អភិបាលខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ គោលនយោបាយ លើកកម្ពស់ជីវភាពរស់នៅ បងប្អូនអតីតយុទ្ធជន ឱ្យកាន់តែប្រសើរឡើង
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ជូនបងប្អូនអតីតយុទ្ធជន ឱ្យកាន់តែមានភាពប្រសើរឡើង ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៣ និងបំពាក់គ្រឿង ឥស្សរិយយសជូនបងប្អូនអតីត យុទ្ធជនកម្ពុជាក្រុងតាខ្មៅ ចំនួន ១១៥០នាក់ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០២៣ ។

កម្មវិធីនេះរៀបចំឡើង ដើម្បីជាការលើកទឹកចិត្ត និងដឹងគុណចំពោះការលះបង់ សព្វបែបយ៉ាងរបស់បងប្អូនអតីតយុទ្ធជន ដែលមានគុណបំណាច់ ដ៏ធំធេងចំពោះជាតិ និងមាតុភូមិ និងបានរួមចំណែកក្នុងការចូលរួមអនុវត្ត គោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា នាំប្រទេសជាតិ ទទួលបាន សុខសន្តិភាព និងមានការអភិវឌ្ឍន៍ រហូតដល់បច្ចុប្បន្ន ។
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ និង ឯកឧត្តម គង់ សោភ័ណ្ឌ បានឧបត្ថមថវិកា និងផ្តល់អំណោយជូនដល់អតីតយុទ្ធជនចំនួន ១១៥០នាក់ ដែលចូលរួមក្នុងអង្គវិធី ដោយទទួលបាន អង្ករ មី ត្រីខ និងថវិកាផងដែរ ៕



ដោយ-រ៉ាវុធ