សម្តេចតេជោ ហ៊ុន សែន៖ នយោបាយឈ្នះឈ្នះ នាំមកការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី បានផ្តល់ឱកាសគ្រប់ផ្នែករាប់ទាំងវិស័យសិល្បៈ ក្នុងនោះក៏មានរបាំសួយដែរ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របាំសួយ នៅក្នុងចន្លោះរវាងខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង អាចនឹងដាច់ពូជ បើសិនជាមិនមានការអនុវត្តនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី ដោយបានផ្តល់ឱកាសគ្រប់ផ្នែក រាប់ទាំងវិស័យសិល្បៈផងដែរ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវដូច្នេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សា និងសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ខ្ញុំគួរតែបញ្ជាក់របាំសួយ ប្រសិនបើយើងធ្វើមិនទាន់ពេលក្នុងការធ្វើសមាហរណកម្មប្រទេស នៅឆ្នាំ១៩៩៨ របាំសួយអាចដាច់ពូជតែម្តង អត់មានយកមកលើឆាកនេះទេ។ អ៊ឹចឹងទេកាលដែលអនុវត្តនយោបាយឈ្នះឈ្នះ នាំមកការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីបានផ្តល់ឱកាសគ្រប់ផ្នែករាប់ទាំងវិស័យសិល្បៈដែលក្នុងនោះមានរបាំសួយ ដែលនៅក្នុងចន្លោះរវាងខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង របាំសួយអាចនឹងដាច់ពូជបើជាមិនមានការអនុវត្តនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី ។

សម្តេចបន្តថា ដោយសារតែកម្ពុជា បានបញ្ចប់សង្គ្រាមស៉ីវិលទទួលបានការឯកភាពទឹកដីពេញលេញនេះហើយបានជាអ្នកជំនាញផ្នែកវប្បធម៌ចូលទៅសិក្សាទាក់ទងនឹងរបាំសួយ រហូតថែរក្សារបាំសួយនេះឱ្យនៅគង់វង្ស ព្រមទាំងនាំមកសម្តែងនៅក្នុងកម្មវិធីនានាជាដើម។ សម្ដេចបានមានប្រសាសន៍ទៀតថា អ្វីៗក៏ត្រូវនៅក្រោមដំបូលសន្តិភាពដែរ។ ជាក់ស្តែងថ្មីនេះៗ កម្ពុជា បានរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ខណៈព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមនៅខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ និយាយឱ្យពិត អ្វីៗទាំងអស់ នៅក្រោមសន្តិភាពទាំងអស់ ។ សម្ដេច ថា សម្តេចបានយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសចេញពីភ្លើងសង្គ្រាម រហូតមានសន្ដិភាពដូចសព្វថ្ងៃនេះ និងបានអះអាងថា ក្នុងប្រទេសមួយដែលគ្មានសន្ដិភាព គឺរត់គេចតែពីគ្រាប់ផ្លោង ហើយមិនអាចធ្វើអ្វីបានទាំងអស់៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ