​អង្គការសុខភាពពិភពលោក មិន​អញ្ជើញ​តៃវ៉ាន់​​ឱ្យ​ចូល​រួម​​សន្និបាត​ប្រចាំ​ឆ្នាំ​របស់ខ្លួន​​ ​​

អន្តរជាតិ៖ អង្គការសុខភាពពិភពលោក (WHO) កាល​ពី​ថ្ងៃ​ចន្ទ​ បាន​សម្រេចកាត់​វត្តមាន​តៃវ៉ាន់​ចេញ​ពី​​សន្និបាត​ប្រ​ចាំ​ឆ្នាំ​​របស់​ខ្លួនដែល​រៀប​ចំ​ឡើង​​ពី​ចន្លោះ​​ថ្ងៃ​ទី​២១​-៣០ ឧសភា​ ដោយ​ការ​មិន​អញ្ជើញ​កោះ​នេះ​ឱ្យ​ចូល​រួម​បន្ទាប់​ពី​មាន​ការ​ជំទាស់​ពី​ប្រទេស​ចិន​​។

ការ​សម្រេច​នេះ​ ធ្វើ​ឡើង​​​បន្ទាប់​ពី​មាន​ការ​ពិភាក្សាកាល​ពី​ថ្ងៃ​អាទិត្យ​​លើ​សំណើសុំ​ចូល​សន្និបាត​​​របស់​តៃវ៉ាន់​​ក្នុង​នាម​ជា​អ្នក​​សង្កេត​ការណ៍​​ ទោះ​បី​ជា​​មាន​ការ​គាំទ្រនា​ពេល​កន្លង​មក​​ពី​ប្រទេស​ធំៗ​​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​តៃវ៉ាន់​ ដូច​ជា​ចក្រភព​អង់គ្លេស​ សហរដ្ឋ​អាមេរិក​ អូស្ត្រាលី ​បារាំង ​ជប៉ុន​ លីទុយអានី​ កាណាដា ​សាធា​រណរដ្ឋ​ឆេក ​និង​អាល្លឺម៉ង់​ក៏​ដោយ​។  

​​តៃវ៉ាន់​បាន​រិះគន់​ការ​សម្រេច​ចិត្ត​របស់ WHO កាល​ពី​ថ្ងៃចន្ទ​ ​ហើយ​​និយាយ​ថា​ វា​ជា «​​​​ទង្វើគួរឱ្យស្អប់ខ្ពើម»​ របស់​ចិន​​ ក្នុង​ការ​រារាំង​វត្តមាន​​តៃវ៉ាន់​​នៅ​ក្នុង​ស្ថាប័ន​ពិភព​លោក​ដ៏​ធំ​នេះ​ ហើយ​ថា​ទីក្រុង​ប៉េកាំង​​គ្មាន​សិទ្ធិ​និយាយ​​ក្នុង​នាម​​កោះ​នោះ​ទេ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​ក្រសួង​ការ​បរទេស​តៃវាន់​និយាយថា ​៖​ ​«​មាន​តែ​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​ប៉ុណ្ណោះ​ ដែល​អាច​តំណាង​ឱ្យ​ប្រជាជន​ ២៣ លាន​នាក់​របស់​តៃវ៉ាន់​​នៅ​អង្គការ​សុខភាព​ពិភ​ព​លោក​ និង​អង្គការ​អន្តរជាតិ​ផ្សេង​ទៀត​ និង​អាច​ការពារ​សុខ​ភាព​ និង​សិទ្ធិ​មនុស្ស​របស់​ប្រជាជន​តៃវ៉ាន់​»​។

ចិន​ឯ​ណោះ​វិញ​ ​​បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​​របស់​ WHO ដោយ​ក្រសួង​ការបរទេស​ចិន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​៖ «​​នេះ​បង្ហាញ​យ៉ាង​ពេញ​លេញ​ថា​ គោលការណ៍​ចិន​តែ​មួយ​ គឺ​ជា​សេ​ច​ក្តី​ប្រាថ្នា​របស់​ប្រជាជន​ ហើយ​មិន​អាច​ត្រូវ​បាន​​បំបាក់​​តាម​មធ្យោបាយ​ណា​មួយ​ឡើយ​»​។

​ក្រសួង​បាន​បន្ត​ថា​ ​មុន​ពេល​បើក​សន្និបាត​​​​ ប្រទេស​ជិត​ ១០០ ​បាន​សម្តែង​ការ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ចិន​តែ​មួយ​ និង​ការ​ប្រឆាំង​របស់​ពួក​គេ​ចំពោះ​វត្តមាន​របស់​តៃវ៉ាន់​នៅក្នុងសន្និបាត​អង្គការ​សុខភាព​ពិភព​លោក​ តាម​រយៈ​លិខិត​ពិសេស​ទៅ​កាន់​ WHO ​និង​សេចក្តី​ថ្លែងការណ៍​។​​

មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ ក្រសួង​បន្ត​ថា ​៖ «​ចិន​ក៏​ជំរុញ​ឱ្យ​ប្រទេស​មួយ​ចំនួន​កុំ​ធ្វើ​ពុត​ជា​ច្រឡំ​ ​ឈប់​​យក​បញ្ហា​សុខាភិបាល​ធ្វើ​នយោបាយ​ ​ឈប់​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន​ ក្រោម​លេស​​បញ្ហា​តៃវ៉ាន់​ និង​បញ្ឈប់​ការ​​ប្រើ​​​តៃវ៉ាន់​​ដើម្បី​គ្រប់​គ្រង​ចិន​»​​។

គួរ​បញ្ជាក់​ថា​ ក្រុង​ប៉េកាំង​ បាន​ទទូច​​​​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា​ជា​​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ និង​ត្រូវ​គ្រប់​គ្រង​ដោយ​ចិន​ក្រោម​គោលនយោបាយ​ចិន​តែ​មួយ​ ដែល​ជា​លទ្ធផល​​ធ្វើ​ឱ្យ​តៃវ៉ាន់​រង​ការ​ដក​ចេញ​​​ពី​ស្ថាប័ន​អង្គការ​អន្តរជាតិ​ជា​ច្រើន​។ កន្លង​មក​ ចិន​ និង​សម្ព័ន្ធ​មិត្ត​ប៉ាគីស្ថាន​ បាន​ជំរុញ​សមាជិក​ផ្សេង​ទៀត​ឱ្យ​ប្រឆាំង​នឹង​វត្តមាន​របស់​តៃវ៉ាន់​ក្នុង​​សន្និបាត​ប្រចាំ​ឆ្នាំ WHO ខណៈ​​​​ប្រទេស​អ៊ីស្វាទីនី (ស្វាស៊ីឡង់​)​ ​និង​កោះម៉ាសាល់​ អំពាវ​នាវ​ផ្ទុយ​ពី​នេះ​។

​តៃវ៉ាន់ ដែល​ទទូច​បដិសេធ​ការ​ទាម​ទារ​របស់​ចិន​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​បច្ចេកទេស​មួយ​ចំ​នួន​របស់​ WHO ​ប៉ុន្តែ​បាន​និយាយ​ថា​ ការ​ដក​វត្តមាន​របស់​ខ្លួន​ចេញ​ពី​ WHO ​នា​ពេល​នេះ​ បាន​រារាំង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​កូវីដ​១៩​។

ក្រសួង​ការ​បរទេស​​តៃវ៉ាន់​បាន​​បន្ថែម​ថា​​ ការ​ចូល​រួម​របស់​ខ្លួន​ជាមួយ​ WHO ​គឺ​ជា​បញ្ហា​សុខភាព​សាធារណៈ​ពិភព​លោក​​​។ ក្រសួងដដែលនេះ​​បន្ត​ថា​៖ «​នយោបាយ​មិន​គួរ​​មាន​អាទិភាព​លើ​វិជ្ជា​ជីវៈ​នោះ​ទេ​។ ​វា​មិន​ត្រឹ​ម​តែ​​​មិន​ស្មើ​ភាព​គ្នា​​ និង​អយុត្តិធម៌​ក្នុង​ការ​​រារាំង​តៃវ៉ាន់​ក្រោម​សម្ពាធ​នយោបាយ​របស់​ចិន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខភាព​សាធារណៈ​​ពិភព​លោក​ផង​ដែរ​»​។​

កោះ​តៃវ៉ាន់​ត្រូវ​បាន​ដក​ចេញ​ពី​​ WHO ​ក្នុង​ឆ្នាំ​ ១៩៧២​ ​ពោល​គឺ​មួយ​ឆ្នាំ​​បន្ទាប់​ពី​បាត់​បង់​អាសនៈ​​​នៅ​អង្គការ​សហប្រជាជាតិ​ទៅ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​។​កោះ​នេះ​អាច​​​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​កំពូល​របស់​ WHO ​ចន្លោះ​ឆ្នាំ​ ២០០៩ និង​ ២០០៦ ​ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍។​ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ចិន​រា​រាំង​​ ពេល​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​កាន់​តែ​ធ្លាក់​ចុះ​ខ្លាំង​៕

ដោយ៖ហួន ឌីណា

ប្រភព៖ Taiwan excluded from WHO annual assembly following Chinese opposition

Outcry as World Health Organization locks out Taiwan under pressure from China  

ads banner