ការប៉ះទង្គិចគ្នានៅស៊ូដង់នៅតែបន្តកើតមាន បើទោះបីជាមានបទឈប់បាញ់ក៏ដោយ

ស៊ូដង់៖ បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងលើបទឈប់បាញរយៈពេលមួយសប្ដាហ៍ រវាងភាគីជម្លោះនៅស៊ូដង់ គេនៅតែបន្តឃើ​ញមានការវាយប្រហារតាមអាកាស និងការប៉ះទង្គិចគ្នាបន្ថែមទៀតកើតមានឡើង។ គួររំឭកថា បទឈប់បាញ់រយៈពេ​ល ៧ ថ្ងៃ បានចាប់ផ្តើមជាផ្លូវការនៅម៉ោង ៩ និង៤៥នាទីយប់ ម៉ោងនៅក្នុងស្រុករបស់ស៊ូដង់។

យ៉ាងណាក៏ដោយ សាក្សីបានឱ្យដឹងថាមានការបាញ់ប្រហារគ្នានៅក្នុងរដ្ឋធានីខាទួម (Khartoum) និងតំបន់ផ្សេងទៀ​តនៅក្នុងប្រទេស។ ​

ជម្លោះនៅក្នុងប្រទេសស៊ូដង់បានចាប់ផ្តើមកើតមានឡើងកាលពីប្រាំសប្តាហ៍មុន បង្កឡើងដោយការតស៊ូដណ្ដើមអំ​ណាច​រវាងមេដឹកនាំនៃកងទ័ពស៊ីវិល និងកងកម្លាំងប្រដាប់អាវុធបក្ខពួកនិយមមួយក្រុម។

គួររំឭកថា ក្រោយជម្លោះកើតមា​នប៉ុន្មានសប្ដាហ៍ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានខិតខំសម្របសម្រួលឱ្យមានបទឈប់បាញ់ ប៉ុន្តែត្រូវបានបរា​ជ័យម្ដងរួចមកហើយ។ ​

ជាការកត់សម្គាល់ បទឈប់បាញ់ថ្មីៗនេះគឺជារឿងដ៏ប្រសើរមួយដែលអាចកើតមានឡើងទៅបានដោយសារមានកិច្ចពិ​ភាក្សាផ្លូវការរវាងភាគីជម្លោះ ដោយទទួលបានការជួយសម្របសម្រួលពីប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងថ្មីនេះនឹងត្រូវបានអនុវត្តដោយយន្តការត្រួតពិនិត្យបទឈប់បាញ់យ៉ាងយកចិត្តទុកដាក់ នេះបើយោងតា​មសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។ សេចក្ដីថ្លែងកា​រណ៍​ដដែលក៏បានទទួលស្គាល់អំពីបរាជ័យកាលពីមុនរួចម្ដងមកហើយក្នុងការបង្កើតឱ្យមានបទឈប់បាញ់នៅស៊ូដង់។​

យ៉ាងណាក៏ដោយ កងកម្លាំង​គាំទ្រ​រហ័ស​ ឬហៅកាត់ថា​ RSF បាន​ចេញ​សារ​រិះគន់ត្រឹម​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ ពោលគឺ​មុន​ពេល​កិច្ច​ព្រមព្រៀងបទឈប់បាញ់​នេះ​​មាន​ប្រសិទ្ធភាព។ កងកម្លាំងនេះត្រូវបានដឹកនាំដោយឧត្តមសេនីយ៍មួយរូប ឈ្មោះថា ម៉ូហាម ហាមដាន ដាហ្កាឡូ (Mohamed Hamdan Dagalo) ដែលត្រូវបានគេហៅឈ្មោះក្រៅថា លោក ហេមេទី (Hemedti)។ លោកបានលើកឡើងថា កងទ័ពរបស់លោកនឹងមិនដកថយនោះទេ លុះត្រាតែយើងអាចបញ្ចប់រដ្ឋប្រហារនេះបានសិន។​

លោក ម៉ូ ហ្វាដូល (Moe Faddoul) ដែលជាអ្នករស់នៅក្នុងទីក្រុងខាទួម បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន BBC ថា ៖ «ប៉ុន្មាននាទីបន្ទាប់ពីបទឈប់បាញ់ត្រូវបានបង្កើតឡើង ការវាយប្រហារតាមអាកាសនៅភាគខាងលិចទីក្រុ​ង​ក៏បានកើតមានដែរ ដែលវាគឺជាកន្លែងមូលដ្ឋានទ័ពអាកាសដ៏សំខាន់របស់យោធា»។

លោកបានបន្តថា ៖ «នៅពេលដែលខ្ញុំកំពុងស្ថិតនៅខាងក្នុងផ្ទះ កម្លាំផ្ទុះគ្រាប់មីស៊ីលបានធ្វើឱ្យញ័រ និង​រង្គើផ្ទះយ៉ាងខ្លាំង»។ លោកបានបន្ថែមថា ក្រៅពីនេះ ក៏មានការប៉ះទង្គិចគ្នានៅតំបន់ផ្សេងទៀតផងដែរ។

ពលរដ្ឋរូបនេះបានពិពណ៌នាទីក្រុងនេះថាជា ទីក្រុងខ្មោច ដោយបានគូសបញ្ជាក់ថា អ្នកស្រុកភាគច្រើនបានរត់គេចខ្លួន គ្មានរថយន្តបើកបរនៅលើផ្លូវនោះទេ ហើយមានតែមនុស្សពីរបីនាក់ប៉ុណ្ណោះដែលកំពុងដើរស្វែងរកសម្ភារៈប្រើប្រាស់ចាំបាច់។ ទន្ទឹមនឹងនេះ ពលរដ្ឋស៊ីវិលដទៃទៀតក៏បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេបានស្ដាប់ឮការបាញ់ប្រហារគ្នានៅទីក្រុងអូមឌូម៉ាន (Omdurman) និងទីក្រុងបារី (Bahri)។ យ៉ាងណាក៏ដោយ ពួកគេ​មិន​បាន​រាយការណ៍អំ​ពី​ការ​រំលោភ​បំពានណាមួយធ្ងន់ធ្ងរទៅលើ​បទ​ឈប់​បាញ់​នោះ​ទេ។​

គួរបញ្ជាក់បន្ថែមថា ជម្លោះរវាងភាគីទាំងពីរបានផ្ទុះឡើងនៅទីក្រុងខាទួមកាលពីថ្ងៃទី១៥ ខែមេសា កន្លងទៅ បន្ទាប់ពីភា​ពតានតឹងបានកើតមានឡើងជាច្រើនថ្ងៃ ពោលគឺនៅពេលដែលសមាជិកកងកម្លាំងប្រដាប់អាវុធ RSF ត្រូវបានដាក់ពង្រាយនៅជុំវិញប្រទេស ដែលជាសកម្មភាពមួយដែលកងទ័ពស៊ីវិលមើលឃើញថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។​

មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានេះ ហើយអង្គការសហប្រជាជាតិបានព្រមានថា ស្ថានភាពកាន់តែអាក្រក់អាចនឹងកើតមានឡើងបន្ថែមទៀត ខណៈដែលជនស៊ីវិលមួយចំនួនធំត្រូវពឹងផ្អែកទៅលើជំនួយមនុស្សធម៌ពីខាងក្រៅ។ លើសពីនេះ មនុស្ស​ជាង​មួយ​លាន​នាក់ហើយ​ដែលបាន​រត់ភៀស​ខ្លួន​ចេញ​ពី​ស្រុកកំណើត នេះបើគិតចាប់​តាំង​ពីថ្ងៃដែល​ជម្លោះ​បាន​កើត​ឡើង៕​

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ ​Sudan conflict: Air strikes and clashes as new ceasefire begins

ads banner