សេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះ១.៩ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣

មូស្គូ៖ សេវាស្ថិតិសហព័ន្ធរបស់ប្រទេសរុស្ស៊ី បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី បានធ្លាក់ចុះ១.៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣។

ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ក្នុងអំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ បានកត់សម្គាល់ពីការធ្លាក់ចុះសេដ្ឋកិច្ចក្នុងត្រីមាសទីបួនជាប់ៗគ្នា។ ប៉ុន្តែការធ្លាក់ចុះនេះ គឺតិចតួចជាងការធ្លាក់ចុះ២.៧ភាគរយ ដែលបានប្រកាសក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២។

សេវាស្ថិតិសហព័ន្ធរបស់ប្រទេសរុស្ស៊ី បានបញ្ជាក់ថា ពាណិជ្ជកម្មលក់ដុំបានធ្លាក់ចុះ១០.៨ភាគរយ តាមពីក្រោយដោយពាណិជ្ជកម្មលក់រាយធ្លាក់ចុះ៧.៣ភាគរយ។ ទន្ទឹមគ្នា វិស័យរុករករ៉ែ ដែលរាប់បញ្ចូលទាំងការផលិតប្រេង និងឧស្ម័នធម្មជាតិក៏បានធ្លាក់ចុះ៣.៣ភាគរយផងដែរ។

ជាមួយគ្នានេះ ក្រុមអ្នកវិភាគបានចាត់ទុកថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់រុស្ស៊ី គឺដោយសារតែផលប៉ះពាល់នៃទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដែលបានដាក់ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ក៏ដូចជាការបន្តធ្លាក់ចុះនៃការចំណាយរបស់អតិថិជន។ ទោះជាយ៉ាងណា វិស័យសំណង់របស់ប្រទេសរុស្ស៊ី បានកើនឡើង៨.៨ភាគរយ ហើយវិស័យកសិកម្មក៏កើនឡើង២.៩ភាគរយផងដែរ៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner