លោកស្រី រិទ្ធិ ចន្ថា៖ សហគមន៍កសិកម្មគួរប្ដូរផ្នត់គំនិតពីការរង់ចាំឱ្យគេជួយមករួបរួមកម្លាំងសាមគ្គីខាងក្នុងវិញ
កំពង់ឆ្នាំង៖ សហគមន៍កសិកម្មគឺជាការរួបរួមប្រមូលផ្តុំកម្លាំងផលិតរបស់កសិករដើម្បីបង្កើនផលិតភាពកសិកម្ម និងច្បាមយកទីផ្សារប្រកបដោយថាមពល។សហគមន៍កសិកម្ម គឺជានីតិបុគ្គលឯកជនមួយដែលបង្កើតឡើងដោយកសិករ មួយក្រុមតាមរយៈការស្ម័គ្រចិត្តរួមគ្នា បង្កើតដើមទុនរួមគ្នា និងគ្រប់គ្រង រួមគ្នា តាមលក្ខណៈប្រជាធិបតេយ្យសំដៅលើកកម្ពស់ជីវភាពរបស់សមាជិក សេដ្ឋកិច្ចសង្គម បង្កើនសាមគ្គីភាព និងលើកកម្ពស់វប្បធម៌ ក៏ដូចជាការថែរក្សាប្រពៃណីរបស់ ប្រជាកសិករ។
មកទល់បច្ចុប្បន្ននេះ សហគមន៍កសិកម្មនៅកម្ពុជា មានប្រមាណជាងមួយពាន់ សហគមន៍នៅទូទាំងប្រទេស។ ក្នុងចំណោមសហគមន៍ទាំងនោះមានសហគមន៍ខ្លះដំណើរការល្អបង្កើតប្រាក់ចំណូលដល់ប្រជាកសិករ និងមានសហគមន៍កសិកម្មខ្លះអសកម្ម ឬមិនបានប្រតិបត្តិការសោះតែម្តង។
ជាប្រធានក្រុមប្រឹក្សាភិបាល «សហគមន៍កសិកម្ម មានជ័យក្ដីសង្ឃឹម» ដែលមានទីតាំង នៅភូមិត្រពាំងក្រពើ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកស្រី រិទ្ធិ ចន្ថា បានឱ្យដឹងថា ដើម្បីឱ្យសហគមន៍កសិកម្មមួយអាចដើរជោគជ័យវាទាមទារកត្តាជាច្រើន តាំងពីការលះបង់ ឆន្ទៈ និងការរួបរួមសាមគ្គីរវាងសមាជិកឱ្យរឹងមាំ។
លោកស្រី រិទ្ធិ ចន្ថា បញ្ជាក់ថា ការគ្រប់គ្រងឆន្ទៈ និងការលះបង់ ជាកត្តាចម្បងដើម្បីឱ្យសហគមន៍មួយ ជោគជ័យបាន ព្រោះសហគមន៍មិនមានប្រាក់ខែទេ ហើយអ្វីដែលសំខាន់នោះ សហគមន៍ដែលខ្លាំងត្រូវតែមានផែនការយុទ្ធសាស្ត្រ និងមានបុគ្គលិកធ្វើការជាប្រចាំ និងទំនាក់ទំនង ឬការប្រាស្រ័យទាក់ទងពីខាងក្រៅ និងខាងក្នុង ជាពិសេស អាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្ត។
លោកស្រីបន្តថា ពេលណាដែលយើងមានការប្រាស្រ័យទាក់ទងល្អ អាជ្ញាធរគាត់ចាំតែជួយយើងទេបន្ទាប់មកទៀត តើគោលបំណងអ្វីដែលសហគមន៍ចង់បានយើងត្រូវមានផែនការគ្រប់គ្រងព្រោះរឿងធ្វើការជាមួយកសិករគឺជារឿងលំបាក ។
បន្ថែមពីលើនេះលោកស្រី រិទ្ធិ ចន្ថា សូមឱ្យសហគមន៍ទាំងអស់រៀបកម្លាំងសាមគ្គីខាងក្នុងឱ្យរឹងមាំ ខាងក្រៅនឹងចូលមកដោយ សហគមន៍ផ្ទាល់មិនចាំបាច់រំពឹងលើជំនួយទាំងស្រុង ឬពិបាកសុំគេនោះទេ។
លោកស្រីបានផ្តល់ជាអនុសាសន៍បន្ថែមថា សហគមន៍គួរប្ដូរផ្នត់គំនិតពីការចង់ឱ្យគេជួយ មកជួយខ្លួនឯងវិញ នៅពេលយើងជួយខ្លួនឯងបានកាន់តែល្អ គេនឹងចង់ចូលមកជួយយើង វាជាឥទ្ធិពលរបស់យើង។
បច្ចុប្បន្ននេះ «សហគមន៍កសិកម្ម មានជ័យក្ដីសង្ឃឹម» របស់លោកស្រី រិទ្ធិ ចន្ថា មានសហគមន៍មានសមាជិកសរុប ជាង ៧៥២គ្រួសារ ក្នុងនោះស្ត្រីមាន៥៣០នាក់ ដោយប្រជាសហគមន៍ភាគច្រើនដាំដំណាំ ចិញ្ចឹមសត្វ ដែលមាន ៧៥ភាគរយ ជាអ្នកធ្វើការងារកសិកម្ម, ៥ភាគរយជាកម្មករកម្មការិនីរោងចក្រ និង៥ភាគរយជាអាជីវករលក់ដូរ ។
សហគមន៍កសិកម្ម មួយនេះមានជំនាញទៅលើប្រភេទបន្លែស្លឹក ដោយសព្វថ្ងៃនេះសហគមន៍អាចផ្គត់ផ្តង់បន្លែស្លឹកចន្លោះពី ពីរទៅ បួនតោន ឯណោះក្នុងមួយថ្ងៃ។ លោកស្រី រិទ្ធិ ចន្ថា បានរៀបរាប់ឱ្យដឹងថា ដំណាំដែលសហគមន៍របស់ខ្លួនដាំភាគច្រើនជាប្រភេទបន្លែស្លឹក ហើយ៩០ភាគរយ និងការចិញ្ចឹមសត្វមួយផ្នែកតូចមានដូចជា ចិញ្ចឹមមាន់ ភ្ញាស់កូនមាន់ លក់ពងមាន់ ពងទារ។
សម្រាប់ដំណាំស្លឹក លោកស្រីបញ្ជាក់ថា ៖ «ជាមធ្យមក្នុងមួយថ្ងៃសហគមន៍ផ្តត់ផ្គង់ចន្លោះពីពីរតោន ទៅបួនតោន ភាគច្រើនជាខ្ទឹមស្លឹក ក្រៅពីនោះយើង មានស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃជើងទា ជី ភ្លៅកង្កែប ស្លឹកគ្រៃ ហើយភាគច្រើនយើងផ្គត់ផ្គង់តាមផ្សារសេរីនៅក្នុងខេត្តនានាមានខេត្តបាត់ដំបង នៅភ្នំពេញ ហើយយើងក៏មានម៉ាតមួយចំនួននៅភ្នំពេញ ដោយសារម៉ាតភាគច្រើនយកស្លឹកគ្រៃ ពងមាន់ ពងទា ស្ពៃក្រញាញ់ ស្ពៃចង្កឹះជាដើម»។
សម្រាប់ប្រាក់ចំណូលសរុបវិញលោកស្រី រិទ្ធិ ចន្ថា បានឱ្យដឹងថា ចំណូលសរុបបានចន្លោះពីបួនលានរៀល ទៅ ១២លានរៀលក្នុងមួយខែ ជាមធ្យមថេរគឺ បួនទៅប្រាំមួយលាន កសិករទទួលបានប្រាក់ចេញពីចំណូលនេះទៅ។
លោកស្រី ចន្ថា បានសង្កត់ធ្ងន់ថា សហគមន៍មិនដែលមានចំណូលចូលសហគមន៍ច្រើនទេ គឺចំណូលសំខាន់ពីកសិករ យើងធ្វើការផ្ដោតលើកសិករច្រើន តែគោលបំណងរបស់យើងគឺជួយកសិករក្នុងតំបន់របស់យើងឱ្យក្លាយជាកសិករដែលមានចំណូលជាមធ្យមប្រាំពាន់ដុល្លារក្នុងឆ្នាំ ។
ប្រធានសហគមន៍កសិកម្មដដែលនេះបានបង្ហើបឱ្យដឹងទៀតថា សហគមន៍មានផែនការពង្រីកសមាជិករហូតដល់ឆ្នាំ ២០២៧ ឱ្យបាន ២ ៥០០ គ្រួសារ និងត្រូវការបុគ្គលិកចំនួន៥នាក់ ព្រមទាំងគ្រោងទិញដីមួយកន្លែងដើម្បីធ្វើជារោងម៉ាស៊ីនកិនស្រូវ ឬក៏កន្លែងដែលសហគមន៍អាចប្រើបាន។
សហគមន៍មួយនេះក៏មានបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយការកសាងកន្លែងសិក្សាមួយ សម្រាប់សិក្សា អានសៀវភៅ ឬក៏ក្លិបផ្សេងៗសម្រាប់កុមារ នៅក្នុងសហគមន៍។
គួរបញ្ជាក់ថា បើយោងទៅតាមរបាយការណ៍ សង្កេតសហគមន៍កសិកម្មឆ្នំា២០២២ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មទៅលើស្ថានភាពសហគមន៍កសិកម្មនៅទូទាំងប្រទេស គឺមានតែសហគមន៍កសិកម្មចំនួន ២១៩ (១៨%) ខ្លាំង, ចំនួន ៨២៨(៦៦%)មធ្យម, ២០៤ (១៦%) ខ្សោយ ក្នុងនោះមានចំនួនរហូតដល់ ១៦៧ សហគមន៍កសិកម្មដែលមិនបានប្រតិបត្តិការសោះ៕
ដោយ៖ស្រ៊ុន សិរី វឌ្ឍនៈ



