កសិដ្ឋានដាំបន្លែជប៉ុន គ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន នៅខេត្តសៀមរាប ដើម្បីនាំចេញទៅក្រៅប្រទេស
សៀមរាប៖ កសិដ្ឋានដាំបន្លែស្តង់ដារនៃប្រទេសជប៉ុនគ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុនលើផ្ទៃដី ៧២ហិកតា ស្រុកអង្គរធំ ខេត្តសៀមរាប តាមបច្ចេកទេសថ្មី ដែលទទួលបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងនិងឈានដល់ការនាំចេញម្ទេសស្តង់ដារទាំងនោះទៅក្រៅប្រទេសទៀតផង។
គម្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុននេះ ត្រូវបានលើកឡើងដោយលោក ណាបេស៊ីម៉ា កាស៊ូហ៊ីតុ ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន បន្ទាប់ពីលោកបានមើលឃើញអំពីតម្រូវការម្ទេសនៅកម្ពុជា និងនៅក្រៅប្រទេស។
ប្រភពមន្ទីរព័ត៌មានខេត្តសៀមរាបបានឱ្យដឹងថា លោក ណាបេស៊ីម៉ា កាស៊ូហ៊ីតុ បានបញ្ជាក់ថា កសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុនដែលគ្រោងនឹងសាងសង់នេះ គឺជាបច្ចេកទេសថ្មី ហើយនឹងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ ខណៈបច្ចុប្បន្ននេះមានអ្នកបញ្ជាទិញ រហូតដល់ ៥០០តោនជារៀងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេ គឺនាំចេញទៅក្រៅប្រទេសថែមទៀត។
លោកបានបញ្ជាក់ថា នៅពេលដែលគម្រោងនេះបានដំណើរការ កសិដ្ឋាននេះត្រូវការបុគ្គលិកបង្គោលដើម្បីមើលថែដំណាំម្ទេសដែលមានគុណភាព និងស្តង់ដារនាំចេញ ព្រមទាំងត្រូវការកម្លាំងពលកម្មច្រើននាក់ ក្នុងការប្រមូលផលកសិដ្ឋាននេះ ដែលវាក៏ជាឱកាសជួយបង្កើតការងារឱ្យប្រជាពលរដ្ឋនៅក្បែរៗនេះមានការងារធ្វើជារៀងរាល់ថ្ងៃ។
លោក ណាបេស៊ីម៉ា កាស៊ូហ៊ីតុ បានបន្តថា ចំពោះការដាំដំណាំម្ទេសនេះដែរសម្រាប់ពលរដ្ឋដែលមានដីសម្រាប់ដាំដំណាំ លោកនឹងជួយបង្រៀនទាំងផ្នែកបច្ចេកទេស ផ្តល់ពូជ និងទទួលទិញនូវផលដំណាំរបស់ប្រជាកសិករទាំងនោះ។កសិដ្ឋានមួយនេះដែរ អាចដំណើរការទៅបានអាស្រ័យលើការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទើបអាចដំណើរការទៅបានដោយរលូនហើយទៅថ្ងៃអនាគតវានឹងបង្ហាញឱ្យពិភពលោកដឹងថា ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជាគឺជាផលិតផលដែលមានគុណភាពខ្ពស់ ពិភពលោកនឹងទទួលស្គាល់ផលិផលរបស់កម្ពុជាដែលដាំតាមស្តង់ដារបច្ចេកទេស។
លោក ណាបេស៊ីម៉ា កាស៊ូហ៊ីតុ បញ្ជាក់បន្ថែមថា សម្រាប់ពេលចាប់ផ្ដើមផលិតបានយើងក៏ចាប់ផ្ដើមកែច្នៃខ្នាតតូចមួយទៀតទៅជាគ្រឿងទេសនៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសអាស៊ានដែលចូលចិត្តញ៉ាំស៊ុប។ដូច្នេះពួកយើងនឹងកែច្នៃទឹកម្ទេសមួយដែលជាប្រភេទម្ទេសកសិកម្មដាំនៅក្នុងទឹកដីខេត្តសៀមរាបមានន័យថា យើងនឹងមានទឹកម្ទេសកម្ពុជាដែលឆ្ងាញ់មានរសជាតិ។
លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី១១ ខែមិថុនាថា ការផលិតទ្រង់ទ្រាយធំបែបនេះ ប្រៀបដូចជាការផ្សព្វផ្សាយទាញទីផ្សារពិភពលោកឱ្យបានឃើញ ប្រទេសកម្ពុជាដែលអាចផលិតបាននូវផលិតផលដែលមានស្តង់ដារ ពេលនោះនឹងអាចទាក់ទាញនៅភ្ញៀវទេសចរ និងអ្នកវិនិយោគធំៗមកវិនិយោគនៅក្នុងខេត្តសៀមរាបកាន់តែច្រើន។
លោកបានគូសបញ្ជាក់ថា “កសិដ្ឋាននេះដែរ នឹងក្លាយជាគំរូមួយដើម្បីឲ្យប្រជាកសិករ ដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវ និងរៀនសូត្រពីកសិដ្ឋានបាន។ បើតាមខ្ញុំដឹង ក្រុមហ៊ុននេះ នឹងធ្វើមួយជំហានម្ដងមួយជំហានម្ដង កសិដ្ឋាននេះធ្វើលើផ្ទៃដី ៧២ហិកតា ជាជំហានដំបូង និងធ្វើជំហានបន្តបន្ទាប់ទៀតដើម្បីតម្រូវទីផ្សារនៅក្រៅប្រទេស ហើយពេលដែលកសិដ្ឋាននេះបានដំណើរការ នឹងមានអ្នកកុម្មង់ទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត”។
បើតាមប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុនកម្ពុជាមានតម្រូវការ៥០០តោន ក្នុងមួយខែ ដោយបរិមាណនេះ លោកបញ្ជាក់ថា គឺត្រូវការផ្ទៃដី ២០០ហិកតា ទើបគ្រប់គ្រាន់សម្រាប់ផលិតអោយបាន ដើម្បីឲ្យផលដំណាំវិលជុំបាន៕
ដោយ៖វណ្ណ សុជាតា


