ក្រសួងអប់រំផ្តល់ការបណ្ដុះបណ្ដាលស្ដីពី «ការរៀន និងបង្រៀនស្ទែម នៅមធ្យមសិក្សាទុតិយភូមិ» ដល់គ្រូមកពីរាជធានីខេត្តចំនួនប្រាំមួយ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់គ្រូបង្រៀនមកពីបណ្តារាជធានីខេត្តចំនួន៦ ស្ដីពី «ការរៀន និងបង្រៀនស្ទែម នៅមធ្យមសិក្សាទុតិយភូមិ» ដើម្បីជំរុញឱ្យសិស្សមានគំនិតច្នៃប្រឌិត និងមានសមត្ថភាពចូលរួមប្រកួតប្រជែងក្នុងកម្មវិធីអន្តរជាតិ លើផ្នែកវិទ្យាសាស្ត្របាន។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមការសម្របសម្រួលដោយវិទ្យាស្ថានជាតិអប់រំ ក្រសួងអប់រំ បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់លោកគ្រូ-អ្នកគ្រូ ជាង២០០ នាក់មកពីសាលាបណ្ដាញទាំងប្រាំមួយ រាជធានីខេត្តរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង។
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា លោក ថោង បូរ៉ាន់ នាយករងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) បានលើកឡើងថា ការអប់រំស្ទែមនឹងធ្វើឱ្យប្រសើរឡើងនូវគុណភាព ការវាយតម្លៃលើការអនុវត្ត លទ្ធផលតេស្តរបស់សិស្សនៅកម្រិតសាលារៀន និងជំរុញឱ្យសិស្សចង់រៀន។
លោកបានបន្តថា ការអប់រំនេះក៏នឹងជួយឱ្យពួកគេមានលទ្ធភាពអភិវឌ្ឍន៍ មានគំនិតច្នៃប្រឌិត បង្កើតពហុគំនិត មានអន្តរកម្មឥតឈប់ឈរ បង្កើនការរិះគិតស៊ីជម្រៅ ចេះបង្កើតថ្មីដោយខ្លួនឯង និងមានសមត្ថភាពចូលរួមប្រកួតប្រជែងលើមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ នៃកម្មវិធីអន្តរជាតិ PISA។
លោក ថោង បូរ៉ាន់ បានឱ្យដឹងដែរថា វិស័យនីមួយៗ មានទិសដៅ និងផ្តល់សារៈសំខាន់ ទៅលើវត្ថុបំណងខុសៗគ្នា និងជាវិស័យដែលកម្ពុជាកំពុងត្រូវការចាំបាច់ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសជឿនលឿននៅឆ្នាំ២០៥០ ពោលគឺជាប្រទេសអ្នកផលិត។
ជាមួយគ្នានេះអ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ថា ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគ្រូបង្រៀនបន្ថែម នៅតាមបណ្ដាខេត្តក្នុងសាលាមួយចំនួននេះ មិនថាពង្រឹងផ្នែកវិទ្យាសាស្ត្រ ឬក៏ផ្នែកសីលធម៌សង្គមនោះទេ គឺវាជារឿងដែលល្អសម្រាប់គ្រូបង្រៀន ដើម្បីជម្រុញឱ្យសិស្សានុសិស្ស អាចចូលរួមការប្រកួតប្រជែងនៅក្នុងកម្មវិធីអន្តរជាតិបានផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងអប់រំ បានដាក់ដំណើរការគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ដើម្បីផ្តល់ការគាំទ្រដល់វិទ្យាល័យគោលដៅចំនួន ២៥៩ សាលា។
សាលាទាំងនោះរួមមាន៖ វិទ្យាល័យធនធានចំនួន៥០, វិទ្យាល័យបណ្តាញចំនួន១០២, វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសចំនួន៤ និងវិទ្យាល័យទូទៅចំនួន១០៣ ដែលត្រូវបានបំពាក់ឧបករណ៍ស្ទែម បច្ចេកវិទ្យាព័ត៌មាន និងទទួលបានការបណ្តុះបណ្តាល លើចំណេះដឹងគរុកោសល្យ និងវិធីសាស្រ្តបង្រៀនប្រកបដោយនវានុវត្តន៍ ការបញ្ចូលបច្ចេកវិទ្យាទៅក្នុងការបង្រៀនមុខវិជ្ជាស្ទែម និងសហគមន៍សិក្សាវិជ្ជាជីវៈ៕
ដោយ៖ជា សុខនី
