សត្វកេងកងដ៏ធំមួយក្បាលហើរមកទំលើខ្សែភ្លើង បណ្ដាលឲ្យឆក់ងាប់
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានសត្វបក្សីដ៏ធំមួយក្បាលមានឈ្មោះថា សត្វកេងកង ហើរទំនឹងខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តឆក់ធ្លាក់មកក្រោមងាប់ភ្លាមៗ កាលពីម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងគេឃើញសត្វកេងកងនេះ បានហើរមកក្នុងភូមិ តែមិនដឹងថាមកពីតំបន់ណានោះទេ ស្រាប់តែហើរទំនឹងខ្សែភ្លើងបណ្ដាលឲ្យឆ្លងចរន្តឆក់ធ្លាក់ចុះក្រោម រួចមួយសន្ទុះក្រោយក៏ងាប់តែម្ដង ទើបប្រជាពលរដ្ឋរាយការណ៍សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ ព្រោះគិតថានេះជាសត្វដ៏កម្របានឃើញ និងចង់ឲ្យមានការសង្គ្រោះ។
ទោះជាយ៉ាងណា សត្វបក្សីដ៏ធំនេះបានងាប់បាត់ទៅហើយ ទើបសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានយកសពសត្វបក្សីខាងលើនេះទៅរក្សាទុក ដើម្បីធ្វើការទាក់ទង និងប្រគល់ឲ្យខាងអភិរក្សសត្វមកទទួលយកចាត់ចែងបន្ត៕ធ.ដ