អាល្លឺម៉ង់​​ ហៅ​​ចិន​ថា​ជា​ប្រទេសបង្កការ​គំរាម​កំហែង​ នៅក្នុងឯកសារយុទ្ធសាស្ត្រសន្តិសុខ

បែរឡាំង៖ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ​អាល្លឺម៉ង់​បាន​លើកឡើង​នៅ​ក្នុងសៀវភៅ​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​របស់​ខ្លួនថា ប្រទេសចិនកំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងទៅកាន់សន្តិសុខពិភពលោក។ យុទ្ធសាស្ត្រសន្តិសុខ​ជាតិ​នេះបានឆ្លុះបញ្ចាំងពីគោលជំហររបស់អាល្លឺម៉ង់កាន់តែច្បាស់ ក្នុងការបង្វែរការចាប់អារម្មណ៍ពីផលប្រយោជន៍សេដ្ឋកិច្ច ទៅរកភូមិសាស្ត្រនយោបាយ បន្ទាប់ពីការឈ្លានពានរុស្ស៊ីទៅលើទឹកដីអ៊ុយក្រែន។

តាមរយៈការប្រើប្រាស់ភាសាដែលមិនសំដៅចំៗទៅលើដៃគូពាណិជ្ជកម្មដ៏ធំរបស់ខ្លួន នោះគឺប្រទេសចិន ឯកសារយុទ្ធសាស្រ្តនេះបានលើកឡើងថា ទីក្រុងប៉េកាំងកំពុងពង្រីកឥទ្ធិពលកាន់តែខ្លាំងបន្ថែមទៀតនៅតំបន់អាស៊ី និងឆ្លៀតឱកាសប្រើប្រាស់កម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីសម្រេចបាននូវផលប្រយោជន៍នយោបាយ។

គួរដឹងដែរថា ឯកសារយុទ្ធសាស្ត្រនេះ ក៏បានបង្ហាញពីការគំរាមកំហែងសំខាន់ៗដែលអាល្លឺម៉ង់យល់ឃើញថា ខ្លួនកំពុងប្រឈមមុខ ដូចជាបម្រែបម្រួលអាកាសធាតុ ភាពរអាក់រអួលនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងគោលនយោបាយជាក់លាក់មួយចំនួន ដូចជាការប្តេជ្ញាចិត្តក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ និងការបង្កើតទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតជាដើម។

អ្នកវិភាគបានសង្កេតឃើញថា យុទ្ធសាស្ត្រសន្តិសុខ​ជាតិរបស់អាល្លឺម៉ង់នេះ ខ្វះការកំណត់អាទិភាពច្បាស់លាស់នៃការគំរាមកំហែងទាំងអស់នោះ ហើយមិនបានបញ្ជាក់អំពីហានិភ័យខ្លាំងណាមួយជាក់លាក់នោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ឯកសារនេះក៏មិនបានលើកឡើងអំពីបញ្ហាសំខាន់ៗ ដូចជាបញ្ហាដែលកំពុងកើតមាននៅកោះតៃវ៉ាន់ និងមិនបានបង្កើតក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីជួយសម្រួលដល់ការអនុវត្តគោលនយោបាយពាក់ព័ន្ធនោះទេ។

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ (Olaf Scholz) បានមានប្រសាសន៍នៅក្នុងបទបង្ហាញអំពីឯកសារនេះថា «នេះគឺជាការផ្លាស់ប្តូរទិសដៅដ៏សំខាន់មួយដែលនឹងត្រូវបានយកទៅអនុវត្តដើម្បីប្រយោជន៍ប្រទេសអាល្លឺម៉ង់ជារួម ពោលគឺវាបានបង្ហាញពីរបៀបដែលយើងដោះស្រាយតាមរយៈគោលនយោបាយសន្តិសុខ»។

បន្ថែមលើនេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង លោកស្រី អាន់ណាឡេណា បែបូក (Annalena Baerbock) បានរំលេចថា «នៅថ្ងៃអនាគត ពេលដែលនិយាយអំពីការសម្រេចចិត្តលើគោលនយោបាយសេដ្ឋកិច្ច យើងនឹងផ្តោតឱ្យកាន់តែខ្លាំងទៅលើបញ្ហាសន្តិសុខ»។ លោកស្រីបានសង្កត់ធ្ងន់ថា «ប្រទេស​អាល្លឺម៉ង់​បានចំណាយថវិកាច្រើនណាស់ទៅលើការទិញឧស្ម័នពីរុស្ស៊ី នេះក៏ដោយសារតែយើងត្រូវគិតគូរអំពី​សន្តិសុខ​ជាតិ»។

គួរបញ្ជាក់ថា ការពឹងផ្អែករបស់អាល្លឺម៉ង់ទៅលើការនាំចូលឧស្ម័នពីរុស្ស៊ី ពោលគឺស្មើនឹងពាក់កណ្តាលនៃការនាំចូលឧស្ម័នសរុបរបស់ខ្លួន បានធ្វើឱ្យអាល្លឺម៉ង់ពិបាកក្នុងការបញ្ឈប់ពាណិជ្ជកម្មថាមពលជាមួយទីក្រុងមូស្គូភ្លាមៗណាស់ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ យោងតាមយុទ្ធសាស្រ្តសន្តិសុខជាតិ (NSS) របស់សហរដ្ឋអាមេរិក រុស្ស៊ីគឺជាប្រទេសដែលបង្កការគំរាមកំហែងចំពោះសន្តិភាពនៅអឺរ៉ុប។

រីឯយុទ្ធសាស្ត្រសន្តិសុខជាតិរបស់អាល្លឺម៉ង់ ក៏បានអំពាវនាវឱ្យមានការកាត់បន្ថយការពឹងអាស្រ័យទៅលើប្រទេសផ្សេងទៀត និងលើកទឹកចិត្តឱ្យមានទុនបម្រុងជាយុទ្ធសាស្ត្រ។ អ្វីដែលសំខាន់នោះគឺ ឯកសារយុទ្ធសាស្ត្រនេះបានចោទប្រកាន់ចិនថាបានប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីសម្រេចបានគោលដៅនយោបាយ ប៉ុន្តែក៏បញ្ជាក់បន្ថែមថា អាល្លឺម៉ង់ព្រមទទួលស្គាល់ប្រទេសចិនថាជាដៃគូយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមជាសកលមួយចំនួន៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Reuters Germany calls China a growing threat as it steps up focus on security

ads banner