សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង ទាក់ទាញទេសចរបានជាងបួនពាន់នាក់ក្នុងរយៈប្រាំខែ

អត្ថបទដោយ៖
CPA

កោះកុង៖ ជាទីឋានដ៏ស្រស់ស្អាតលាក់ខ្លួនកណ្ដាលព្រៃភាគនីរតីនៃតំបន់ជួរភ្នំក្រវាញ សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង ដែលមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ។សហគមន៍នេះមានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ និងភូមិបាក់អង្រុត ក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានផ្ទៃដីទំហំ ៣០៩៣ ហិកតា និងមានប្រជាជនរស់នៅជាង ៣០០គ្រួសារ។

ភ្នំទ័ពជាងដែលលាតសន្ធឹងលើដៃសមុទ្រឆកកំពង់សោមដែលស្ថិតនៅ ស្រុកស្រែអំបិល បង្កប់ទៅដោយសក្តានុពលធម្មជាតិចម្រុះដ៏សម្បូរបែបដែលជាទីឋានទេសចរណ៍ដ៏អស្ចារ្យនិងជាទីឋានក្នុងក្តីប្រាថ្នារបស់ទេសចរដែលនិយមការដើរកម្សាន្តបែបធម្មជាតិ បោះជំរំ លេងទឹកធ្លាក់ និងទស្សនាសត្វព្រៃជាដើម។

សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង មានចំណុចទាក់ទាញជាច្រើនដូចជា វាលស្មៅពណ៌មាស ស្ទឹងពង្រូលក្រោម ស្ទឹងពពក ភ្នំយាយជី ឆាយខ្សែភ្លើង ថ្មវិហារ រូងតាងួន និង វាលថ្មអណ្តើកជាដើម ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍ធម្មជាតិដ៏សែនមនោរម្យ។

បច្ចុប្បន្ននេះ ប្រជាសហគន៍ក្នុងតំបន់ការពារធម្មជាតិភ្នំទ័ពជាងមានជីវភាពប្រសើរឡើងតាមរយៈកំណើនទេសចរ និងចំណូលពីផល្លានុផលព្រៃឈើ។

បើតាមអ្នកស្រី ឃុត ភៀង ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង ចាប់តាំងពីដើមឆ្នាំ ២០២៣មក សហគមន៍ទទួលបានភ្ញៀវទេសចរកើនឡើងជាលំដាប់។ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៣ សហគមន៍ទទួលបានភ្ញៀវទេសចរសរុបចំនួន ៤០៣១នាក់ ដែលភាគច្រើនមកទស្សនាកម្សាន្តជាលក្ខណៈគ្រួសារ និងមកជាក្រុម។

អ្នកស្រី ឃុត ភៀង បានបញ្ជាក់ទិន្នន័យប្រចាំខែនីមួយៗឱ្យដឹងថា ក្នុងខែមករាសហគមន៍ទទួលបានទេសចរចំនួន ១ ៤០០ នាក់( ស្ត្រី ៦៦៥នាក់)និងជនបរទេស ១៥នាក់។ ខែកុម្ភៈ សហគមន៍ទទួលបានទេសចរចំនួន ៣៧០នាក់ (ស្ត្រី ១៧២នាក់)និង បរទេសបីនាក់។ ខែមីនា ទទួលបានទេសចរចំនួន ៤៩១នាក់ (ស្ត្រី ១៩១នាក់)និង បរទេស ៤១នាក់។ ខែមេសាទទួលបានទេសចរចំនួន ១ ១០៣នាក់ (ស្ត្រី ១៩១នាក់)និង បរទេសមាន ៤១នាក់ និងខែឧសភា សហគមន៍ទទួលបានទេសចរចំនួន ៦៦៧នាក់ (ស្ត្រី ៣១៤នាក់)និងជនបរទេស ៧នាក់។

ដោយឡែកសម្រាប់ការប្រមូលផល-អនុព្រៃឈើប្រកបដោយចីរភាពវិញ អ្នកស្រីប្រធានសហគមន៍ក៏បានឱ្យដឹងថា ផលទាំងនេះបានរួមចំណែកជួយជីវភាពប្រជាសហគមន៍បានរហូតដល់ទៅ ៣០ភាគរយឯណោះ។

អ្នកស្រី ឃុត ភៀង បញ្ជាក់ថា «បច្ចុប្បន្នប្រជាសហគមន៍ មានចំនួន ៣២៧គ្រួសារ ក្នុងនោះ គ្រួសារប្រមាណ ៣០ភាគរយពឹងផ្អែកទៅលើការប្រមូល ឬការកែច្នៃអនុផលព្រៃឈើលក់។ ចំណែកឯប្រមាណ ៥០ភាគរយទៀតពឹងផ្អែក និងទទួលរកចំណូលពីសេវាកម្មទេសចរណ៍»។

អ្នកស្រីបន្តឱ្យដឹងទៀតថា ចាប់តាំងពីដើមឆ្នាំ ២០២៣នេះ សហគមន៍ទទួលបានទិន្នផលជាច្រើន ពីអនុផលព្រៃឈើ និងការកែច្នៃផលិតផលជាច្រើនដូចជា កន្ត្រងកែច្នៃស្ត្រី ឬស្សីស្រស់ ឱសថបុរាណចម្រុះ ទឹកឃ្មុំ ផ្តៅស្រស់ តុ កៅអីឬស្សី ផ្សិតប៉ក់ យុះឬស្សី និងផ្លែកុយ។ ទិន្នន័យរួមអំពីចំណូលសរុបពីអនុផលព្រៃឈើនិងការកែច្នៃដែលសហគមន៍ទទួលបាន គិតជាទឹកប្រាក់ស្មើនឹង ៨៨.៩២៥.៥០០ រៀល។

គួរជម្រាបថា សហគមន៍ក៏មានផ្តល់សេវាកម្មទេសចរណ៍ជាច្រើនដូចជា ផ្ទះស្នាក់សម្រាប់ភ្ញៀវ ក្រុមម៉ូតូឌុបសហគមន៍ ក្រុមចុងភៅ ក្រុមនាំភ្ញៀវ បោះតង់ ជូនភ្ញៀវ និងខ្យុស កម្សាន្តជាដើម។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានប្រាប់ថា បើគិតត្រឹមរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៣ ខេត្តកោះកុង ទទួលបាន ភ្ញៀវទេសចរជាតិ និងអន្តជាតិបជាង ១២ ម៉ឺននាក់ ដែលកើនឡើង១៧ភាគរយ។

លោក សុខ ចាន់គ្រឹះស្នា បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តជាតិដែលមកស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានានៅខេត្តកោះកុង ក្នុងត្រីមាសទី១ឆ្នាំ២០២៣ សរុបមានចំនួន ១២១.៤៩៨ នាក់ កើនឡើង ១៧.៥២១ នាក់ ស្មើនឹង ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំក្នុង២០២២៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner