ចលនាប្រឡងប្រណាំង វាយតម្លៃ និងទទួលស្គាល់អង្គភាពក្រោមចំណុះក្រសួងបរិស្ថាន ធ្វើឡើងដើម្បីស្វែងរកអង្គភាពឆ្នើមក្នុងការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន
«ចលនាប្រឡងប្រណាំង វាយតម្លៃ និងទទួលស្គាល់អង្គភាពក្រោមចំណុះក្រសួងបរិស្ថានធ្វើឡើងដើម្បីស្វែងរកអង្គភាពឆ្នើមក្នុងការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន។ ការប្រឡងប្រណាំងជាឧបករណ៍ចាំបាច់មួយក្នុងការបង្កើនប្រសិទ្ធភាពការងារដើម្បីឆ្លើយតបនឹងកំណើនព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋ ឆ្លើយតបនឹងគណនេយភាពរបស់រដ្ឋបាលសាធារណៈ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៩ នៅក្នុងឱកាសនៃពិធីប្រកាសដាក់ឱ្យអនុវត្តន៍ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថានឆ្នាំ ២០១៩។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពរបស់ អង្គភាពក្រោមឱវាទក្រសួងបរិស្ថានក្នុងការងារសេវា និងការផ្តល់សេវាសាធារណៈក្នុងវិស័យបរិស្ថាន ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ និងរដ្ឋបាលទំនើបរបស់ក្រសួង បរិស្ថានសំដៅអនុវត្តន៍គោលនយោបាយ «កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព»ឱ្យកាន់តែប្រសើរឡើង។
នៅក្នុងការប្រឡងប្រណាំងនៅឆ្នាំ២០១៩នេះ អង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលនឹងត្រូវប្រឡងប្រណាំងរួមមាននាយកដ្ឋានទាំងអស់ក្នុងទីស្តីការក្រសួង មន្ទីរបរិស្ថានរាជធានីខេត្ត តំបន់ការពារធម្មជាតិ និងសហគមន៍។ អង្គភាពដែលនឹងជាប់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូនឹងត្រូវទទួលបាននូវ ប័ណ្ណសរសើរភ្ជាប់ជាមួយថវិកាជារង្វាន់លើកទឹកចិត្តផងដែរ ដោយក្នុងនោះ ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ ៤០លានរៀល លេខ២ ទទួលបានទឹកប្រាក់ ៣០លានរៀល និងជ័យលាភីលេខ៣ នឹង ទទួលបានថវិកាជារង្វាន់លើកទឹកចិត្តចំនួន ២០ លានរៀល។
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថាការបង្កើតឱ្យមានការប្រឡងប្រណាំងអង្គភាពចំណុះក្រសួងបរិស្ថាននេះ គឺដើម្បីបំផុសចេញនូវភាពជាអ្នកដឹកនាំ ជាគំរូ ថែមទាំងបង្ហាញភាព អព្យាក្រឹត្យ ក្នុងនាមជាមេដឹកនាំ និងលើកទឹកចិត្តដល់អ្នកដទៃ និងធ្វើយ៉ាងណាឱ្យស័ក្តិសមជាមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរដែលពោរពេញដោយគុណតម្លៃ ហត់ពត់លត់ដំ កសាងខ្លួន។
ឯកឧត្តមបានគូសបញ្ជាក់ថា អ្វីដែលយើងចង់បានគឺចង់ឱ្យសមត្ថភាពមន្ត្រីរបស់យើងមានការវិវឌ្ឍទៅមុខជាមួយនឹងការបង្កើនចំណេះដឹងផ្សេងៗ ព្រមទាំងមានភាពមោះមុតចំពោះជាតិ ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ ប្រកបដោយសមត្ថភាព និងស្មារតីម្ចាស់ការ និងសហការ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់គ្រប់អង្គភាពទាំងអស់នៅក្នុងចំណុះក្រសួង ត្រូវចូលរួមប្រឡងប្រណាំងទាំងអស់គ្នា៕ធ.ដ