នគរបាលខណ្ឌសែនសុខបញ្ជូន បុរសដែលបាញ់ប្រពន្ធខ្លួនឯងឲ្យរងរបួសធ្ងន់ ទៅឲ្យតុលាការចាត់ការ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែសីហាឆ្នាំ២០១៩ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានគរបាលខណ្ឌសែនសុខ បានបញ្ជញនខ្លួនបុរសដែលប៉ុនប៉ងបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន តែមិនស្លាប់បណ្ដាលឲ្យរងរបួសធ្ងន់ ទៅឲ្យតុលាការចាត់ការបន្ដតាមនីតិវិធី ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះ ឆោម ចំណាន អាយុ៣៩ឆ្នាំ មុខរបរជា«យោធានៅភូមិភាគ៥ ឋានៈពលបាលឯក »ប្រើប្រាស់កាំភ្លើងមឫកK59 រីឯនារីរងគ្រោះជាប្រពន្ធមានឈ្មោះ ជា គីមឡាង អាយុ២៩ឆ្នាំ រងរបួសធ្ងន់ត្រង់ចង្កេះ២គ្រាប់ ពោះ១គ្រាប់ ដៃស្តាំ ១គ្រាប់លើដើមទ្រូងឆ្វេង១គ្រាប់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
គួររំលឹកថា ប្ដីបានដកកាំភ្លើងបាញ់មក លើប្រពន្ធខ្លួួនឯងជាច្រើនគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ចំណុចហាងទីរ៉ានី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្ដី បានបើករថយន្តហាយឡេនឌ័រ មកចូលផឹកស៊ីក្នុងហាង ស្រាប់តែលេចមុខប្រពន្ធរបស់គាត់ជិះម៉ូតូកូនទាមកដែរ មួយសន្ទុះមិនដឹងជាមានរឿងអី ស្រាប់តែប្ដីបាញ់ប្រពន្ធចំនួន៧គ្រាប់ ត្រូវចំ៥គ្រាប់ រួចក៏រត់ឡើងបើករថយន្តចេញទៅយ៉ាងលឿន តែត្រូវសមត្ថកិច្ចដេញតាមព័ទ្ធចាប់បានមកវិញ ។
ក្រោយបង្កហេតុជនដៃដល់ត្រូវសមត្ដកិច្ចនាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរតែម្ដង ។ សូមជម្រាបថា នៅរសៀលនេះសំណុំរឿងខាងលើនេះបានបញ្ជូនទៅដល់តំណាងអយ្យការហើយ ប៉ុន្ដែដោយសារពេលវេលាមិនអំណោយទាន ទើបនគរបាលខណ្ឌសែនសុខ បញ្ជូនមកកាន់អធិការខណ្ឌវិញ ហើយនៅព្រឹកស្អែកនឹងបញ្ជូនទៅម្ដងទៀត ៕ធ.ដ