រយៈពេលបួនខែដើមឆ្នាំអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានប្រមាណ ១៥៩០ លានដុល្លារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្នុងរយៈពេលបួនខែដើមឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលនូវចំណូលពន្ធ-អាករតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ៦ ៤៤២, ៥៤ ប៊ីលានរៀល ឬប្រមាណ១៥៩០, ៧៥ លានដុល្លារ ស្មើនឹង ៤៤,៥៤ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

នេះជាការលើកឡើងរបស់ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់រយៈពេល៤ ខែ ឆ្នាំ២០២៣នេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារឯកឧត្តម គង់ វិបុល បានលើកឡើងថា ស្ថានភាពនៃការប្រមូលចំណូលពន្ធ-អាករសម្រាប់រយៈពេលបួនខែឆ្នាំ២០២៣នេះ មានភាពល្អប្រសើរ គឺអាស្រ័យដោយស្ថានភាពនៃចំណូលពន្ធក្នុងខែមករា-មីនា ឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ហើយដែលជារដូវការនៃការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ឆ្នាំ២០២២ ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនោះឯកឧត្តមក៏បានលើកឡើងដែរថា សម្រាប់ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិច (E-Commerce) ទទួលបាន ១០៨, ៥៧ ប៊ីលានរៀល ប្រមាណជា ២៦,៨១ លានដុល្លារ សម្រាប់រយៈពេលបួនខែ ឆ្នាំ២០២៣។

ឯកឧត្តមបានណែនាំឱ្យមន្រ្តីបន្តទាំងអស់បន្តចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្រផលិតក្នុងស្រុកក្នុងការតាមដាន និងថែទាំបណ្តាញ និងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល។

ឯកឧត្តម គង់ វិបុល មានប្រសាសន៍ថា ៖ «បន្តពង្រឹងការបណ្តុះបណ្តាលពីការផ្តល់សេវាល្អ ដល់មន្រ្តីពន្ធដារ ពិសេសមន្រ្តីជួរមុខ ក្នុងគោលដៅរក្សាបាន និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងបង្កើនភាពជឿជាក់ពីសំណាក់សាធារណជន និងអ្នកជាប់ពន្ធមកលើអគ្គនាយកដ្ឋានពន្ធដារ»។

ជាមួយគ្នានោះដែរឯកឧត្តមក៏បានឱ្យមន្រ្តីពន្ធដារត្រូវបន្តធ្វើការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តវិធានវិក្កយបត្រក្នុងចំណោមអ្នកជាប់ពន្ធ និងកម្មវិធីវិក្កយបត្រនាំសំណាងឱ្យមានការចូលរួមបន្ថែមទៀតពីសាធារណជន ដើម្បីធានាបាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងគ្រប់គ្រងប្រមូលចំណូលពន្ធអាករនានា។

ឯកឧត្តម គង់ វិបុល បានថ្លែងថា ៖ «ត្រូវបន្តអនុវត្តវិធានការចាំបាច់នានាដូចមានកំណត់ក្នុងសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងបន្តអនុវត្តដោយយកចិត្តទុកដាក់នូវយុទ្ធសាស្រ្តកៀរគរចំណូល២០១៩-២០២៣»។

សូមបញ្ជាក់ដែរថា ចំពោះ លទ្ធទផលនៃការគ្រប់គ្រងប្រមូលពន្ធ សម្រាប់ខែមេសា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៩៨៤,៥៩ ប៊ីលានរៀល ឬប្រមាណ២៤៣,១១ លានដុល្លារ ស្មើនឹង៦,៨១ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានលើកឡើងថា ដំណើរការនៃការវិវត្តនៃសេដ្ឋកិច្ចសង្គមរបស់កម្ពុជាកំពុងតែមានដំណើរទៅរកសភាពធម្មតាឡើងវិញបណ្តើរៗ ដែលធ្វើឱ្យប្រជាជនអាចប្រកបរបរ ឬអាចរកប្រាក់ចំណូលបានប្រក្រតីដែលអាចឱ្យពួកគាត់បង់ពន្ធចូលថវិការរដ្ឋទៅបានតាមការកំណត់របស់ពន្ធដារ។

លោកបានប្រាប់ថា ៖ «ស្ថេរភាពនៃដំណើរនៃការអភិវឌ្ឍ ឬការកសាងសន្តិភាពនៅកម្ពុជាដែលធ្វើឱ្យវិនិយោគិន និងប្រជាពលរដ្ឋមានសេរីភាព ពេលវេលា និងឱកាសក្នុងការរកទទួលទាន ដោយមិនមានការប៉ះពាល់ស្មារតី ឬការរកចំណូលរបស់ពួកគាត់ឡើយ»។

នៅឆ្នាំ២០២៣នេះ ការប្រមូលសារពើពន្ធ និងពន្ធគយ លោក ហុង វណ្ណៈ បានលើកឡើងដែរថា ដោយសារសញ្ញាណនៃឆ្នាំ២០២២មានសន្ទុះខ្លាំង ដូច្នេះឥទ្ធិពលទាំងនេះនឹងកាន់តែបង្ហាញពីភាពស្ទុះមួយកម្រិតទៀតនៃការប្រមូលពន្ធរបស់កម្ពុជា ដែលនឹងមានកំណើន ហើយពន្ធនៃការនាំចេញ និងនាំចូលក៏មានកំណើនផងដែរក្នុងឆ្នាំនេះ៕ ដោយ៖ នាង សុគន្ធា

ads banner