អង្គការសហប្រជាជាតិអំពាវនាវស្នើសុំមូលនិធិ ៧ ប៊ីលានដុល្លារ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅអាហ្វ្រ៊ិក

អ.ស.ប៖ បណ្ដាទីភ្នាក់ងារជំនួយមនុស្សធម៌ជាច្រើនបាន និងកំពុងអំពាវនាវឱ្យមានការផ្តល់មូលនិធិទៅកាន់អង្គការសហប្រជាជា​តិ(អ.ស.ប)​ដែលកំពុងត្រូវការចំនួន ៧ ប៊ីលានដុល្លារអាមេរិក ដើម្បីយកទៅជួយសង្គ្រោះបណ្ដាប្រទេសភាគខាងកើតនៃទ្វី​បអាហ្វ្រ៊ិក រួមមានប្រទេសអេត្យូពី សូម៉ាលី អេរីត្រេ ជីប៊ូទី កេនយ៉ា ស៊ូដង់ ស៊ូដង់ខាងត្បូង និងអ៊ូហ្កង់ដា។

អំឡុងពេលសន្និសីទក្នុងសប្តាហ៍នេះ អង្គការសហប្រជាជាតិបានលើកឡើងពីវិបត្តិដែលកំពុងកើតឡើងនៅក្នុងបណ្ដាប្រទេសទាំងអស់នេះ ដែលតម្រូវឱ្យមានការអន្តរាគមន៍ជួយសង្គ្រោះជីវិតពួកគេជាបន្ទាន់។​

អង្គការសហប្រជាតិបានលើកឡើងថា តំបន់មួយចំនួននៃប្រទេសនៅទ្វីបអាហ្វ្រ៊ិកដែលបានរៀបរាប់ខាងលើនេះ កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំមកនេះ ដោយមានមនុស្សជាង ៤៣,៣ លាននាក់ ត្រូវការជំនួយជាបន្ទាន់ ជាពិសេសនៅក្នុងប្រទេសសូម៉ាលី អេត្យូពី និងកេនយ៉ា។​ មិនត្រឹមតែប៉ុណ្ណោះ ជាងពាក់កណ្តាលនៃ ៤៣,៣ លាននាក់ ក៏ជួបនឹងវិបត្តិខ្វះស្បៀងអាហារគ្រប់គ្រាន់ផងដែរ។​

គណៈកម្មាធិការសង្គ្រោះអន្តរជាតិ ឬហៅកាត់ថា IRC បានឱ្យដឹងថា រហូតមកដល់ពេលនេះ ការអំពាវនាវស្នើសុំជំនួយបរិច្ចាគ បានទទួលត្រឹមតែតិចជាងមួយភាគបួននៃតម្រូវការតែប៉ុណ្ណោះ។ នាយកប្រតិបត្តិរបស់ IRC លោក ដេវីដ មីលីបាន (David Miliband) បានមានប្រសាសន៍ថា ៖ «រដ្ឋាភិបាលនានាត្រូវតែពង្រីកកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រ​ឆាំងនឹងអសន្តិសុខស្បៀងជាបន្ទាន់ ជាពិសេសស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងស្ថាប័នដែលធ្វើការពាក់ព័ន្ធនឹងអាកាសធា​តុ»។​

គួរដឹងដែរថា នៅថ្ងៃពុធនេះ អង្គការសហប្រជាជាតិកំពុងរៀបចំជំនួបកិច្ចប្រជុំកម្រិតខ្ពស់​មួយនៅទីស្នាក់ការកណ្តាលរ​បស់ខ្លួនក្នុងទីក្រុងញូវយ៉ក​ ដែលជាកន្លែងដែលសហរដ្ឋអាមេរិក និងដៃគូនានា ត្រូវបានលើកទឹកចិត្តឱ្យផ្ដល់ការគាំទ្រផ្នែ​ក​ហិរញ្ញវត្ថុ ជួយដល់វិបត្តិដែលកំពុងកើតមាននៅទ្វីបអាហ្វ្រ៊ិក។

ក្រុមអង្គការមនុស្សធម៌ជាច្រើន បានគូសបញ្ជាក់ថា យើងគ្មានពេលវេលាទៀតទេ ដោយសារតែសហគមន៍ដែលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងវិបត្តិស្បៀងអាហារ បានកើតមានឡើងអស់ជាច្រើនខែមកហើយ។​

យ៉ាងណាក៏ដោយ នៅប្រទេសសូម៉ាលី គ្រោះទុរ្ភិក្សមិនទាន់ត្រូវបានប្រកាសអាសន្ននៅឡើយទេ បើទោះបីជាមនុស្សជាង ៦ លាននាក់កំពុងស្រេកឃ្លាន ហើយមន្ត្រីផ្នែកមនុស្សធម៌ និងអាកាសធាតុមួយចំនួនបានព្រមានថា ស្ថានភាពនៅពេលនេះគឺអាក្រក់ជាងគ្រោះទុរ្ភិក្សដែលធ្លាប់កើតមានឡើងកាលពីឆ្នាំ២០១១ ទៅទៀត ពោលគឺពលរដ្ឋសូម៉ាលីប្រមាណជា ២៥.០០០នាក់បានស្លាប់ដោយសារបញ្ហានេះ។​

ជាទូទៅ ការប្រកាសអាសន្នពីគ្រោះទុរ្ភិក្សជាផ្លូវការគឺកម្រនឹងកើតមានណាស់ ពីព្រោះទិន្នន័យមិនត្រូវបានទទួលបានគ្រ​ប់ជ្រុងជ្រោយ និងតាមស្តង់ដារ ដោយសារតែជម្លោះ កម្សោយហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធនយោបាយមិនរឹងមាំ។ លើសពីនេះ រដ្ឋាភិបាលរបស់ក្រុមប្រទេសរងគ្រោះខាងលើ ហាក់មានការប្រុងប្រយ័ត្នខ្លាំងក្នុងការប្រើប្រាស់ពាក្យគ្រោះទុរ្ភិក្សនេះណាស់ ដោយពួកគេយល់ថាវាជាពាក្យ​ដ៏អាក្រក់ និងធ្ងន់ធ្ងរខ្លាំង។​

លោក អាបឌុឡាហ៊ី នូអូសម៉ាន (Abdullahi Nur Osman) នាយកប្រតិបត្តិរបស់អង្គការមូលនិធិមួយ បានប្រាប់សារព័ត៌មាន AP ថា ៖ «ដើម្បីឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានយូរអង្វែង យើងត្រូវធ្វើឱ្យអង្គការក្នុងស្រុក និងប្រជាជនក្នុងតំ​ប​ន់រងគ្រោះ អាចប្រើប្រាស់សមត្ថភាពអ្វីដែលពួកគេមាន ដើម្បីយកទៅប្រឈមមុខនឹងបម្រែបម្រួលអាកាសធាតុដែលជារឿងដែលមិនអាចជៀសរួចនៅថ្ងៃអនាគត»។​

គួរបញ្ជាក់ផងដែរថា បញ្ហាជម្លោះស៊ីវិលជាបន្តបន្ទាប់នៅក្នុងប្រទេស បូករួម​ទាំង​ឥទ្ធិពល​បម្រែបម្រួល​អាកាសធាតុ បាន​ក្លាយជាកត្តារួម​ចំណែកដល់​វិបត្តិ​ឱ្យកាន់តែធ្ងន់ធ្ងរ។ បច្ចុប្បន្ន តំបន់ខ្លះនៃប្រទេសសូម៉ាលី និងអេត្យូពី កំពុងជួបប្រទះទឹ​ក​ជំនន់ផងដែរ ហើយមនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅទៅរកតំបន់មានសុវត្ថិភាព។

ជាក់ស្ដែង តំបន់ភាគខាងជើងនៃប្រទេសអេត្យូពី ធ្លាប់មានបទពិសោធធ្លាក់ចូលទៅក្នុងជម្លោះអស់រយៈពេលជាងពីរឆ្នាំ ដោយកងកម្លាំងក្នុងតំបន់បានប៉ះទង្គិចជាមួយកងកម្លាំងជាតិរបស់ប្រទេសមួយនេះ។ ជាលទ្ធផល មនុស្សរាប់សែននាក់​បានស្លាប់ ហើយស្ថានភាពនៅតែដុនដាប បើទោះបីជានៅពេលនេះ វាមានរយៈពេលប្រាំពីរខែមកហើយ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានបង្កើតឡើងក៏ដោយ៕​

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ ​Aid agencies back UN’s $7 billion appeal for Horn of Africa crisis

ads banner