រដ្ឋមន្ត្រី​ការបរទេស​ចិន​បង្ហាញ​ក្តី​បារម្ភ មុន​ដំណើរ​ទស្សនកិច្ចរបស់លោក ប្លិងកិន​ ទៅកាន់ទីក្រុងប៉េកាំង

ប៉េកាំងៈនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក អាន់តូនី ប្លិងកិន (Antony Blinken) និងរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក ឈីន កាង (Qin Gang) បានបង្ហាញក្តីបារម្ភជុំវិញបញ្ហាមួយចំនួនទៅកាន់គ្នាទៅវិញទៅមកតាមយៈការសន្ទនាតាមទូរសព្ទ។ការសន្ទនានេះធ្វើឡើងមុនពេលដែលលោកប្លិងកិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ។

មន្ត្រីការទូតជាន់ខ្ពស់ទាំងពីររូបបានពិភាក្សាគ្នាអំពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងដោយបើកចំហរ ប្រកបដោយទំនួលខុសត្រូវ ដើម្បីជៀសវាងការយល់ច្រឡំណាមួយកើតឡើង និងអាចឈានដល់ជម្លោះធ្ងន់ធ្ងរ នេះបើយោងតាមការលើកឡើងរបស់ក្រសួងការបរទេសអាមេរិក។

ក្រសួងដដែលបានបន្ថែមថា «លោក ប្លិងកិន បានលើកឡើងអំពីបញ្ហាទ្វេភាគី និងបញ្ហាសកលជាច្រើន ហើយបានបញ្ជាក់យ៉ាងច្បាស់ថាសហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់មធ្យោបាយការទូត ដើម្បីដោះស្រាយបញ្ហាកង្វល់ទាំងឡាយ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាក់ព័ន្ធ»។

ដោយឡែក ក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លោក ឈីន បានទទូចឱ្យសហរដ្ឋអាមេរិកគោរពគោលការណ៍ស្នូលរបស់ចិនបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងបញ្ឈប់សកម្ម​ភាពដែលប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍របស់ចិន ដូចជាបញ្ហានៅកោះតៃវ៉ាន់ជាដើម»។

លោក ឈីន បានធ្វើការកត់សម្គាល់ថា ទំនាក់ទំនងចិន និង​អាមេរិក បានជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនចាប់តាំងពីដើមដើមឆ្នាំ២០២៣មក។ ដូច្នេះហើយ ទំនួលខុសត្រូវរបស់ប្រទេសទាំងពីរ គឺត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា លើកកម្ពស់ការផ្លាស់ប្តូរទៅវិញទៅមក ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការដើម្បីស្ថិរភាពនៅក្នុងតំបន់។

លោក ប្លិងកិន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ បន្ទាប់ពីរយៈពេលច្រើនសប្តាហ៍កន្លងមកនេះ ប្រទេសទាំងពីរបានព្យាយាមសម្រុះសម្រួលគ្នាទៅវិញទៅមក ដើម្បីបន្ធូរបន្ថយភាពតានតឹង។ កាលពីដើមឆ្នាំ លោក ប្លិងកិន បានប្រកាសលុបចោលការធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងម្ដងរួចមកហើយ បន្ទាប់ពីលោកចោទប្រកាន់ថាចិនបានបញ្ជូនបាឡុងចារកម្ម ហោះលើទឹកដីសហរដ្ឋអាមេរិក។

ចាប់តាំងពីពេលនោះមក ចិនបានច្រានចោលរាល់ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការផ្លាស់ប្តូរក្នុងវិស័យវប្បធម៌ជាបន្តបន្ទាប់។ កាលពីសប្តាហ៍មុន លោក ដានែល គ្រីថឺនប្រ៊ិង (Daniel Kritenbrink) ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកផ្នែកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក គឺជាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ទីក្រុងប៉េកាំងរួចមក។

កាលពីខែឧសភាកន្លងទៅ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក និងសមភាគីចិនបានជួបប្រជុំគ្នារួចម្ដងហើយនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម។ សហរដ្ឋអាមេរិក និងចិនមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន រួមមានសន្តិសុខ ពាណិជ្ជកម្ម សិទ្ធិមនុស្ស និងជំហររបស់ចិនចំពោះតៃវ៉ាន់។

ម្យ៉ាងវិញទៀត ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តែងតែបានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ហើយបានចោទប្រកាន់ថា អាមេរិកបានព្យាយាមរាំងខ្ទប់ និងគាបសង្កត់ចិន ដោយកាលពីឆ្នាំមុន អាមេរិកបានរឹតបន្តឹងចរាចរណ៍គ្រឿងបច្ចេកវិទ្យាដូចជាមីក្រូឈីបដែលផលិតដោយក្រុមហ៊ុនចិនជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនវិញ ក៏បានព្រមានទីក្រុងប៉េកាំងអំពីលទ្ធផលដែលនឹងទទួលបាន ប្រសិនបើចិនហ៊ានផ្ដល់ជំនួយគ្រឿងសព្វាវុធទៅកាន់រុស្ស៊ីដើម្បីធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។ យ៉ាងណាមិញ ទីក្រុងប៉េកាំងបានសន្យាថា នឹងមិនធ្វើដូច្នេះទេ ទោះបីជាខ្លួនធ្លាប់បានបដិសេធមិនថ្កោលទោសទង្វើឈ្លានពានរបស់រុស្ស៊ីក៏ដោយ៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ AP News China’s foreign minister airs concerns in phone call with Blinken ahead of planned visit

ads banner