សម្ដេចក្រឡាហោម ស ខេង៖ ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ជួយពង្រឹងជំនាញវិជ្ជាជីវៈ
កំពង់ចាម៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិគឺ ជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកទ្រឹស្តី បទពិសោធន៍ ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ភោធសមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ដែលមានសិស្សនគរបាលជ័យលាភីចំនួន១៨៥នាក់នៃសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែមិថុនាឆ្នាំ ២០២៣។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អភិបាលខេត្តពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិគឺ ជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះសម្ដេចក្រឡាហោមបានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិភូមិភាគ២ និងសាលានគរបាល ភូមិភាគផ្សេងៗទៀតក្នុងពេលជាមួយគ្នា ដោយសារតែគំនិតដឹកនាំនិងច្នៃប្រឌិតខ្ពស់របស់ថ្នាក់ដឹកនាំបណ្ឌិត្យសភា។ សម្ដេចបន្តថា៖ការវិវត្តរីកចម្រើននេះបានឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលនគរបាលជាតិក្នុងយុគសម័យនៃសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាស់វៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាន ចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ។ លោកក៏បានផ្តាំទៅដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់យកចំណេះដឹងនិងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ។

លោក រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ បានរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានារបស់សាលានគរបាលជាតិភូមិភាគ២។ លោកបានឱ្យដឹងថា សមិទ្ធផលសំខាន់ៗដែលត្រូវបានដាក់សម្ពាធនាឱកាសនោះ រួមមាន ផ្លូវបេតុងប្រវែង២,០៣០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹកប្រវែង៥៥០ម៉ែត្រ គំនូសនិងផ្លាកសញ្ញចរាចរ អគារស្នាក់នៅ១ខ្នង ទូដាក់សម្ភារៈចំនួន ១៦០ទូ និងគ្រែដេក២ជាន់ចំនួន៨០គ្រែ៕ ដោយ៖ សុខ រក្សា