ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តកម្ម ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ ប្រព័ន្ធស្វ័យប្រវត្តកម្ម ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានសម្ពោធដាក់ឱ្យប្រើ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជានិន្នាការពាណិជ្ជកម្មថ្មីមួយដ៏មានសក្តានុពលសម្រាប់ពិភពលោកទាំងមូលនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តន៍ឧស្សាហកម្ម ៤.០។ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាការទិញ-លក់ទំនិញ និងសេវាកម្មនៅក្នុងប្រទេសកម្ពុជាយើងកំពុងមានសន្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ជាការឆ្លើយតបនិន្នាការថ្មីនេះ ជាពិសេសដើម្បីជំរុញ ការពារ និងផ្តល់នូវទំនុកចិត្តដល់អន្តរការី និងបុគ្គលផ្ដល់សេវាដែលធ្វើប្រតិបត្តិការ និងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងសាធារណជនដែលប្រើប្រាស់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បន្តថា រាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងអនុក្រឹត្យលេខ១៣៤អនប្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្តីអំពីការកំណត់ប្រភេទ បែបបទ និងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង។

យោងតាមច្បាប់និងអនុក្រឹត្យខាងលើ រាជរដ្ឋាភិបាលបានប្រគល់ភារៈកិច្ចឱ្យក្រសួងពាណិជ្ជកម្មក្នុងការគ្រប់គ្រង និងផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយក្រសួងពាណិជ្ជកម្មបានចេញប្រកាសស្តីពីការផ្ដល់ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាំងពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ មកម្លេះ។

ឯកឧត្តមរដ្ឋមន្រ្តី រំលឹកថា កន្លងមក អ្នកស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រូវបំពេញព័ត៌មាន និងភ្ជាប់ឯកសារតម្រូវជាទម្រង់ក្រដាស (Hard Copy) បង់កម្រៃសេវា និងទទួលលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណជាទម្រង់ក្រដាស (Hard Copy) ដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្ម ហើយត្រូវចំណាយពេលវេលាយូរ និងថវិកាថែមពីលើកម្រៃសេវាដែលត្រូវបង់ជូនរដ្ឋ។ ទន្ទឹមនឹងការអនុវត្តនេះ ក្រសួងពាណិជ្ជកម្មបានអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណរួចរាល់ក្នុងគោលបំណងផ្តល់ភាពងាយស្រួល កាត់បន្ថយពេលវេលា និងកាត់បន្ថយថវិកាថែមពីលើកម្រៃសេវាសាធារណៈ ស្របតាមការកែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្មលើការផ្ដល់សេវាសាធារណៈទាំងអស់តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម ដែលកន្លងមកមានសេវាចុះបញ្ជីពាណិជ្ជកម្ម សេវាចុះបញ្ជីម៉ាក សេវាចេញវិញ្ញាបនបត្រប្រភពដើមទំនិញ និងសេវាតម្កល់លិខិតជូនដំណឹងប្រតិបត្តិការមានការធានា។ លើសពីនេះ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មក៏បានចាប់ផ្តើមសហការជាមួយក្រុមហ៊ុនក្នុងការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មនេះឡើង រហូតមកដល់ថ្ងៃដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ មានពីរដំណាក់កាលគឺ ដំណាក់កាលទី១ សម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ និងដំណាក់កាលទី២ សម្រាប់ការស្នើសុំកែប្រែផ្សេងៗ ហើយក្រុមការងារបានរៀបចំរួចរាល់ ១០០% សម្រាប់ដំណាក់កាលទី១ ដែលនឹងអាចដាក់តភ្ជាប់ជាមួយថ្នាលបច្ចេកវិទ្យា CamDX ផងដែរ, ចំពោះដំណាក់កាលទី២ នឹងចាប់ផ្តើមអភិវឌ្ឍន៍បន្ទាប់ពីបានតភ្ជាប់ដំណាក់កាលទី១ជាមួយថ្នាលបច្ចេកវិទ្យា CamDX រួចរាល់។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងទៀតថា ដើម្បីរួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងមុំទី៣ នៃចតុកោណទី២ ស្ដីពីការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១–២០៣៥ ក្រសួងពាណិជ្ជកម្មបានធ្វើការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ផ្ដល់សេវាសាធារណៈដូចខាងលើរួចរាល់ជាស្រេច និងបានដាក់បញ្ជូលសេវាចុះបញ្ជីពាណិជ្ជកម្មទៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ក្នុងដំណាក់កាលទី១ដែលមានស្ថាប័នតែ៣ប៉ុណ្ណោះ និងត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់សេវាផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ដំណាក់កាលទី៣ ៕ ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner