សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍ចំនួន១០ថ្ងៃ ដើម្បីបង្ហាញវត្ថុបុរាណដែលទើបរកឃើញថ្មីៗ
ភ្នំពេញ៖ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេលចំនួន១០ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភានេះ ដើម្បីតាំងបង្ហាញវត្ថុបុរាណដែលទើបរកឃើញថ្មីៗ នៅតំបន់រមណីយដ្ឋានអង្គរ និងនៅតំបន់ភ្នំគូលែនផងដែរ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ពិព័រណ៍នេះ នឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និងទើបរកឃើញពីកំណាយស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គររួមនិងកុលាលភាជន៍ ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណ តំបន់ភ្នំគូលែនផងដែរ។ សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍នេះ ចែកជា៣ប្រភេទ ក្នុងនោះវត្ថុដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណរ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។
ប្រភពដដែលបន្ថែមថា សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មានសុទិដ្ឋិនិយមថា ពិព័រណ៍នេះ នឹងផ្តល់ព័ត៌មានថ្មីៗស្ដីពីវឌ្ឍនៈភាព និងភាពរីកចម្រើនក្នុងវិស័យស្រាវជ្រាវ និងកំណាយតាមបែបបុរាណវិទ្យា ក្នុងតំបន់ការពារបេតិកភណ្ឌរមណីយដ្ឋានអង្គរ។ សាធារណជន ក៏អាចស្វែងយល់បន្ថែមពីការងារថែទាំ និងជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវ ពីការដ្ឋានកំណាយផងដែរ។

ជុំវិញការតាំងពិព័រណ៍នេះ ឯកឧត្តម ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរៀបចំតាំងពិព័រណ៍បង្ហាញនូវវត្ថុបុរាណដែលទើបរកឃើញថ្មី គឺដើម្បីបង្ហាញជូនទៅដល់សាធារណជនគ្រប់រូបឱ្យបានជ្រាប ពីអ្វីៗដែលកន្លងមកបានបាត់បង់ទៅតាមពេលវេលា ទៅតាមកាលៈទេសៈ និងស្ថានភាពប្រែប្រួលក្នុងប្រទេសកម្ពុជា។ ហេតុដូច្នេះហើយបានធ្វើឱ្យអ្នកជំនាន់ក្រោយនាពេលបច្ចុប្បន្ននេះ តែងតែគិតថាវត្ថុបុរាណទាំងនោះត្រូវបានបាត់បង់ និងមិនដឹងថានៅទីណា ហើយមានអ្វីខ្លះដែលបុព្វបុរសបានបន្សល់ទុក ក្រៅពីប្រាសាទ និងក្រៅពីអ្វីដែលបានឃើញ ខណៈដែលវត្ថុបុរាណទាំងនោះត្រូវបានបន្សល់ទុកនៅក្រោមដីដែលទាមទារឱ្យអ្នកជំនាន់ក្រោយ ត្រូវការសិក្សា ត្រូវការស្រាវជ្រាវ ហើយត្រូវការស្វែងរកផងដែរ។ លោកបន្តថា ហើយការតាំងពិព័រណ៍បង្ហាញនូវវត្ថុបុរាណនេះ វាជាលទ្ធផលមួយចំនួនតូចដែលបានសិក្សាស្រាវជ្រាវ និងបានស្វែងរកឃើញ ទោះបីជាយ៉ាងណា កិច្ចការស្រាវជ្រាវ ស្វែងរកវត្ថុបុរាណទាំងអស់នោះ នឹងនូវបន្តជារៀងរហូត ក្នុងតំបន់អង្គរ ក៏ដូចជាទីកន្លែងផ្សេងៗទៀតជាដើម។

ឯកឧត្តម ឡុង កុសល ថ្លែងថា៖ «អ៊ីចឹងអ្វីដែលបង្ហាញនេះ គឺចង់ជម្រាបជូនទៅដល់បងប្អូនសាធារណជនថា វាមានវត្ថុដែលជាការបន្សល់ទុកពីបុព្វបុរសនៅក្រោមដីហ្នឹងច្រើនណាស់ អ៊ីចឹងសូមកុំធ្វើការគាស់កកាយ ឫក៏ធ្វើអីដែលប៉ះពាល់ទៅដល់សំណល់បុរាណវិទ្យានៅក្នុងក្រោមដីហ្នឹង។ ហើយគួរទុកឱកាសឱ្យក្រុមគេសិក្សា ស្រាវជ្រាវ ស្វែងយល់ អាហ្នឹងទើបជាប្រយោជន៍ទាំងអស់គ្នានៅថ្ងៃអនាគត ដែលនេះជាគោលបំណងសំខាន់ដែលយើងចង់បង្ហាញរបស់របបមរតកបុព្វបុរសយើងមួយចំនួន»។
លបន្តថា ពិព័រណ៍នេះ ក៏ជាការដាស់ស្មារតី និងរំឮកទៅដល់គំនិតរបស់អ្នកជំនាន់ក្រោយថា អ្វីដែលជាការកសាង ឫស្នាដៃរបស់បុព្វបុរស គឺវាពិតជាអស្ចារ្យខ្លាំងណាស់ ហេតុដូច្នេះក្នុងនាមជាអ្នកជំនាន់ក្រោយ ត្រូវមានតួនាទីយ៉ាងណា ដើម្បីចូលរួមក្នុងការងារការពារ និងស្រាវជ្រាវវត្ថុបុរាណទាំងអស់នេះ។ បន្ថែមពីនេះលោក កុសល ក៏សំណូមពរទៅដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ពីព្រោះការចូលរួមទស្សនានេះ គឺមានអ្នកជំនាញដែលប្រចាំការនៅទីតាំងនោះ នឹងធ្វើការពន្យល់ដល់សាធារណជនអំពីវិធីសាស្ត្រនៃការសម្អាតវត្ថុបុរាណផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍ខាងលើនេះធ្វើឡើងដើម្បីអបអរទិវាសារមន្ទីរអន្ដរជាតិថ្ងៃទី១៨ ខែឧសភា ហើយនៅ ក្នុងថ្ងៃទី១៨នោះដែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិអាចចូលទស្សនាបានដោយឥតគិតថ្លៃ៕ ដោយ៖ ជា សុខនី