សហគមន៍ឆ្នាល់មាន់សាមគ្គី ខេត្តបាត់ដំបង ស្វះស្វែងរកដៃគូដើម្បីពង្រឹងសហគមន៍កសិកម្មរបស់ខ្លួនឡើងវិញ
បាត់ដំបង៖ “សហគមន៍ឆ្នាល់មាន់សាមគ្គី”ខេត្តបាត់ដំបង ដែលមានប្រជាសហគមន៍ប្រមាណ ១៥០ គ្រួសារ កំពុងប្រឈមនឹងបញ្ហាការចូលរួមរបស់សមាជិក និងបញ្ហាហិរញ្ញវត្ថុ ចាប់តាំងពីការាលដាលជំងឺកូវីដ១៩ មក។ ការណ៍នេះបានជំរុញឱ្យសហគមន៍ឆ្នាល់មាន់សាមគ្គី ស្វះស្វែងរកដៃគូសហការ ដើម្បីទប់ស្កាត់ការចំណាកស្រុក និងពង្រឹងសមត្ថភាពរបស់សហគមន៍ឡើងវិញ។
សហគមន៍មួយនេះបានចងក្រងឡើងតាំងពីឆ្នាំ ២០១២ ដើម្បីប្រមូលផ្តុំកម្លាំងផលិត និងស្វែងរកទីផ្សារលក់ដើម្បីបង្កើនជីវភាពប្រជាកសិករក្នុងតំបន់។
អ្វីៗបានដំណើរការដោយរលូន និងមានការជ្រោមជ្រែងចូលរួមច្រើនពីប្រជាសហគមន៍ផ្ទាល់ ក៏ដូចជាមន្ទីរខេត្តជាដើម មុនពេលជំងឺកូវីដ១៩ វាយលុក ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរ ការបង្វិលទុនជួបបញ្ហា ឯការចូលដែលធ្លាប់តែសកម្មបានអន់ថយ ដោយកសិករងាកទៅប្រកបរបរតាមលក្ខណៈគ្រួសាររៀងៗខ្លួនវិញក្រោយពេលកូវីត១៩។ នេះបើតាមការរៀបរាប់របស់ប្រធានសហគមន៍កសិកម្មឆ្នាលមាន់សាមគ្គីរុងរឿង លោក ហ៊ុន ហេង។
លោកបានរៀបរាប់ឱ្យដឹងថា ៖ «ខ្ញុំមិនចង់បោះបង់គម្រោងនេះទេ។ ខ្ញុំចង់ស្ដារ ឱ្យវាដំណើរការឡើងវិញ ក្រៅតែពីរការធ្វើកសិកម្ម ការចូលទុនគ្នានៅក្នុងសហគមន៍ក៏បានជួយរក ចំណូលដល់ពួកគេមួយផ្នែកផងដែរ»។
ក្រោយបានជួបបញ្ហាការចូលរួមក្នុងសហគមន៍ លោក ហ៊ុន ហេង បានបង្ហើបឱ្យដឹងថា បើសិនជាមានលទ្ធភាពធ្វើវាម្តងទៀត លោកនឹងប្រមូលគ្នាត្រឹម ១៥ ទៅ២០គ្រួសារ ប៉ុណ្ណោះ តែជាគ្រួសារដែលខ្លឹម ។គ្រួសារណាដែលគាត់មានលទ្ធភាពទៅបានមិនងាយបោះបង់។លោកបន្តថា ការពង្រឹងការដាំដុះជាបណ្ដាញសហគមន៍ឡើងវិញនេះ ក៏ជាផ្លូវមួយដែល អាចជួយគ្នាទៅវិញ ទៅមក និងដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក។
លោក ហ៊ុន ហេង សង្កត់ធ្ងន់ថា ៖ «នៅបាត់ដំបងយើងនេះ នៅក្បែរប្រទេសថៃស្រាប់។ អ៊ីចឹងភាគច្រើនតែធ្វើស្រែចម្ការអត់បាន គេធ្វើចំណាកស្រុកហើយ ខ្លះក៏ទៅថៃ ខ្លះក៏ទៅភ្នំពេញ ។អ៊ីចឹងហើយបានជាខ្ញុំចេះតែរកនឹកធ្វើរបរអ្វីផ្សេងបន្ថែមទៀត»។
បច្ចុប្បន្ននេះសហគមន៍កសិកម្មមួយនេះ នៅបន្តធ្វើកសិកម្មតាមរដូវនិងពឹងផ្អែកទៅលើឈ្មួញដែលចូលទៅទិញដល់ក្នុងភូមិ ក្នុងភូមិប៉ុណ្ណោះ។
ទាក់ទិននឹង សហគមន៍កសិកម្មដដែលនេះ លោកស្រី រិទ្ធិ ចន្ថា ជាប្រធានក្រុមប្រឹក្សាភិបាល “សហគមន៍កសិកម្ម មានជ័យក្ដីសង្ឃឹម”ដែលនៅខេត្តកំពង់ឆ្នាំង បានរៀបរាប់ឱ្យដឹងដែរថាដើម្បីគ្រប់គ្រងសហគមន៍កសិកម្មមួយឱ្យជោគជ័យ វាទាមទារកត្តាជាច្រើន។
លោកស្រី បានរៀបរាប់ឱ្យដឹងពីទស្សនៈផ្ទាល់ខ្លួនថា ជាក់ស្តែងដូចជាសហគមន៍របស់លោកស្រីផ្ទាល់ មុនពេលអាចដំណើរការទៅបានដោយរលូន និងត្រូវបានគេចាត់ចូលជាសហគមន៍កសិកម្មគំរូ រាល់សមាជិកទាំងអស់ត្រូវតែមានការលះបង់ មានឆន្ទៈ និងការរួបរួមសាមគ្គីរវាងសមាជិកឱ្យរឹងមាំ។
លោកស្រីបញ្ជាក់ថា ៖ «ការគ្រប់គ្រង ឆន្ទៈ និងការលះបង់ ជាកត្តាចម្បងដើម្បីឱ្យសហគមន៍១ ជោគជ័យបាន ព្រោះសហគមន៍មិនមានប្រាក់ខែទេ ហើយអ្វីដែលសំខាន់នោះ សហគមន៍ដែលខ្លាំងត្រូវតែមានផែនការយុទ្ធសាស្ត្រ និងមានបុគ្គលិកធ្វើការជាប្រចាំ និងទំនាក់ទំនង ឬការប្រាស្រ័យទាក់ទងពីខាងក្រៅ និងខាងក្នុង ជាពិសេសគឺអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្ត»។
បន្ថែមពីលើនេះ លោកស្រី រិទ្ធិ ចន្ថា ក៏បានស្នើឱ្យសហគមន៍ទាំងអស់រៀបកម្លាំងសាមគ្គីខាងក្នុង ឱ្យរឹងមាំជាមុនសិន នោះខាងក្រៅនឹងចូលមកដោយ សហគមន៍ផ្ទាល់មិនចាំបាច់រំពឹងលើជំនួយទាំង នោះទេ៕
ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ

