អ៊ុយក្រែន៖ សមាជិកភាពខ្លួននៅណាតូ “មិនអាចទៅរួចទេ” ទាល់តែសង្គ្រាមរុស្ស៊ីបញ្ចប់
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានគូសបញ្ជាក់ថា សមាជិកភាពអ៊ុយក្រែនក្នុងសម្ព័ន្ធយោធា NATO «មិនអាចទៅរួចទេ» លុះត្រាតែសង្គ្រាមបានបញ្ចប់។
នៅក្នុងសន្និសីទរួមមួយនៅរដ្ឋធានីគៀវ នៃប្រទេសអ៊ុយក្រែន ជាមួយប្រធានាធិបតីអេស្តូនី កាលពីថ្ងៃសុក្រសប្តាហ៍ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឱ្យដឹងថា លោកដឹងច្បាស់ថា «វាមិនអាចទៅរួចទេ» សម្រាប់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការ NATO ខណៈដែលប្រទេសរបស់លោក កំពុងមានសង្គ្រាមជាមួយរុស្ស៉ីដូច្នេះនោះ។

លោក Zelensky បានជំរុញឱ្យប្រទេសអ៊ុយក្រែន ចូលជាសមាជិកក្នុងសម្ព័ន្ធភាពយោធា NATO ប៉ុន្តែសមាជិកក្រុមនេះមានភាពស្ទាក់ស្ទើថា តើគួរឱ្យវាកើតឡើងលឿនប៉ុណ្ណា។ រីឯ បណ្តារដ្ឋាភិបាលប្រទេស នៅលោកខាងលិចព្រួយបារម្ភអំពីវិធានការណាមួយ ដែលអាចនាំសម្ព័ន្ធ NATO កាន់តែខិតទៅជិតសង្រ្គាមជាមួយរុស្ស៊ីដោយផ្ទាល់។ លោក Zelensky បាននិយាយថា ការចូលរួមក្នុងសម្ព័ន្ធយោធានៅតែជាការធានាសន្តិសុខដ៏ល្អ បំផុតសម្រាប់ទីក្រុងកៀវ។
ទោះជាយ៉ាងណា លោកបានបន្ថែមថា «ប៉ុន្តែយើងជាមនុស្សមានភាពគ្រប់គ្រាន់ ហើយយើងដឹងថា យើងនឹងមិនអូសប្រទេសណាតូឱ្យចូលទៅក្នុងសង្រ្គាមឡើយ…ដូច្នេះហើយទើបយើងយល់ថា យើងនឹងមិនក្លាយជាសមាជិកណាតូ ខណៈសង្គ្រាមនេះកំពុងបន្តទេ។ មិនមែនដោយសារយើងមិនចង់ទេ ប៉ុន្តែព្រោះវាមិនអាចទៅរួចទេ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត