អាជ្ញារធរក្រុងបាត់ដំបង និងមន្ទីរធនធានទឹកខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាម ប្របមាត់ស្ទឹងសង្កែ ឲ្យមានការប្រុងប្រយ័ត្ន ពីជំនន់ទឹកស្ទឹងសង្កែជន់ហក់ឡើង
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរក្រុងបាត់ដំបង បានជូនដំណឹងពី ស្ថានភាពនៃជំនន់ទឹកស្ទឹងសង្កែខេត្តបាត់ដំបងនឹងមានការជន់ឡើង ដូចនេះបងប្អូនដែលកំពុងរស់នៅ និងប្រកបមុខរបរនៅតាមប្របមាត់ស្ទឹងសង្កែ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីជំនន់ទឹកស្ទឹងជន់ហក់ឡើងខុសប្រក្រតី។
ក្នុងខណៈពេលដែលមន្ត្រីធនធានទឹកខេត្តបានអះអាងថា អ្នកបច្ចេកទេស បានបើកទ្វារទឹកដើម្បីបន្ធូរលំហូរទឹកឲ្យធ្លាក់ចុះតា មដងស្ទឹងសង្កែនៅព្រឹកថ្ងៃទី១០សីហានេះ ហើយ
ដែលអាចបង្កឲ្យទឹកស្ទឹងសង្កែ មានជំនន់ទឹកស្ទឹងជន់ហក់ឡើងខុសពីសភាពធម្មតាចាប់ពីពេលជូនដំណឹងនេះតទៅ និងជាប្រការសំខាន់ដែលត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះបងប្អូនដែលរស់នៅតាមតំបន់ពាក់ព័ន្ធខាងលើនេះ។
ប្រភពដោយឡែកមួយទៀត ក៏បានឲ្យដឹងផងដែរថា ដោយមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ខេត្តបាត់ដំបង ជាប់នឹងព្រំដែន នៃប្រទេសថៃ បានបណ្តាលឲ្យជំនន់ទឹកភ្លៀង នៅចំណុចសំណង់ទំនប់អាងពហុបំណងសេកសក ក្នុងស្រុករតនមណ្ឌល មានការហក់ជន់ឡើងយ៉ាងខ្លាំង ទើបមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបើកទ្វារទឹកដើម្បីបន្ធូរស្ថានភាពទឹក ធ្លាក់ចុះមកខាងក្រោម តាមដងស្ទឹងសង្កែ។ សូមបញ្ជាក់ថា នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១០សីហានេះ កម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចគល់ស្ពានថ្ម សម្តេចតេជោ ហ៊ុនសែន (នៅមុខរតនាគារខេត្ត) ទឹកស្ទឹងមានកម្ពស់ ១០,៧០ម៉ែត្រ។ បើតាមការព្យាករណ៍របស់មន្ទីរជំនាញ ដូចនេះនៅវេលារសៀលថ្ងៃទី១០សីហានេះ ទឹកនៅស្ទឹងសង្កែទីរួមខេត្តបាត់ដំបង អាចនឹងមានកម្ពស់ទឹកហក់ឡើងខ្ពស់ ខុសពីសភាពធម្មតា។ អាស្រ័យហេតុ នេះសូមបងប្អូនរស់នៅតាមប្របមាត់ស្ទឹងសង្កែចាប់ពីប៉ែកខាងលើរហូតដល់ផ្នែកខាងក្រោមស្ទឹងសង្កែ សូមមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះបច្ច័យហេតុគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងបាន ជាពិសេសកូនក្មេង កូនចៅតូចៗរបសបងប្អូន ដែលរស់នៅជិតតំបន់នោះ៕ធ.ដ
ដោយៈ អ៊ុក សំអាន