ចោរថ្លើមធំចូលលួចទូដែករបស់គ្រួសារឧត្តមសេនីយ៍ទោឃិន ម៉េងស្រេង យកប្រាក់អស់ ជាង៤ម៉ឺនដុល្លានិងមាស១១តម្លឹង

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគីរី៖ សេចក្តីរាយការបឋមដែលទទួលបាននារសៀលថ្ងៃទី១០សីហានេះ បានបញ្ជាក់ថា ទ្រព្យសម្បត្តិក្នុងទូដែកប្រមាណជាង៤ម៉ឺនដុល្លារ ព្រមទាំងមាសជាង១០តម្លឹង របស់ភរិយាលោកឧត្តមសេនីយ៍ទោ ឃិន ម៉េងស្រេង អតីតមេបញ្ជាការយោធាខេត្តមណ្ឌលគីរី ត្រូវចោរថ្លើមធំលួចទៅបាត់។ ហេតុការដ៏ភ្ញាក់ផ្អើលនេះ បានកើតមានឡើងនាវេលាអាធ្រាត្រថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅភូមិគ្រឹះលោកឧត្តមសេនីយ៍ទោ ក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី គ្រាដែលម្ចាស់ភូមិគ្រឹះមិននៅ។

សេចក្តីរាយការពីអ្នកស្និទ្ធនឹងគ្រួសារនេះបានបញ្ជាក់ថា នៅយប់កើតហេតុ គ្រួសាររបស់លោកឧត្តមសេនីយ៍ទោ ពុំនៅនោះទេ ដោយទុកឲ្យមនុស្សម្នាក់នៅចាំ។ លុះដល់វេលាម៉ោងខាងលើ ក៏មានការផ្អើលឆោរឡោឡើង ពេលម្ចាស់លំនៅស្ថានបានបាត់ទូដែក ព្រមទាំងទ្រព្យសម្បត្តិនៅខាងក្នុងនោះថែមទៀត។

ទ្រព្យសម្បត្តិដែលបាត់បង់រួមទាំងទូដែកមាន៖
១)មាស១១តម្លឹង
២)ប្រាក់ដុល្លា១ម៉ឺន៥ពាន់
៣)ប្រាក់រៀល១០លាន
៤)ខ្សែកពេជ្យ ចិញ្ជៀនពេជ្យ តម្លៃ១ម៉ឺន៥ពាន់៥រយដុល្លារ
៥)ខ្សែក និងខ្សែដៃប្លាទីន តំលៃ១ម៉ឺន២ពាន់ដុល្លារ។

ប្រភពថា ក្រុមចោរមុនធ្វើសកម្មភាព បានបិទបារ៉ែតភ្លើង ដើម្បីផ្តាច់កាមេរ៉ាសុវត្ថិភាព និងបានលើកទាំងទូដែកទៅតែម្តង។ ទោះជាយ៉ាងណាអ្នកសារព័ត៌មានពុំអាចស្វែងរកការបញ្ជាក់បន្ថែមពីគ្រួសាររងគ្រោះបាននោះទេនារសៀលថ្ងៃ១០សីហានេះ។ ដោយឡែកលោក ផេង សាវន់ នាយប៉ុស្តិ៍នគរបាលមូលដ្ឋាននេះថា កំពុងធ្វើការស្រាវជ្រាវលើករណីចោរកម្មនេះ៕ធ.ដ

ដោយៈ សាត ចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner