ទីក្រុងញូវយ៉ក កំពុងប្រឈមការបំពុលបរិយាកាសអាក្រក់បំផុតក្នុងពិភពលោក ដែលបង្ក​មក​​ពីភ្លើងឆេះព្រៃនៅកាណាដា

អាមេរិក៖រូបសំណាកសេរីភាពនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក កំពុងត្រូវបានគ្របដណ្តប់ដោយអ័ព្ទ និងផ្សែងដែលបណ្តាល​មកពីភ្លើងឆេះ​ព្រៃនៅប្រទេសកាណាដា។ អ័ព្ទពណ៌ទឹកក្រូច និងផ្សែងខ្មួរខ្មាញ់​ពីប្រទេស​កាណាដាបានបក់មកផ្នែកខ្លះនៃ​ភាគខាងកើតសហរដ្ឋអាមេរិក។ កាលពីថ្ងៃពុធ ក្រុមមន្ត្រី​បានព្រ​មាន​ដល់ប្រជាជន​នៅក្នុងប្រទេស​ទាំងពីរ អំពីផលប៉ះពាល់នៃ​ខ្យល់​អាកាសមិនល្អ ឬខ្យល់​គ្រោះថ្នាក់។

ប្រជាជនជាង ៥៥​ លាននាក់នៅ​ភាគខាងកើតនៃសហរដ្ឋអាមេរិក​ស្ថិតនៅក្រោមការ​ក្រើនរំឮក​អំពីគុណភាព​ខ្យល់​ដោយ​សារតែផ្សែង។ ផ្សែងដ៏ខ្មួរខ្មាញ់​បំផុតនេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹងបន្ត​ជះ​ឥទ្ធិពលដល់​ភាគ​ឦសាន​សហរដ្ឋអាមេរិក ដោយឆ្លងកាត់​អាត្លង់ទិក​​កណ្តាល និងចុះទៅ​ដល់​រដ្ឋ Carolina។ ហើយ​លក្ខខណ្ឌ​ផ្សែង​នៅ​ក្នុង​តំបន់​ទាំង​នោះ ​នឹងបន្ត​យ៉ាងហោច​ណាស់​ត្រឹមថ្ងៃ​ព្រហស្បតិ៍។

ញូវយ៉កបានក្លាយជាទីក្រុងមានខ្យល់បំពុលបំផុតនៅលើពិភពលោករួចទៅហើយកាលពីយប់ថ្ងៃអង្គារ នេះបើយោង​តាមក្រុមហ៊ុន IQAir ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាតាមដានគុណភាពខ្យល់ និងការបំពុលជុំវិញពិភពលោក។ កម្រិតនៃការបំពុលនៅក្នុងទីក្រុង​ត្រូវបានគេចាត់ទុកថាស្ថិតក្នុងកម្រិត «ប៉ះពាល់សុខភាព»។

ចំណែកឯរាជធានី Ottawa របស់​ប្រទេសកាណាដា ​កំពុង​រង​ការ​ប៉ះពាល់ជាទម្ងន់​ដោយ​គុណភាព​ខ្យល់​ដ៏​អាក្រក់​បំផុត​ ​នេះ​ដូចគ្នាបើ​យោង​តាម​គេហទំព័រ AirNow.gov។ ប្រទេសកាណាដា ទំនងមានប្រវត្តិ​ភ្លើងឆេះព្រៃដ៏អាក្រក់​បំផុតមិនធ្លាប់មាន ប្រសិនបើអត្រានៃការឆេះនេះនៅតែបន្តក្នុងល្បឿនបែបនេះ។

មន្ត្រី​រដ្ឋាភិបាលរបស់ប្រទេសកាណាដា បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ​ផ្ទៃដី​ប្រមាណ ៣,៣ លាន​ហិកតា​ បានឆេះខ្ទិចខ្ចី។ ខណៈភ្លើង ៤១៣ តំបន់ទៀតកំពុងឆាបឆេះ ហើយប្រជាជន​កាណាដាចំនួន ២៦,០០០ នាក់ត្រូវ​បានបង្ខំឱ្យ​ជម្លៀសចេញពីផ្ទះរបស់ពួកគេ។

បើយោងតាម ភ្នាក់ងារពន្លត់អគ្គិភ័យ បានឱ្យដឹងថា នៅភាគខាងកើតប្រទេសកាណាដា កេបិច (Quebec) ត្រូវបានរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយភ្លើងឆេះព្រៃ គិតត្រឹមរសៀលថ្ងៃអង្គារ។

មន្ត្រីក្នុងតំបន់កេបិច បាននិយាយថាអ្នកស្រុកនៅក្នុងតំបន់ខ្លះត្រូវបានណែនាំឱ្យបិទបង្អួច និងទ្វាររបស់ពួកគេ។

ដោយឡែកនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា លោកកំពុងទាក់ទងជាមួយមន្ត្រីក្នុងតំបន់ទូទាំង​ប្រទេសកាណាដា​អំពី​អគ្គិភ័យ​។ លោក Trudeau បានបន្តថា៖ «នេះគឺជាពេលវេលាដ៏គួរឱ្យ​តក់ស្លុតសម្រាប់មនុស្ស​ជាច្រើន»៕

ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ https://www.straitstimes.com/world/smoke-from-canada-s-wildfires-worsens-air-quality-in-northern-us?utm_medium=social&utm_source=facebook&utm_campaign=stfb

https://edition.cnn.com/2023/06/07/weather/new-york-air-pollution-canada-wildfires-climate-wednesday/index.html

ads banner