ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ រដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធ្វើឱ្យសេច្ចកិច្ចមូលដ្ឋានកាន់តែល្អប្រសើរ
កណ្ដាល៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងថ្នាក់ជាតិនិងក្រោមជាតិ ដែលបានអនុញ្ញាតឱ្យសេដ្ឋកិច្ចនៅតាមូលដ្ឋានកាន់តែមានសក្តានុពលនិយាយដោយរួម និងនិយាយដោយឡែក ជួយឱ្យការប្រកបមុខរបរចិញ្ចឹមជីវិតនៅស្រុកកោះធំ ខេត្តកណ្តាល មានការរីកចម្រើន។

ការលើកឡើងដូចនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែកប្រវែង៧២ ម៉ែត្រ ទទឹង៦,៦០ម៉ែត្រ ស្ថិតនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបប្រមាណ៥០០នាក់ នៅថ្ងៃទី ០៨ខែមិថុនា ឆ្នាំ ២០២៣។
ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនោះឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនពីសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងស្រុកកោះធំ ដែលបានធ្វើឱ្យស្រុកនេះបានកែប្រែមុខមាត់ប្រកបដោយមោទនភាព។

បន្ថែមពីលើនេះឯកឧត្តមបានបង្ហាញពីសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលដទៃទៀត នៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាលសម្រាប់ស្រុកកោះធំនោះគឺ “មន្ទីរពេទ្យតេជោសែនកោះធំ” ដែលជាមន្ទីរពេទ្យទំនើបថ្មីមួយ ដែលបច្ចុប្បន្នបានសម្រេចការសាងសង់ប្រមាណជាង ៩៥ភាគរយ និងត្រៀមបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម ស៊ុន ចាន់ថុល គូសបញ្ជាក់ថា ក្រៅពីផ្លូវសេដ្ឋកិច្ចសំខាន់ៗ រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ទៃទៀតយ៉ាងច្រើនរួមមាន ស្ពានឆ្លងទន្លេបាសាក់ (ស្ពានមិត្តភាពកម្ពុជា-ចិន) កីឡដ្ឋានស្រុកកោះធំ និងអាងហែលទឹក ផ្លូវបេតុងតាមបណ្ដាឃុំនានាក្នុងស្រុក ស្ពាន ប្រឡាយទឹក មណ្ឌលសុខភាព វត្តអារាម ព្រមទាំងមានភ្លើងសូឡាបំភ្លឺសងខាងផ្លូវក្នុងឃុំ នៃស្រុកកោះធំផងដែរ។

ឯកឧត្តមបានបន្ថែមថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងក្នុងស្រុកកោះធំ បានអនុញ្ញាតឱ្យស្រុកនេះកាន់តែមានសក្តានុពលផ្នែកសេដ្ឋកិច្ច ដែលអំណោយផលដល់ការរស់នៅ និងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។ផ្លូវសេដ្ឋកិច្ចសំខាន់ៗក្នុងស្រុកកោះធំមានដូចជា ផ្លូវជាតិលេខ២១ ផ្លូវលេខ១១០ ផ្លូវលេខ១២៩ និងផ្លូវជាតិលេខ២៣ (ចាប់ពីផ្លូវលេខ១១០ សង្កាត់ជ្រោយតាកែវ ទៅស្រុកលើកដែក ប្រវែង ១៩,៨៣ គ.ម) ដែលគ្រោងនឹងបើកការដ្ឋាននាពេលឆាប់ៗនេះ។
ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីចុងឆ្នាំ ២០២២ មានប្រសាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពទាំងផ្លូវថ្នល់និងស្ពានជាច្រើនខ្សែបន្ថែមទៀតរួមទាំងផ្លូវល្បឿនលឿន ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ សម្ដេចតេជោបន្តថារាជរដ្ឋាភិបាលក៏នៅតែបន្តចាត់ទុកនិងផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ ដោះស្រាយបញ្ហានេះបានយើងកាត់បន្ថយការលំបាករបស់ប្រជាជនហើយកាត់បន្ថយការលំបាកនោះហើយចង់សំដៅថា កាត់បន្ថយភាពក្រីក្រក្នុងចំណោមប្រជាជន និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនរបស់យើង។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យហេដ្ឋានរចនាសម្ព័ន្ធធំៗក្នុងប្រទេសរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាគម្រោងផ្លូវល្បឿនលឿនប្រវត្តិសាស្ត្រលើកដំបូងក្នុងប្រទេសកម្ពុជា។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានប្រារព្ធពិធីបើកការដ្ឋានកាលពីព្រឹកថ្ងៃទី០៧ខែមិថុនាកន្លងទៅគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា៕ ដោយ៖ សុខ រក្សា