កម្ពុជា បានបញ្ជូនសិក្ខាកាមកងទ័ពជើងគោកប្រាំបីរូប ទៅចូលរួមវគ្គបណ្ដុះបណ្តាលបោសសម្អាតមីននៅប្រទេសចិន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សិក្ខាកាមកងទ័ពជើងគោកកម្ពុជាប្រាំបីរូប នឹងទៅចូលរួមវគ្គបណ្ដុះបណ្តាលបោសសម្អាតមីនមនុស្សធម៌រយៈពេលខ្លីនៅសាធារណរដ្ឋប្រជាមានិតចិន ។សិក្ខាកាមកងទ័ពទ័ពជើងគោកកម្ពុជាទាំងនោះ នឹងត្រូវចេញដំណើរទៅប្រទេសចិននៅថ្ងៃទី៩ ខែមិថុនានេះ ដើម្បីទទួលបានការបណ្ដុះបណ្ដាលបោសសម្អាតមីនមនុស្សធម៌ ដែលមានរយៈពេល ៣ខែ ចាប់ពីចុងខែឧសភា ដល់ខែសីហា ឆ្នាំ២០២៣។

ប្រភពទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានឱ្យដឹងនៅក្នុងពិធីជួបសំណេះសំណាលរបស់ក្រុមការងារគណៈកម្មការមីនកងទ័ពជើងគោក ជាមួយសិក្ខាកាមទៅចូលរួមវគ្គបណ្ដុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ នៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លោក ខឹមជា សាវឿន មេបញ្ជាការរងនាយសេនាធិការកងទ័ពជើងគោក បានថ្លែងថា បច្ចុប្បន្ននេះ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កំពុងបានចូលរួមអនុវត្តសកម្មភាពបោសសម្អាតមីន កាកសំណល់សង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រយៈកាលកន្លងមកបានឈានទៅសម្រេចភារកិច្ចស្នូលរបស់ខ្លួន។ ពិសេសការបោសសម្អាតមីនមនុស្សធម៌ គម្រោងរបស់ប្រមុលរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ ជាមួយគ្នានេះលោកក៏ចូលរួមអបអរសាទរចំពោះសិក្ខាកាមកងទ័ពជើងគោក ដែលបានទៅចូលរួមវគ្គបណ្ដុះបណ្តាលបោសសម្អាតមីនមនុស្សធម៌នៅសាធារណៈរដ្ឋប្រជាមានិតចិន ។

លោក ខឹមជា សាវឿន បញ្ជាក់ថា ការទៅចូលរួមវគ្គបណ្ដុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ នៅសាធារណៈរដ្ឋប្រជាមានិតចិន គឺថាពិតជាមានសារៈសំខាន់ ស្របពេលដែលកម្ពុជាប្តេជ្ញាបំបាត់មីនឱ្យ អស់ត្រឹមឆ្នាំ២០២៥។

លើសពីនេះទៀត លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវគោរពនិន័យ បទបញ្ជាផ្ទៃក្នុងសាលា ត្រូវមានសាមគ្គីភាព ឯកភាព កិច្ចសហប្រតិបត្តិការជាមួយមិត្តរួមវគ្គត្រូវថែរក្សាតម្លៃកងយោធពលខេមរភូមិន្ទនិងអត្តសញ្ញាណជាតិ។
លោកសង្ឃឹមថា ពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់យកចំណេះដឹងមកប្រើប្រាស់ដើម្បីជាតិមាតុភូមិ និងប្រជាជន។

ជាមួយគ្នានេះឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី និងអនុប្រធានទី១ នៃអាជ្ញាធរមីន បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយប្រទេសចិន លើវិស័យការងារសកម្មភាពមីន កំពុងមានដំណើរការល្អ ទាំងការបណ្ដុះបណ្ដាល ការផ្ដល់នូវហិរញ្ញវត្ថុ ព្រមទាំងការផ្ដល់នូវសម្ភារៈសម្រាប់ការងារបោសសម្អាតមីនផងដែរ។ ហេតុនេះកិច្ចសហការប្រតិបត្តិការលើការងារបណ្ដុះបណ្ដាលនេះ គឺត្រូវបានអនុវត្តជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារតែបញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់កងទ័ពរបស់កម្ពុជាត្រូវបានផ្អាកមួយរយៈ។ ឯកឧត្តមបន្តថា ឥលូវនេះ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល ប្រទេសមិត្តចិន បានចាប់ផ្ដើមការផ្ដល់វគ្គបណ្ដុះបណ្ដាលឡើងវិញលើការងារបោសសម្អាតមីនដល់មន្ត្រីពាក់ព័ន្ធនៅកម្ពុជា៕ ដោយ៖ ជា សុខនី

ads banner