រដ្ឋមន្រ្តីជំរុញមន្រ្តីក្រសួងយកចិត្តទុកដាក់ធ្វើការងារតាមជំនាញ និងបច្ចេកទេសឱ្យបានត្រឹមត្រូវ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ឌិត ទីណា បានធ្វើការណែនាំ និងជំរុញទៅកាន់ ក្រុមការងារតាមអនុវិស័យរបស់ក្រសួងកសិកម្ម ត្រូវយកចិត្តទុកដាក់ធ្វើការងារតាមជំនាញ បច្ចេកទេសឱ្យបានត្រឹមត្រូវ និងត្រូវផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពនៅក្នុងវិស័យកសិកម្មនេះ។ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំអន្តរក្រសួងស្តីពីការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងក្នុងកិច្ចប្រជុំនោះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មបានធ្វើការណែនាំដល់ក្រុមការងារតាមអនុវិស័យត្រូវយកចិត្តទុកដាក់ធ្វើការងារតាមជំនាញ បច្ចេកទេសឱ្យបានត្រឹមត្រូវ និងត្រូវផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព ដើម្បីជួយសម្រាលបន្ទុក និងសម្រួលដល់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលក្នុងការប្រកបរបរអាជីវកម្ម និងបង្កើនប្រាក់ចំណេញ សំដៅជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត។

លើសពីនេះទៀតឯកឧត្តមក៏បានជំរុញឱ្យក្រុមការងារពាក់ព័ន្ធក៏ត្រូវផ្តោតលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម និងនិរន្តរភាពបរិស្ថាន ខណៈក្រុមការងារក៏ត្រូវតែគិតគូរលើការអភិវឌ្ឍធនធានមនុស្ស និងសហការគ្នាល្អ ដោយតម្កល់ប្រយោជន៍ជាតិជាធំដែរ។

ពាក់ព័ន្ធនឹងរឿងនេះដែរ លោក ប៉ាត សុវណ្ណ មន្រ្តីបច្ចេកទេសកសិកម្មរបស់អង្គការ GRET បានលើកឡើងថា ក្រៅពីជំរុញការយកចិត្តទុកដាក់ធ្វើការងារតាមជំនាញ និងបច្ចេកទេសឱ្យបានត្រឹមត្រូវហើយនោះ លោកយល់ថា ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត គឺត្រូវគិតលើការសាងសង់ប្រព័ន្ធធារាសាស្រ្តឱ្យបានគ្រប់គ្រាន់សម្រាប់សម្រួលដល់ការដាំដុះរបស់ប្រជាកសិករ។

ទន្ទឹមគ្នានេះ លោក ក៏ជំរុញឱ្យមានការគិតគូដល់ប្រជាកសិករ ទៅលើការសម្រួលឱ្យកសិករទទួលបានដើមទុន ក្នុងអត្រាការប្រាក់ទាប តាមរយៈគោលនយោបាយណាមួយ ឬតាមរយៈធនាគារ ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករយើង ឱ្យមានលទ្ធភាពពង្រីកការដាំដុះ ខណៈលោកថាការសម្របសម្រួលលើទីផ្សារផលិតផលកសិកម្មរបស់ប្រជាកសិករក៏ជារឿងចាំបាច់ផងដែរ។

លោក ប៉ាត់ សុវណ្ណ បានប្រាប់បន្តថា៖« ជារួមមក ការគិតគូរលើបញ្ហាទឹក ទុន ទីផ្សារ និងជួយអភិវឌ្ឍន៍ចំណេះជំនាញកសិករ ពីរបៀបដាំដុះ ការផលិតថ្នាំពុលធម្មជាតិ ជីកំប៉ុសការថែទាំដំណាំដោយខ្លួនឯង ពោលគឺកាត់បន្ថយចំណាយថ្លៃដើមផលិតរបស់គាត់បានច្រើន គឺជារឿងសំខាន់ដើម្បីជាគន្លឹះជួយអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាកាន់តែប្រសើរឡើង»។

សូមរំឮកដែរថា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម កាលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់បានលើកឡើងថា វិស័យកសិកម្មមិនមែនគ្រាន់តែជាការដកស្ទូង ច្រូតស្រូវ ដាំពោត ដាំថ្នាំជក់ប៉ុណ្ណោះទេ ពោលគឺវិស័យកសិកម្មមានវិសាលភាពធំធេងខ្លាំងណាស់ ដែលគ្របដណ្ដប់លើវិស័យផ្សេងៗជាច្រើន ហើយក៏ជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងវិស័យសន្ដិសុខស្បៀងផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងទៀតថា ការអភិវឌ្ឍវិស័យកសិកម្ម គឺជាការចូលរួមសហការពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនមែនពឹងផ្អែកតែលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែមួយនោះទេ។ ទន្ទឹមគ្នានេះសម្ដេចក៏បានជំរុញឱ្យស្ថានប័នពាក់ព័ន្ធត្រូវខិតខំដោះស្រាយប្រព័ន្ធទឹក ទីផ្សារកសិកម្ម ការកែឆ្នៃផលិតផលកសិកម្ម ការជ្រើសរើសពូជថ្មី និងការផ្តល់បច្ចេកទេសថ្មីៗដល់ប្រជាកសិករឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនការដាំដុះផលដំណាំកសិកម្មនៅកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា៖«ដើម្បីដោះស្រាយបញ្ហាកសិកម្មឱ្យទទួលផលកាន់តែច្រើន ចំណុចសំខាន់ គឺការដោះស្រាយបញ្ហាប្រភពទឹកជូនប្រជាកសិករ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែម ដើម្បីពង្រីកការដាំដុះពីផ្ទៃដី១ហិកតាអាចចិញ្ចឹមមនុស្សបាន ១០ ឈានទៅអាចដី ១ហិកតាអាចចិញ្ចឹមមនុស្សបាន២០នាក់ ឬអាចលើសពីនេះ»៕ ដោយ៖ សែម ពិសី

ads banner