អគារផ្ទះរង់ចាំ នៅក្នុងមណ្ឌលសុខភាព វាលដេញ ខេត្តស្ទឹងត្រែង ត្រូវបានដាក់ឲ្យប្រើប្រាស់
ស្ទឹងត្រែង៖ ពលរដ្ឋជាងមួយពាន់គ្រួសារក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបានទទួលសេវាសុខាភិបាលពីការដាក់ឱ្យប្រើប្រាស់អគារផ្ទះរង់ចាំនៅក្នុងមណ្ឌលសុខភាព វាលដេញ ដែលជាជំនួយរបស់អង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយអត្រាមរណៈមាតា និងទារក។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្ទះរង់ចាំនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ដោយលោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង និងមានការចូលរួមពីមន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងរួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនាថា ការដាក់ឱ្យប្រើប្រាស់អគារផ្ទះរង់ចាំ នៅមណ្ឌលសុខភាពវាលដេញនាពេលនេះពិតជានាំមកនូវផលប្រយោជន៍មួយដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដែលមានរហូតជាងមួយពាន់គ្រួសារ ដែលរស់នៅក្នុងឃុំអន្លង់ជ្រៃ ពីគម្រោងការផ្ដល់សេវាសុខាភិបាលនេះ។
លោកបានបន្តថា ការដាក់ឱ្យប្រើប្រាស់អគារផ្ទះរង់ចាំនេះ វាជាការរួមចំណែកជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយក៏ជាការជំរុញឱ្យសេវាសុខាភិបាលនៅកាន់តែជិតប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាយលើការធ្វើដំណើរដែលមកសម្រាក និងព្យាបាលជំងឺ។
អ្នកនាំពាក្យខេត្តបានបញ្ជាក់ដែរថា ជាពិសេសវាជួយកាត់បន្ថយការចំណាយសម្រាប់ស្ដ្រីដែលមកសម្រាលកូននៅតាមមណ្ឌលសុខភាព ព្រោះភូមិសាស្ត្រនៅតំបន់វាលដេញ ជាទីតាំងមួយដែលសិ្ថតនៅក្បែរព្រំប្រទល់ជាប់ខេត្តព្រះវិហារ ហើយក៏ទីតាំងមួយដែលស្ថិតនៅឆ្ងាយពីមូលដ្ឋានមណ្ឌលសុខភាព និងសេវាសុខាភិបាលផ្សេងៗទៀតដែរ។
បើតាមលោក ម៉ែន គង់ ការដាក់ឱ្យប្រើប្រាស់នូវអគារផ្ទះរង់ចាំនេះ គឺសំដៅទៅលើទីកន្លែងសម្រាករង់ចាំការសម្រាលសម្រាប់ស្ដ្រីមានផ្ទៃពោះ ដែលមកពិនិត្យជាប្រចាំ ហើយរង់ចាំការសម្រាលកូននៅមណ្ឌលសុខភាព ពីព្រោះមានក្រុមគ្រូពេទ្យឆ្មប ដែលអាចផ្ដល់សេវាសម្រាលជូនទៅដល់ស្ដ្រីមានផ្ទៃពោះបានយ៉ាងល្អ។
លោកបានបន្ថែមថា មួយវិញទៀត ផ្ទះរង់ចាំនេះ ក៏ជាកន្លែងមួយសម្រាប់ផ្ដល់ទៅដល់គ្រួសារអ្នកជំងឺ ដើម្បីឱ្យពួកគាត់អាចសម្រាកក្នុងការមើលថែសមាជិកគ្រួសាររបស់ពួកគាត់ដែលមកព្យាបាលនៅមណ្ឌលសុខភាពនេះបានដូចគ្នាដែរ។
ដោយឡែក លោក យី គឹមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ក៏បានឱ្យដឹងដែរថា ការសាងសង់ផ្ទះរង់ចាំនេះ បានចំណាយពេលជិតមួយឆ្នាំ និងចំណាយថវិកាប្រមាណប្រាំមួយម៉ឺនដុល្លារក្នុងនោះមានទាំងអគារ និងគ្រឿងសង្ហារឹម គ្រែសម្រាប់សម្រាក គ្រែសម្រាប់សម្រាល រួមទាំងអណ្ដូងទឹកផងដែរ។
លោក យី គឹមថាន បញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់អគាររង់ចាំនេះ នឹងមានប្រជាពលរដ្ឋប្រមាណជាង មួយពាន់គ្រួសារ ដែលមានប្រជាជនសរុប ៥.១២៣នាក់ នឹងបានទទួលផលអគារនេះ ហើយមូលហេតុដែលយើងសាងសង់អគារនេះ ដោយសារតែមណ្ឌលសុខភាព វាលដេញ នៅក្នុងតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន និងទីរួមខេត្តដែលពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។
នៅក្នុងអគាររងចាំនេះ ក៏មានផ្ទះបាយសម្រាប់អ្នកដែលរង់ចាំ និងក្រុមគ្រួសារ អាចធ្វើម្ហូបអាហារនៅទីកន្លែងនោះបានដែរ ខណៈដែលកន្លងមកនៅក្នុងមណ្ឌលសុខភាព មិនមានការរៀបចំកន្លែងបែបនេះទេ។
លោក យី គឹមថាន ថ្លែងថា អ្វីដែលយើងរំពឹងទុកពីដាក់ដំណើរការផ្ទះរង់ចាំនេះ គឺវានឹងបង្កើនចំនួនស្ត្រីមានផ្ទៃពោះមកពិនិត្យពោះមុនសម្រាល និងមកសម្រាលនៅក្នុងមណ្ឌលសុខភាព ព្រោះយើងមានអគារមួយសម្រាប់ឱ្យសម្រាកមុនសម្រាល ហើយនឹងក្រោយសម្រាលដែរ។
លោកបន្ថែមថា អគារផ្ទះរង់ចាំនេះ ចូលរួមចំណែកកាត់បន្ថយនូវអត្រាមរណៈមាតា និងទារកផងដែរ ជាពិសេសកាត់បន្ថយការសម្រាលកូននៅតាមផ្ទះ ដែលជាហានិភ័យទៅដល់កុមារ និងស្ត្រីដែលទើបសម្រាល ខណៈដែលខេត្តស្ទឹងត្រែងនូវតែមានអត្រាសម្រាលកូននៅតាមផ្ទះមានកម្រិតខ្ពស់នៅឡើយ៕
ដោយ៖ជា សុខនី


