តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានាំយក អំណោយមនុស្សធម៌ជូនក្រុមគ្រួសារសពក្មេងស្រីដែលបានស្លាប់ដោយទឹកជំនន់នៅស្រុកលំផាត់
រតនគិរី៖ ឯរកឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាអមដំណើរដោយឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរី រួមនិងសហការី នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាជូនក្រុមគ្រួសារសពក្មេងស្រីអាយុ១៥ម្នាក់ដែលស្លាប់បាត់បង់ជីវិតក្នុងករណីលិចទូកកាលពីថ្ងៃទី៩ ខែសីហាឆ្នាំ២០១៩ នៅស្រុកលំផាត់ខណៈដែលក្រុមគ្រួសាររបស់នាងជម្លៀសសម្ភារៈតាមទូកចេញមករកទីតាំងសុវត្ថិភាព គ្រាដែលទឹកជំនន់ទន្លេស្រែពកលិចលង់ភូមិដ្ឋានរបស់ខ្លួន។
នៅក្នុងព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម អ៊ុយ សំអាត បានដឹកនាំកម្លាំង យុវជនស្ម័គ្រចិត្តកាកបាទក្រហមខេត្ត និងអ្នកអមដំណើរទាំងអស់ចូលរួមសាងសង់ជម្រកស្នាក់នៅបណ្តោះអាសន្ន របស់ប្រជាពលរដ្ឋនៅទីទួលសុវត្តិភាពផងដែរ ។
ឯកឧត្តម ផ្ដាំផ្ញើរដល់អាជ្ញាធរស្រុកលំផាត់សូមបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតពីព្រោះថានៅផ្នែកខាងលើប្រទេសវៀតណាម មានភ្លៀងធ្លាក់ជោកជាំហើយខាងប្រទេសវៀតណាមនៅក្នុងថ្ងៃនេះនឹងបើកទ្វារទឹកវារីអគ្គីសនីបង្ហូរមកផ្នែកខាងក្រោមទៀតដូច្នេះសូមអាជ្ញាធរស្រុកក៏ដូចជាស្ថាប័នពាក់ព័ន្ធមានការប្រុងប្រយ័ត្នពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងធ្វើយ៉ាងណាត្រូវប្រើប្រាស់នូវកម្លាំងសរុបមធ្យោបាយសរុបក្នុងការជម្លៀសបងប្អូនប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។
ដោយឡែកចៅៗជាកុមារា កុមារីសូមកុំទៅលេងទឹកនៅពេលមានទឹកជំនន់នេះ ជាពិសេសមាតា បិតាអាណាព្យាបាលត្រូវមើលថែកូនចៅឱ្យបានគត់មត់កុំឲ្យទៅលេងតែម្នាក់ឯងពីព្រោះវាអាចគ្រោះថ្នាក់ ជាយថាហេតុក្នុងអំឡុងពេលទឹកជំនន់នេះ៕ធ.ដ
ដោយគត យុត្ត