ឥណ្ឌូណេស៊ី បានទិញយន្តហោះចម្បាំងមួយទឹក ១២ គ្រឿងក្នុងតម្លៃជិត ៨០០ លានដុល្លារអាមេរិក
ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ខ្លួនបានទិញយន្តហោះចម្បាំងប្រភេទ Mirage 2000-5 ចំនួន ១២ គ្រឿង ដែលជាយន្តហោះចម្បាំងធ្លាប់ត្រូវបានប្រើប្រាស់ដោយប្រទេសកាតាម្ដងរួចមកហើយ។ កិច្ចព្រមព្រៀងទិញលក់នេះ មានតម្លៃជិត ៨០០ លានដុល្លារអាមេរិក ហើយធ្វើឡើងក្នុងគោលបំណងបង្កើនកម្លាំងទ័ពអាកាសរបស់ប្រទេសឱ្យកាន់តែខ្លាំង។ ប៉ុន្តែ សមាជិកសភាឥណ្ឌូនេស៊ីមួយចំនួនបានរិះគន់ការទិញនេះ ដោយលើកហេតុផលថា យន្តហោះចម្បាំងទាំងនោះមានសភាពចាស់ពេក។
ក្រសួងការពារជាតិឥណ្ឌូនេស៊ីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីខែមករា ប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ក្នុងតម្លៃប្រមាណជា ៧៩២ លានដុល្លារអាមេរិក ជាមួយអង្គភាពមួយឈ្មោះថា Excalibur International ដែលជាអង្គភាពរបស់ក្រុមហ៊ុនយោធារដ្ឋឆែកមួយឈ្មោះថា Czechoslovak Group (CSG)។ យន្តហោះទាំង ១២ គ្រឿងនោះនឹងត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេល ២៤ ខែ រាប់ចាប់ពីថ្ងៃដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា។
កិច្ចព្រមព្រៀងទិញលក់យន្តហោះចម្បាំងនេះផងដែរ មានយន្តហោះចំនួន ៩ គ្រឿងជាយន្តហោះប្រភេទកៅអីមួយ និង ៣ គ្រឿងទៀតប្រភេទកៅអីពីរ នេះបើយោងតាមការរាយការណ៍កាលពីថ្ងៃពុធដោយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី ដោយបានដកស្រង់សម្តីសមាជិកសភាដែលបានសាកសួរ និងដាក់ការសង្ស័យជុំវិញបញ្ហានេះ។
ជាក់ស្ដែង កាសែតក្នុងស្រុកមួយឈ្មោះថា Kompas បានដកស្រង់សម្តីសមាជិកសភាម្នាក់ឈ្មោះថា លោក ទូបាហ្គូស ហាសានូឌិន (Tubagus Hasanuddin) ថា «តើអ្វីជាមូលហេតុដ៏បន្ទាន់ពិតប្រាកដ ដែលនាំឱ្យយើងត្រូវសម្រេចចិត្តទិញយន្តហោះចម្បាំងមួយទឹក និងមានសភាពចាស់បែបនេះ?» យោងតាមគេហទំព័រ Dassault Aviation ដែលជាក្រុមហ៊ុនផលិតយន្តប្រភេទនេះបានឱ្យដឹងថា យន្តហោះចម្បាំងម៉ូឌែលនេះត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងក្នុងឆ្នាំ១៩៦៧។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិឥណ្ឌូនេស៊ី មិនបានបញ្ជាក់អំពីអាយុនៃយន្តហោះទាំងនោះទេ ប៉ុន្តែក្រសួងបានរំលេចថា ពួកគេនឹងទទួលបានសេវាកម្មថែទាំរយៈពេលបីឆ្នាំ និងការបណ្តុះបណ្តាលអ្នកបើកបរផងដែរ។ លោក អេដវិន អាឌ្រាន ស៊ូម៉ានថា (Edwin Adrian Sumantha) អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសឥណ្ឌូនេស៊ីត្រូវការយន្តហោះចម្បាំងដែលអាចដឹកជញ្ជូនមកដល់បានលឿនរហ័ស ដើម្បីបង្ការបញ្ហាមិនបានត្រៀមខ្លួនរួចរាល់នៅក្នុងជួរកងនាវារបស់កងទ័ពអាកាសឥណ្ឌូនេស៊ី»។
គួរដឹងដែរថា ប្រទេសនេះមានគោលបំណងធ្វើទំនើបកម្មកងយន្តហោះចាស់ៗរបស់ខ្លួន ដែលបច្ចុប្បន្នបានទិញចូលយន្តហោះប្រភេទ F-16 ដែលផលិតដោយសហរដ្ឋអាមេរិក និងយន្តហោះចម្បាំងរុស្ស៊ីប្រភេទ Sukhoi Su-27 និង Su-30។ ក្រសួងបានបញ្ជាក់ថា ការជំនួសយន្តហោះចម្បាំងប្រភេទ F-5 Tiger ដោយយន្តហោះប្រភេទ Su-35 ត្រូវបានពន្យារពេល ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើប្រទេសរុស្ស៊ី។
បន្ថែមលើនេះ ឥណ្ឌូនេស៊ីបានប្រកាសពីគម្រោងទិញយន្តហោះចម្បាំងប្រភេទ Su-35 ចំនួន ១១ គ្រឿងពីរុស្ស៊ីកាលពីឆ្នាំ២០១៧ ហើយបានមានបំណងចង់ទូទាត់ថ្លៃយន្តហោះជាសាច់ប្រាក់ និងទំនិញរបស់ឥណ្ឌូនេស៊ីទៀតផង។ ម៉្យាងវិញទៀត កាលពីខែកុម្ភៈ ឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងប្រភេទ Rafale ចំនួន ៤២ គ្រឿងក្នុងតម្លៃ ៨,១ ប៊ីលានដុល្លារ។
លើសពីនេះ គម្រោងទិញយន្តហោះចម្បាំងប្រភេទ F-15 ដែលកំពុងស្ថិតក្នុងដំណាក់កាលចរចា កំពុងរង់ចាំការសម្រេចជាលើកចុងក្រោយពីសំណាក់រដ្ឋាភិបាល នេះបើយោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីការពារជាតិ លោក ប្រាបូវ៉ូ ស៊ូប៊ានតូ (Prabowo Subianto) កាលពីឆ្នាំមុន៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia Indonesia confirms buying used fighter jets for US$800 million after deal criticized