជីវកម្មស្ពាននិងថ្នល់ចិន និងជាអ្នកគ្រប់គ្រង់ដំណើរការអាជីវកម្មលើគម្រោងផ្លូវនេះ។

យ៉ាងណាមិញ លោកថា ដើម្បីឈានទៅធ្វើដំណើរលើផ្លូវល្បឿនលឿននេះបាន គឺចាំបាច់ត្រូវតែមានស្ពានឆ្លងទន្លេមេគង្គនៅដីឥដ្ឋដែលតភ្ជាប់ខ្សែក្រវ៉ាត់ក្រុងទី៣ ទៅកាន់ល្វាឯម។ លោកថា ស្ពាននេះ បូករួមទាំងផ្លូវសងខាងស្ពាន មានប្រវែង ៣៧០០ម៉ែត្រ ដែលត្រូវចំណាយថវិការបស់រដ្ឋប្រមាណជាង២៣០លានដុល្លារ ដើម្បីដំណើរការសាងសង់ស្ពាននេះ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់បន្តថា៖« ការបញ្ចេញថវិកាប្រមាណជាង២៣០លានដុល្លារ សាងសង់ស្ពាននេះ គឺស្របតាមអនុសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលមិនចង់ឱ្យពលរដ្ឋដែលធ្វើដំណើរឆ្លងស្ពាននេះ ត្រូវចំណាយថវិកាច្រើន ព្រោះបើសិនជាក្រុមហ៊ុនជាអ្នកសាងសង់ស្ពាននេះ ក្រុមហ៊ុននឹងគិតប្រាក់លើការធ្វើដំណើរឆ្លងស្ពាននេះ។ ចឹងហើយទើបយើងត្រូវតែរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិត ដើម្បីបែងចែកការងារសាងសង់រវាងរដ្ឋ និងក្រុមហ៊ុនឱ្យបានច្បាស់លាស់»។

បើតាមលោក ស៊ុន ចាន់ថុល គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកបញ្ជាក់ទៀតថា គម្រោងនេះ នឹងប្រើពេលសាងសង់ក្នុងរយៈពេល៤ឆ្នាំ ដើម្បីបញ្ចប់ឱ្យទាន់គម្រោងផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាម ដែលចេញពីហូជីមីញ ភ្ជាប់មកកាន់តំបន់ព្រំដែនម៉ុកបៃ។
លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសាធារណការ ដែលផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន សម្រាប់ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ។ លោកបានថ្លែងថា៖«យើងសូមសន្យាថា នឹងប្រើប្រាស់ធនធានឱ្យអស់ពីលទ្ធភាព ដើម្បីធានាដល់ការសាងសង់ប្រកបដោយគុណភាព ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលយើងធ្លាប់ធ្វើកន្លងមក ហើយនេះគឺជាគម្រោងផ្លូវល្បឿនលឿនទី២ សម្រាប់ក្រុមហ៊ុនយើងនៅកម្ពុជា ។ យើងនឹងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ប្រកបដោយគុណភាព ធានាការសាងសង់ទាន់ពេលវេលា និងផ្តល់សេវាដែលល្អបំផុត សម្រាប់ប្រជាជនកម្ពុជា»។

ពាក់ព័ន្ធនឹងគម្រោងនេះដែរ លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា ក៏បានបង្ហាញការគាំទ្រចំពោះការចូលរួមកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ស្ពានលើផ្លូវល្បឿនលឿន។ លោកថា៖« ជាទូទៅប្រាកដណាស់បើក្រុមហ៊ុនចំណាយប្រាក់សង់ស្ពានបន្ថែមខ្លួនឯង នឹងធ្វើឱ្យការចំណាយលើការឆ្លងកាត់ផ្លូវល្បឿនលឿនកាន់តែខ្ពស់ ព្រោះយើងធ្លាប់មានគំរូផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋគឺថ្លៃស្រាប់ហើយ តែយ៉ាងណាវាអាស្រ័យលើការព្រមព្រៀងរបស់រដ្ឋាភិបាល និងក្រុមហ៊ុនទៅលើដំណើរការគ្រប់គ្រង់ផ្លូវនេះបន្ថែមទៀត»។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ អះអាងថា រាល់ការវិនិយោគទៅហេដ្ឋារចនាសម្ព័ន្ធណាមួយ បើសិនជាបានគិតពីផលចំណេញសម្រាប់សេដ្ឋកិច្ច និងគិតគូពីផលប្រយោជនប្រជាពលរដ្ឋជាធំ គឺជារឿងដ៏ត្រឹមត្រូវ និងចាំបាច់ត្រូវធ្វើ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា១៣៥ គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ ជាងនេះទៀត គម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន មកភូមា មកប្រទេសថៃ មកកម្ពុជា ទៅវៀតណាមថែមទៀត៕ អត្ថបទ៖ សែម ពិសី

ads banner