អ.ស.ប៖ មីយ៉ាន់ម៉ា និងបង់ក្លាដែស ត្រូវការជំនួយ ៣៧៥ លានដុល្លារ ដោយសារតែព្យុះស៊ីក្លូនកាលពីពេលថ្មីៗនេះ
អ.ស.ប៖ អង្គការសហប្រជាជាតិ(អ.ស.ប)កាលពីថ្ងៃអង្គារទី ២៣ ខែឧសភា បានឱ្យដឹងថា ខ្លួនត្រូវការថវិកាចំនួន ៣៧៥ លានដុល្លារដើម្បីយកទៅទិញស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយសង្គ្រោះផ្សេងទៀត សម្រាប់មនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ដោយព្យុះស៊ីក្លូននៅមីយ៉ាន់ម៉ា និងបង់ក្លាដែស។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា និងខេត្តនានាក្នុងប្រទេសបង់ក្លាដែស ដែលមានជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ិស្លាមជាច្រើននាក់ស្នាក់អាស្រ័យ បានទទួលរងនូវការវាយប្រហាររបស់ព្យុះស៊ីក្លូន Mocha យ៉ាងខ្លាំងក្លាកាលពីពាក់កណ្ដាលខែកន្លងទៅ ដោយសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតយ៉ាងដំណំ។
អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនកំពុងអំពាវនាវសុំថវិកាចំនួន ១២២ លានដុល្លារអាមេរិក បន្ថែមពីលើមូលនិធិដែលមានស្រាប់ចំនួន ២១១ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៅមីយ៉ាន់ម៉ា និង៤២ លានដុល្លារសម្រាប់បង់ក្លាដែស។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Ramanathan Balakrishnan បានថ្លែងថា ៖ «ឥឡូវនេះ យើងកំពុងប្រកួតប្រជែងនឹងពេលវេលាដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់ប្រជាជននៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ទាំងអស់ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកើតចេញពីទឹក»។ លោកបន្ថែមថា ម្ចាស់ជំនួយត្រូវតែជួយឱ្យអស់ពីសមត្ថភាព ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។
គួរបញ្ជាក់ថា ការអំពាវនាវរបស់អ.ស.ប នាពេលនេះ ធ្វើឡើងនៅពេលដែលអង្គការមនុស្សធម៌នានាពិបាកចូលទៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយសារតែការខូចខាតដោយព្យុះ ហើយពួកគេរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
ជុំវិញបញ្ហានេះ របបយោធាមីយ៉ាន់ម៉ាមិនបានចេញប្រតិកម្មយ៉ាងណានោះទេ ប៉ុន្តែធ្លាប់បាននិយាយថា ព្យុះស៊ីក្លូន Mocha បានសម្លាប់មនុស្ស ១៤៥ នាក់ ហើយជំនួយកំពុងត្រូវបានបញ្ជូនទៅតំបន់ដែលរងផលប៉ះពាល់។
គួរបញ្ជាក់ថា មូលនិធិរបស់អ.ស.ប នឹងជួយដល់ប្រជាជនរងផលប៉ះពាល់ចំនួន ១,៦ លាននាក់ នៅទូទាំងតំបន់ចំនួន ៥ នៃប្រទេសមីយ៉ាន់ម៉ា ដូចជារដ្ឋឈីន តំបន់សាហ្គាំង តំបន់ម៉េកវ៉េ រដ្ឋខាឈីន និងរដ្ឋរ៉ាឃីន ដែលមានជនជាតិរ៉ូហ៊ីងយ៉ារស់នៅច្រើន។
នៅបង់ក្លាដែសវិញ អ្នកសម្របសម្រួលរបស់អ.ស.ប ប្រចាំទីក្រុងដាកា លោក Gwyn Lewis បានថ្លែងថា «ប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយដ៏ទំនើប» បានជួយសង្គ្រោះជីវិតមនុស្សជាច្រើន ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះ រងការខូចខាតយ៉ាងដំណំ៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Myanmar, Bangladesh need US$375 million in aid United Nations