សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នឹងតម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាល ធ្វើរបាយការណ៍ប្រភពទទួលបានហិរញ្ញវត្ថុជូនរាជរដ្ឋាភិបាល
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល នឹងតម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាល ធ្វើរបាយការណ៍ប្រភពទទួលបានហិរញ្ញវត្ថុ ជូនរាជរដ្ឋាភិបាល។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបន្តថា របាយការណ៍ហិរញ្ញវត្ថុ ត្រូវតែធ្វើចំពោះអង្គការក្រៅរដ្ឋាភិបាល។ តើអង្គការណាខ្លះ ទទួលបានលុយពីណាខ្លះ អង្គការត្រូវធ្វើរបាយការណ៍ប្រភពថវិការជូនរាជរដ្ឋាភិបាល»។

សម្តេចបន្តទៀតថា ត្រូវធ្វើរបាយការណ៍ បើមិនធ្វើរបាយការណ៍ទេ ដល់កំណត់ណាមួយ ត្រូវរំលាយចោលអង្គការនោះតែម្ដង នេះជាការកំណត់មួយ នៃសេចក្ដីព្រាងវិសោធនកម្មច្បាប់ទាក់ទងនឹងអង្គការក្រៅរដ្ឋាភិបាល។
ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសារជូនមិត្តភក្តិទាំងឡាយ ទាំងអង្គការក្រៅរដ្ឋាភិបាលឲ្យដឹងថា ជំហររបស់រដ្ឋាភិបាលកម្ពុជាមិនដកថយទេលើបញ្ហារបាយការណ៍ហិរញ្ញវត្ថុ។ នយោបាយភូមិសាស្រ្តបច្ចុប្បន្ន ត្រូវតែប្រយ័ត្ន បើមិនដូច្នោះទេ អ្នកឯងយកលុយពីប្រភពណាមក តើអ្នកឯងយកមកបង្កើតភេរវកម្ម ឬយ៉ាងណា?

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ៕ អត្ថបទ ៖ វណ្ណលុក រូបភាព ៖ វេង លឹមហួត ,សួង ពិសិដ្ឋ