មន្ទីរអភិវឌ្ឍន៍ជនបទ៖បំផុសអោយដាំ«ដើមត្នោត » បាន១មុឺន៨ពាន់ដើមរយៈពេល៣ឆ្នាំក្នុងស្រុកកោះញែក
មណ្ឌលគិរីៈដើម”ត្នោត”ជារុក្ខជាតិម្យ៉ាង ដែលមានដុះតែលើទឹកដីនៃព្រះរាជណាចក្រកម្ពុជា ហើយជាតិសាសន៍នេះ បានកំណត់ថាដើម”ត្នោត”គឺជាតំណាងនៃអត្តសញ្ញាណជាតិសាសន៍ខ្មែរថែមទៀតផង។
កន្លងមកដើម”ត្នោត” ត្រូវបានក្រុមឈ្មួញឆ្លៀតឱកាសមួយចំនួន កាប់រំលំអារជ្រៀក ធ្វើជាអាជីវកម្ម ហើយខ្លះទៀតបានគាស់ទាំងឬស លក់ទៅអោយប្រទេសជិតខាង ដោយពុំបានយល់ច្បាស់ពីតំលៃដើម”ត្នោត”និងអត្ថប្រយោជន៍របស់វាទាល់តែសោះ ។
សំរាប់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ដោយសំលឹងឃើញពីអត្ថប្រយោជន៍របស់”ត្នោត” មន្ទីរក្នុងរយៈពេកបីឆ្នាំជាប់ៗគ្នានេះ បានជម្រុញនិងបំផុសឱ្យមានសកម្មភាពដាំដើមត្នោតក្នុងឃុំមួយចំនួនក្នុងស្រុកកោះញែករហូតដល់ទៅជិត២មុឺនដើមឯណោះ។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោកយន់ សារ៉ោម បានអោយដឹងថាៈដោយសំលឹងឃើញពីស្ថានភាពដី ក្នុងស្រុកកោះញែក មានភាពអំណោយផល ដល់ការដាំដើម”ត្នោត” លោកបានទិញគ្រាប់ត្នោត ក្នុង១ឆ្នាំ៦ពាន់គ្រាប់ ពីខេត្តដទៃ ដើម្បីយកទៅដាំដុះ។លោកថា ប្រជាពលរដ្ឋក្នុងឃុំចំនួន៤នៃស្រុកកោះញែក បានចូលរួមដាំ យ៉ាងសប្បាយចិត្តជាមួយក្រុមកាងារមន្ទីរថែមទៀតផង។
ប្រធានមន្ទីរដដែលថា ”ត្នោត”ជារុក្ខជាតិមួយដែលមានផលប្រយោជន៍ច្រើនយ៉ាង។ ក្នុងនោះដើម ធ្វើសម្ភារៈជំនួសឈើ ស្លឹកអាចធ្វើជាដំបូលឬវត្ថុអនុស្សាវរីយ៍ផ្សេងឯ ផ្លែជាបង្អែមឬចំណីអាហារ ទឹកអាចយកទៅពិសារយ៉ាងមានឱជារសឈ្ងុយឆ្ងាញ់ ឬយកទៅធ្វើស្ករ។ល។លោកបញ្ជាក់ថារយៈពេលគិតចាប់ពីពេលដាំ ដល់១៥ឆ្នាំក្រោយ យើងអាចយកផលប្រយោជន៍ពីរុក្ខជាតិ”ត្នោត”វិញហើយ ចឹងខំប្រឹងដាំទៅដើម្បីទុកអោយក្មេងជំនាន់ក្រោយបានស្គាល់ផង។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលទទួលបានគ្រាប់ត្នោតយកទៅដាំ បានសម្តែងភាពរីករាយនិងទទួលយកគ្រាប់ត្នោតទៅដាំ ខ្លះមុខផ្ទះទុកជាម្លប់ ខ្លះតាមភ្លឺស្រែ កុំអោយបាក់ដី ហើយពួកគាត់បញ្ជាក់ថា”ត្នោត ជាអត្តសញ្ញាណនៃជាតិសាសន៍ខ្មែរ”៕