រដ្ឋមន្រ្តីក្រសួងទេសចរណ៍ស្នើភាគីចិនពង្រីកបន្ថែមការហោះហើរត្រង់ពីទីក្រុងនានានៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានស្នើទៅកាន់ភាគីចិនជួយជំរុញការហោះហើរត្រង់ពីទីក្រុងនានានៃប្រទេសចិនមកកាន់ប្រទេសកម្ពុជា ហើយចំពោះទីក្រុងណាដែលទាំងមិនទាន់ការហោះហើរមកកម្ពុជាក៏សូមបង្កើតឱ្យមានការហោះហើរត្រង់មកឱ្យបានកាន់តែច្រើន ខណៈកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗដែលអាចទទួលការចុះចតយន្តហោះដឹកអ្នកដំណើរគ្រប់ប្រភេទ។

ការស្នើបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន ជាមួយឯកឧត្តម រ៉ាវ ឈាន (Rao Quan) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះឯកឧត្តម ថោង ខុន បានស្នើឱ្យមានការជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៅប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិនៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនទៀត។ពិសេស​គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣​ឆាប់ៗខាងមុខ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះហើយដែរ។

ជាការឆ្លើយតបឯកឧត្តម​ រ៉ាវ ឈាន បានសន្យាពាំនាំសំណើទាំងនេះ ក៏ដូចជាព័ត៌មាននៃកិច្ចពិភាក្សានេះជូនទៅកាន់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធក្នុងការពិចារណាជំរុញឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជាបន្ថែមទៀត។ នា​ឱកាសនោះដែរឯកឧត្តមក៏បានលើកឡើងពីបំណងចង់ពង្រីកជើងហោះហើរត្រង់ពីទីក្រុងដែលមានការហោះហើរត្រង់មកកាន់កម្ពុជាស្រាប់ និងរៀបចំឱ្យមានជើងហោះហើរត្រង់ថ្មីសម្រាប់អាកាសយានដ្ឋានដែលមិនទាន់មានការហោះហើរត្រង់ជាមួយគ្នា។

ក្រសួងទេសចណ៍បានឱ្យដឹងពីជំនួបនោះថា ភាគីទាំងពីរមានសុទិដ្ឋិនិយមថា ការពង្រីកបន្ថែមជើងហោះហើរត្រង់រវាងប្រទេសទាំងពីនេះ គឺជាកាលនុវត្តភាពមួយក្នុងការទាក់ទាញរំហូរទេសចរពីប្រទេសចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាទេសចរមកពីប្រទេសផ្សេងទៀតដែរ៕

ដោយ៖ សុខ រក្សា

ads banner