ឯកឧត្តម តឹក រេតសំរេច៖ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារចុះជួយមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយអស់ពីលទ្ធភាព និងទាន់ពេលវេលា
នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ មានរៀបចំពិធី ប្រកាស និងប្រគល់ភារកិច្ចជូនក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានសង្កាត់ទាំង៤នៃ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ មូលដ្ឋានក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជន កម្ពុជាក្រុងព្រះសីហនុ យ៉ាងច្រើនកុះករ។
នាឱកាសដ៏រីករាយស្និទ្ធស្នាលនេះ ឯកឧត្តម តឹករ៉េត សំរេច មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាអគ្គមគ្គុទេសដ៏ឈ្លៀសវៃ និងជាញជ័យប្រទេសកម្ពុជាសម្រេចបានសុខសន្តិភាព និងស្ថិរភាព នយោបាយពេញលេញ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា និងដែលបង្កេីត បានជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំ និងលក្ខខណ្ឌចំបងបំផុត សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ ។ ដូច្នេះហេីយបានជាកម្ពុជា និយាយជារួម និងខេត្តព្រះសីហនុ និយាយដោយឡែក ទទួលបានវិនិយោគទុនបរទេសជាច្រេីន ជាពិសេសពីសំណាក់វិនិយោគិនចិន ដែលសម្លឹងឃេីញសក្តានុពលដ៏ធំធេងនៃខេត្តព្រះសីហនុ ដែលជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាត ជាមួយនឹងកំពង់ផែសមុទ្រ និងព្រលានយន្តហោះអន្តរជាតិ ។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានមានប្រសាសន៍បន្ថែមថា ការហូរចូល មកយ៉ាងគំហុកនូវវិនិយោគបរទេសនេះ ក៏បាន នាំមកនូវបញ្ហាប្រឈមថ្មីៗជាបណ្តោះអាសន្នមួយចំនួនផងដែរ ដែលទាមទារអោយយេីងទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សនៃក្រុង និងខេត្តព្រះសីហនុ រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយដោះស្រាយ អោយបានទាន់ពេលវេលា ដេីម្បីអោយការវិនិយោគនេះផ្តល់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ធានាបាននូវល្បឿននៃការអភិវឌ្ឍ និងប្រែក្លាយក្រុង និងខេត្តព្រះសីហនុអោយទៅជាប៉ូលសេដ្ឋកិច្ចដ៏ធំមួយទៀតរបស់កម្ពុជា និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ នាេពេលអនាគតខាងមុខនេះ។
ជាចុងក្រោយ ឯកឧត្តមប្រធានមានប្រសាសន៍ថា ឯកឧត្តម និងក្រុមការងារត្រៀមលក្ខណ:ជានិច្ច ចូលរួមសហការ និងរួមសុខរួមទុក្ខជាមួយអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៃក្រុង និងខេត្តព្រះសីហនុ ដេីម្បីបម្រេី ដោះស្រាយបញ្ហា និងឆ្លេីយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្រុង និងខេត្តព្រះសីហនុ។ ឯកឧត្តមបានលេីកទឹកចិត្តអោយថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារចុះជួយមូលដ្ឋានទាំងអស់ យកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយអស់ពីលទ្ធភាព និងសមត្ថភាព និងទាន់ពេលវេលា ព្រោះមានតែអ្នកដឹកនាំនៅមូលដ្ឋានប៉ុណ្ណោះដែលដឹងច្បាស់ និងអាចដោះស្រាយបានភ្លាមៗទាន់ពេលវេលា នូវទុក្ខកង្វល់ និងតម្រូវការ របស់ប្រជាពលរដ្ឋ ព្រោះពួកគាត់នៅជាប់ជាមួយនឹងប្រជាពលរដ្ឋគ្រប់ពេលវេលា។