សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជាងចម្លាក់រូបបដិមាទាំងអស់ កុំធ្វើការកែប្រែទៅតាមចិត្តរបស់ខ្លួន ដែលនាំឱ្យបាត់បង់អត្តសញ្ញាណវប្បធម៌ខ្មែរ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជាងចម្លាក់រូបបដិមាទាំងអស់ កុំធ្វើការកែប្រែទៅតាមចិត្តរបស់ខ្លួន ដែលនាំឱ្យបាត់បង់អត្តសញ្ញាណវប្បធម៌របស់ខ្មែរ ដោយត្រូវរក្សាសណ្ឋានរូបភាពដើមឱ្យខានតែបាន ហើយទឹកដៃឆ្លាក់ឱ្យត្រឹមត្រូវទៅនឹងសម័យកាលនីមួយៗ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំពាវនាវដូច្នេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សា និងសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ។
សម្តេចតេជោ បានរំលឹកថា កន្លងមក សម្តេចធ្លាប់បានផ្តល់ថវិកាសម្រាប់ការសាងសង់ព្រះវិហារអស់រាប់លានដុល្លារ តែដល់ថ្ងៃសម្ពោធ ស្រាប់តែមើលរូបព្រះភ័ក្របដិមាព្រះពុទ្ធ បែរជាមានមុខក្រញ៉ូវទៅវិញ ។ សម្តេចថា នេះអាចមកពីជាងចម្លាក់ប្រើពុម្ពខុស បានជាចេញមកខុសទម្រង់ដើមបែបនេះ ពីព្រោះរូបសណ្ឋានដើមរបស់មដិមាព្រះពុទ្ធមានព្រះភ័ក្រញញឹមស្រស់ណាស់ ។
ក្នុងន័យនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ជាងចម្លាក់ទាំងអស់ ត្រូវរក្សាសណ្ឋានរូបភាពដើមឱ្យខានតែបាន ហើយទឹកដៃឆ្លាក់ឱ្យត្រឹមត្រូវទៅនឹងសម័យកាលនីមួយៗ ដោយកុំធ្វើការកែប្រែទៅតាមចិត្តរបស់ខ្លួន ដែលនាំឱ្យបាត់បង់អត្តសញ្ញាណវប្បធម៌របស់ខ្មែរ ពីព្រោះរឿងដែលភ័យខ្លាចបំផុតក្នុងការបាត់បង់វប្បធម៌ខ្មែរ គឺការទទួលយកវប្បធម៌បរទេសដោយការស្ម័គ្រចិត្ត ដែលនេះជារឿងត្រូវប្រុងប្រយ័ត្នជានិច្ច ។
ជាមួយគ្នានេះដែរ សម្តេចបានលើកឡើងទាក់ទងនឹងការថែរក្សាវប្បធម៌ថា វត្តអារ៉ាមក៏ជាទីកន្លែងរក្សាទុកអក្សរសាស្ត្រ វប្បធម៌ ជាពិសេស សម័យអាណានិគមបារាំង អត់មានលទ្ធភាព ដើម្បីកែនូវវប្បធម៌ខ្មែរទេ។ខ្មែរនៅតែបន្តរក្សាទុកនៅតាមវត្តអារ៉ាម ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



