អាជ្ញាធរចែកចាយឧបករណ៍សង្គ្រោះបន្ទាន់ ខណៈភ្នំភ្លើងម៉ិកស៊ិកបញ្ចេញកម្អែ

ម៉ិកស៊ីកូ៖ អាជ្ញាធរប្រទេសម៉ិកស៊ិកបានចែកចាយឧបករណ៍សង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋ ខណៈភ្លើង អែលប៉ូប៉ូ (El Popo) បញ្ចេញកម្អែ។

អ្នកស្រុកនៅសហគមន៍ សាន់ត្យាហ្គោ ហ្សាលីត ស៊ីនថ្លា (Santiago Xalitzintla) បាននិយាយថា “បង្អួច និងទ្វារក្នុងផ្ទះកំពុងញ័រ ហើយសំឡេងរោទិ៍” ខណៈអាជ្ញាធរក្នុងតំបន់ផ្តល់ឧបករណ៍សង្គ្រោះបន្ទាន់ដើម្បីការពារមនុស្សពីផេះនៃភ្នំភ្លើង អែលប៉ូប៉ូ (El Popo) ឬ ភ្នំភ្លើង ប៉ូប៉ូខាតេប៉ែល (Popocatepetl) ដែលកំពុងហុយចេញកម្អែ។

ភ្នំភ្លើងដែលមានទីតាំងនៅកណ្តាលម៉ិកស៊ិកមួយនេះ ត្រូវបានចាត់ទុកថា ភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងពិភពលោក ដោយសារតែមនុស្សប្រហែល ២៥ លាននាក់រស់នៅ ក្នុងរង្វង់ ១០០ គីឡូម៉ែត្រ (៦០ ម៉ាយ) ។

អាជ្ញាធរម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ បានបង្កើនកម្រិតព្រមានសម្រាប់ភ្នំភ្លើង អែលប៉ូប៉ូ (El Popo) ឬ ភ្នំភ្លើង ប៉ូប៉ូខាតេប៉ែល (Popocatepetl) មួយជំហានទៀត ក្រោមការប្រកាសអាសន្នពណ៌ក្រហម ខណៈដែលផ្សែង ផេះ និងថ្មរលាយបានហុយឡើងលើមេឃ ដែលបង្កហានិភ័យដល់អាកាសចរណ៍ និងសហគមន៍ឆ្ងាយៗខាងក្រោម។

យោងតាមអ្នកសម្របសម្រួលផ្នែកការពារស៊ីវិលបានឲ្យដឹងថា ការកើនឡើងការជូនដំណឹង ក៏មានន័យថា ការកើនឡើងហានិភ័យនៃការបញ្ចេញសារធាតុ ម៉ាក់ម៉ា (magma) និង “ការផ្ទុះដ៏គួរឲ្យកត់សម្គាល់ នៃការកើនឡើងនៃអាំងតង់ស៊ីតេ ដែលបាញ់បំណែក (ថ្ម) នៅចម្ងាយសន្ធឹកសន្ធាប់” ។ ជំហានបន្ទាប់ ការជូនដំណឹងពណ៌ក្រហម បង្កឱ្យមានការជម្លៀសជាចាំបាច់ ខណៈដែលជម្រករាប់សិបកន្លែងត្រូវបានបើករួចហើយ នៅក្នុងតំបន់ជុំវិញរណ្ដៅ។

អែលប៉ូប៉ូ (El Popo) ឬ ភ្នំភ្លើង ប៉ូប៉ូខាតេប៉ែល (Popocatepetl) ដែលមិនមានការផ្ទុះដ៏ធំ ក្នុងរយៈពេលជាងមួយសហស្សវត្សរ៍ បានក្លាយជាសកម្មម្តងទៀត ក្នុងឆ្នាំ ១៩៩៤ ហើយបានឃើញសកម្មភាពកើនឡើង ចាប់តាំងពីពេលនោះមក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner