ខេត្តមណ្ឌលគិរីប្រារព្វទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដើម្បីលុបបំបាត់ជំងឺគ្រុចចាញ់ឱ្យអស់ត្រឹមឆ្នាំ២០២៥

អត្ថបទដោយ៖
CPA

មណ្ឌលគិរី៖ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីនិងអាជ្ញាធរស្រុកពេជ្រាដា បានប្រារព្វទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ «នេះជាពេលគ្រុនចាញ់ត្រូវសូន្យតាមរយៈការវិនិយោគកែឆ្នៃអនុវត្ត» ដើម្បីរួមចំណែកលុបបំបាត់ជំងឺគ្រុចចាញ់ឱ្យអស់ត្រឹមឆ្នាំ២០២៥ខាងមុខ។

យោងតាម​មន្ទីរព័ត៌មានខេត្តមណ្ឌលគិរីបានឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា​ថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តម​ណ្ឌលគិរី និងអាជ្ញាធរស្រុកពេជ្រាដា បាន​ប្រារព្វទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «នេះជាពេលគ្រុនចាញ់ត្រូវសូន្យតាមរយៈការវិនិយោគ កែឆ្នៃ អនុវត្ត» ទៅនៅបរិវេណវិទ្យាល័យជោះប៊ូស្រា​។​

​​លោក យ៉ាន សំណាង អភិបាលរងស្រុកពេជ្រាដាបាន​ផ្តល់អនុសាសន៍មួយចំនួនទៅដ​ល់មន្ត្រីសុខាភិបាល ត្រូវជំរុញបន្ថែមទៀតនូវការអនុវត្តន៍ច្បាប់គ្រប់គ្រងឱសថ និងការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រជាដើម។​

លោកបាន​ថ្លែងថា ៖ «ក្រៅពីនេះ ត្រូវធានាលើការផ្តល់សេវានៅតំបន់ដាច់ស្រយាល ជាពិសេសចំពោះកុ​មារដែលត្រូវទទួលវ៉ាក់សាំង បង្ការជំងឺផ្សេងៗ ស្រ្តីមានផ្ទៃពោះ និងចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ពូជសាសន៍ និងជនជាតិឡើយ»។

​ជាមួយគ្នានោះ ​លោក ឡេក សុវណ្ណារ័ត្ន អនុប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ក៏​បានឲ្យដឹងដែរ​ថា បើ​យោ​ងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់​ ករណីឈឺជំងឺគ្រុនចាញ់ទូទាំង​ប្រទេសក្នុងឆ្នាំ២០២២កន្លងទៅមានចំនួនសរុប ៤.០៥៣ករណី ក្នុងនោះមិនមានករណីស្លាប់ឡើង ដែ​លមានន័យថាជំងឺគ្រុនចាញ់បន្តថយចុះ៦ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២១មានតែ៤.២៧៦ករណី។

លោកលើកឡើងថា ដោយឡែក ជំងឺគ្រុនចាញ់នៅទូទាំងខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០២២ មានករណីឈឺ​ចំនួន ៤៩៤ករណី (អត្រាអាំងស៊ីដង់គឺ ៥ករណី ក្នុងចំណោមមនុស្ស ១.០០០នាក់) ដែលមានន័យថា​ជំងឺគ្រុនចាញ់មានការថយចុះ ១២ភាគរយ បើប្រៀបធៀបឆ្នាំ២០២១ មានចំនួន ៥៦៣ករណី។

លោក ឡេក សុវណ្ណារ័ត្ន បន្តថា ក្នុងខេត្តមណ្ឌលគិរីនេះ​ ករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២២ បានកើតរាយប៉ាយទូទាំងខេត្ត ហើយស្រុកដែលមានករណីគ្រុនចាញ់ខ្ពស់ គឺមានដូចជា​ ស្រុកកែវសីមា និងស្រុកកោះញែក ដែលជំងឺគ្រុនចាញ់នេះ កើតលើមនុស្សគ្រប់វ័យ ប៉ុន្តែករណីជំងឺនេះប្រមាណជា ៨០ភាគរយកើតលើចន្លោះអាយុពី១៥ឆ្នាំ ទៅ ៤៩ឆ្នាំ និងជាបុរស។

បន្ថែមពីនេះលោកថា ខេត្តមណ្ឌលគិរីក៏មិនមានករណីស្លាប់ផងដែរដោយសារជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ។

​សូមបញ្ជាក់ថា អភិក្រម​សកម្មភាព​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់ ឆ្នាំ​ ២០២១-២០២៥ ត្រូវបាន​ក្រសួងសុខាភិបាល បានអនុម័ត​ឱ្យប្រើ​ប្រាស់​ចាប់ពី​ឆ្នាំ ​២០២១ ត្រូវបាន​យកមកអនុវត្ត​អស់​រយៈពេល ២ ​ឆ្នាំ​ហើយ ដែល​អំឡុងពេល​នៃ​ការអនុវត្ត​នេះ មជ្ឈមណ្ឌល​ជាតិ ក្រសួង​-​មន្ទីរ​ពាក់ព័ន្ធ ដៃគូ​វិនិយោគ ដៃគូ​អនុវត្តន៍ ជាតិ​និង​អន្តរ​ជាតិ និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ បានសម្រេច​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ជាច្រើន​៕

ដោយ៖ជា សុខនី

ads banner