យុវជនខ្មែរបង្កើតមាតិកាចំណេះដឹងកសិកម្មងាយៗ មានប្រយោជន៍ ចែករំលែកដល់កសិករដទៃ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ដោយមានបទពិសោធក្នុងការដាំដំណាំ និងចិញ្ចឹមសត្វដែលជាការងារទូទៅប្រចាំថ្ងៃ លោក នី ប៊ុនថា និងគ្រួសារបានចងក្រងចំណេះដឹងក៏ដូចជាបច្ចេកទេសកសិកម្មដ៏មានប្រយោជន៍ទាំងនេះ ជាវីដេអូខ្លីៗដើម្បីបង្ហោះនិងចែកចែករំលែកទៅកាន់អ្នកទស្សនាពិសេសបងប្អូនកសិករនៅលើគេហទំព័រកសិកម្មឈ្មោះថា «រៀនដាំ»។

ជាអ្នកកសិកម្មនិងអ្នកចូលចិត្តធ្វើវីដេអូផង លោក នី ប៊ុនថា មានទីលំនៅស្រុកស្រែអំបិល ខេត្តកោះកុង និងជាស្ថាបនិក «រៀនដាំ» បានប្រាប់ថា លោកបង្កើតទំព័រហ្វេសប៊ុក (page) នេះឡើងគឺដើម្បីចែករំលែកចំណេះដឹងមូលដ្ឋានគ្រឹះផ្នែកកសិកម្មចម្រុះ ការចិញ្ចឹមសត្វ និងបទពិសោធន៍ផ្ទាល់ដល់បងប្អូនកសិករថ្មីដែលទើបតែចាប់ផ្ដើមធ្វើកសិកម្មជាដើម។

លោកបញ្ជាក់ថា គោលបំណងធំនៃការបង្កើតផេក រៀនដាំ នេះគឺដើម្បីចែករំលែកចំណេះដឹងដល់បងប្អូនចង់ចាប់ផ្ដើមដាំ ឬក៏ចំណេះដឹងបទពិសោធន៍ដែលយើងបានអនុវត្ត និងរៀបចំវាឡើង ដើម្បីឱ្យពួកគាត់បានយល់ដឹងពីការដាំដុះ ចិញ្ចឹមសត្វ និយាយរួមគឺចំណេះដឹងកសិកម្ម ដែលជាការងារខ្ញុំអនុវត្តជាប្រចាំ ហើយចង់ចែករំលែកទៅជាប្រយោជន៍ដល់សង្គមតែម្ដង។

លោកបន្តថា នៅក្នុងនោះយើងក៏មានសេវាកម្មផ្សេងទៀតដូចជា វគ្គបង្រៀនខ្លីៗតាមអនឡាញរួមមាន វគ្គចិញ្ចឹមមាន់ ការដាំបន្លែលើទឹក ឯការងារដែលធ្វើវីដេអូបង្ហោះលើផេកហ្វេសប៊ុក និង យូធូប គឺដោយសារចិត្តស្រឡាញ់និងចូលចិត្តថតវីដេអូសកម្មភាពការងារប្រចាំថ្ងៃដែលភាគច្រើនជាការងារកសិកម្ម ហើយក៏មានជាការចែករំលែកផ្នត់គំនិត ប្ដូរផ្លាស់ពីការធ្វើកសិកម្មបែបបុរាណមកចាប់ផ្ដើមអនុវត្តកសិកម្មបែបទំនើបវិញម្ដង។

ស្ថាបនិករូបនេះរៀបរាប់ថាដោយសារតែមានចំណង់ចំណូលចិត្តខាងថតនិងកាត់វីដេអូផង មានបទពិសោធន៍ និងការអនុវត្តដាំដំណាំស្រាប់ផង ទើបយើងចង់ផ្សព្វផ្សាយបន្តនូវចំណេះដឹងនិងបច្ចេកទេសកសិកម្មទំនើបទៅដល់បងប្អូនកសិករយើង។ ក្រៅពីការចែករំលែកចំណេះដឹងដោយឥគិតថ្លៃនៅលើហ្វេសប៊ុក និង YouTube «រៀនដាំ» ក៏មានសេវាកម្មបង្រៀនពិសេសជាវីដេអូអំពីការចិញ្ចឹមមាន់ និងដាំដំណាំលើទឹក ដែលមួយវគ្គមានតម្លៃ ៣៥ដុល្លារ។ ចំណែកចុះឈ្មោះរៀនពីរវគ្គគឺ ៥០ដុល្លារ ដែលការរៀននេះគឺមានការផ្ញើជូននូវវីដេអូតាមតំណភ្ជាប់ដែលអាចឱ្យកសិករអាចចូលមើលបានគ្រប់ពេល ហើយក៏មានការប្រឹក្សាយោបល់នៅពេលមានបញ្ហាផងដែរ។

សម្រាប់ការចាប់ផ្ដើម លោក នី ប៊ុនថា បានចាប់ផ្ដើមបង្កើតទំព័រហ្វេសប៊ុក រៀនដាំ និងផលិតវីដេអូនេះឆ្នាំ ២០១៨ ដែលលោកសម្រេចចិត្តដាក់ឈ្មោះថា “រៀនដាំ” ដោយសារវាជាពាក្យសាមញ្ញ ខ្លី ងាយយល់ គ្រាន់តែឮថា រៀនដាំ គេក៏អាចយល់ដឹងថាវាជាផេកកសិកម្ម ចែករំលែកចំណេះដឹងផ្នែកកសិកម្មពិសេសការដាំដំណាំចម្រុះជុំវិញផ្ទះ។

អ្នកបង្កើតមាតិការូបនេះបន្ថែមថាតាមរយៈការចែករំលែករបស់យើងមិនអាចឱ្យអ្នកដាំទទួលបានជោគជ័យ១០០ភាគរយនោះទេ តែវាជាមូលដ្ឋានគ្រឹះមួយសម្រាប់កសិករ ឬស្ត្រីមេផ្ទះដែលចង់ដំណាំជុំវិញផ្ទះឱ្យបានដឹងពីការដាំដុះ ការជ្រើសរើសពូជ ឬការរៀបចំដី ដែលជាផ្នែកសំខាន់ៗដែលគួរយល់ដឹងមុនពេលយកទៅអនុវត្តផ្ទាល់។

ដោយឡែក បងប្អូនកសិករដែលតែងតែគាំទ្រ និងចែករំលែកបន្តនូវមាតិការបស់ រៀនដាំ គឺមាននៅស្ទើរគ្រប់ខេត្តរួមមានដូចជា ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ថែមទាំងបងប្អូនពលករនៅប្រទេសជិតខាងមានវ័យចន្លោះពី ១៨-៣៤ ឆ្នាំផងដែរ។ នេះជាអ្វីដែលអ្នកបង្កើតមាតិការូបនេះបានលើកឡើង។

យ៉ាងណាក៏ដោយ ចំពោះការចែករំលែកចំណេះដឹងនេះ លោក នី ប៊ុនថា មានចក្ខុវិស័យវែងឆ្ងាយក្នុងការបន្តការងារនេះទៅមុខទៀតដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ដែលលោកមាន ក៏ដូចជាផលិតនូវមាតិកាផ្នែកកសិកម្មឱ្យបានកាន់តែច្រើន និងទូលំទូលាយដូចនៅប្រទេសដទៃទៀតដែរ ពិសេសវាក៏ជាផ្នែកមួយជួយអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែប្រសើរឡើងបានមួយកម្រិតទៀត។

ជាចុងក្រោយ លោកក៏សូមលើកទឹកចិត្តឱ្យអ្នកដែលមានចំណេះជំនាញផ្នែកកសិកម្ម ឬផ្នែកផ្សេងៗទៀតបន្តចែករំលែកឱ្យបានកាន់តែទូលំទូលាយ ចៀសវាងការលាក់ទុកតែម្នាក់ឯង តែត្រូវចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ និងផ្នត់គំនិតធ្វើយ៉ាងណា ស្វែងយល់បន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួន និងវិស័យកម្មឱ្យកាន់តែប្រសើរទៅមុខ៕ ដោយ៖ នី ស្រីពៅ

ads banner