សម្តេចម៉ែ សម្តែងព្រះរាជហឫទ័យត្រេកអរចំពោះការពង្រឹងមិត្តភាពកាន់តែជិតស្និទ្ធរវាងកម្ពុជានិងចិន
ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ សម្តែងព្រះរាជហឫទ័យត្រេកអរ ការណ៍ដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍជាពិសេសនោះ ទតឃើញការពង្រឹងមិត្តភាពកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃរវាងកម្ពុជានិងចិនតាមរយៈការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលទ្វេភាគី ដែលបានបន្តអនុវត្តបណ្តាំរបស់ ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ។
ការសម្តែងព្រះរាជហឫទ័យរបស់សម្តេចម៉ែ ធ្វើឡើងកំលុងជំនួបក្រាបបង្គំគាល់និងថ្វាយព្រះពរពីសំណាក់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម វ៉ាង វិនធាន( Wang Wentian) និងភរិយា លោកស្រី Gu Xiaojun ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់សម្តេចម៉ែផ្ទាល់ គម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នាព្រះបរមរាជវាំង។ នេះបើយោងតាមសេចក្តីប្រកាសពីស្ថានទូតចិនប្រចាំកម្ពុជា។
ឯកឧត្តម វ៉ាង វិនធាន តាងនាមដល់មន្ត្រីទូតគ្រប់រូប បានថ្វាយព្រះសព្វសាធុការពរជ័យ បវរសួរស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ដល់សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ទ្រង់នេះ។ លោកក៏ឆ្លៀតរំឭកពីប្រវត្តិនៃចំណងមិត្តភាពដ៏យូរលង់រវាងកម្ពុជានិងចិនផង ជាពិសេសការពូនជ្រំដោយស្នាព្រះហត្ថសម្តេចនរោត្តម សីហនុ និងថ្នាក់ដឹកនាំចិនសម័យមុន។

ឯកឧត្តមគូសបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២៣នេះមក កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជាលើបណ្ដាវិស័យបានបន្តលើកកម្ពស់កាន់តែស៊ីជម្រៅ។ ចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជាកំពុងបង្ហាញនូវភាពរឹងមាំយ៉ាងរស់រវើកពីមួយថ្ងៃទៅមួយថ្ងៃ ។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិន លើកឡើងបន្តថា ចាប់តាំងឈានចូលដល់ខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជា “ឆ្នាំមិត្តភាពចិន-កម្ពុជា” មក ប្រទេសទាំងពីរកំពុងបោះជំហានទៅមុខ តាមរយៈទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅទីក្រុងប៉េកាំងកាលពីខែកុម្ភៈ កន្លងទៅ ។ ជាពិសេសលោកប្រធានាធិបតីចិន ស៊ី ជីនភីង(Xi Jinping ) បានចូលគាល់ព្រះបាទនរោត្ដម សីហមុនី និងលោកហ៊ុន សែន ក្នុងការកំណត់កុងសុងស៊ីសសំខាន់ៗក្នុងការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ នៅក្នុងយុគសម័យថ្មី។
លោកបន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ គម្រោង”ខ្សែក្រវាត់និងផ្លូវ”ទទួលបានផ្លែផ្កាញឹកញាប់ឥតឈប់ឈរ ហើយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតបានចាប់ផ្តើមជាបន្តបន្ទាប់។ ផលិតផលកសិកម្មនៅកម្ពុជាដែលមានគុណភាពខ្ពស់មានដូចជាម្រេចទទួលបានការអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន ជាមួយកិច្ចសហប្រតិបត្តិការវិស័យកីឡា ការជួសជុលចំណង់បុរាណ និងវិស័យមនុស្សសាស្រ្តផ្សេងទៀត។
ជាមួយគ្នានេះ សម្តេចម៉ែបានព្រះរាជបន្ទូលថា សម្តេចសីហនុ តែងមានបន្ទូលថា មិត្តចិនគឺជាមិត្តដ៏
មហិមាររបស់កម្ពុជា ហើយការលើកឡើងនេះបានក្លាយទៅជាផ្នត់គំនិតដូចគ្នានៅប្រទេសកម្ពុជា។
ទ្រង់បង្ហាញព្រះរាជហឫទ័យត្រេកអរជាពន់ពេក ការណ៍ដែលព្រះមហាក្សត្រ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តព្រះរាជបណ្តាំសម្តេចសីហនុ ក្នុងការបន្តជំរុញចំណងមិត្តភាពរវាងកម្ពុជានិងចិន ប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) លើកឡើងថា ចិនគឺជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជាក្រោមក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលប្រទេសទាំង២ ដែលចិនតែងគាំទ្រកម្ពុជា ចូលរួមអភិវឌ្ឃកម្ពុជា។ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធថាមពល ពង្រីកនិងពង្រឹងសកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់ជាមួយនឹងចិន ក៏ដូចជាការអភិវឌ្ឍ សុខុមាលភាពប្រជាជនផងដែរ។
លោកបន្ថែមថា៖«ប្រទេសទាំងពីរ កម្ពុជា-ចិន បានបង្កើនកិច្ចសហប្រតិបត្តិការជាច្រើនដែលសង្កត់ធ្ងន់លើស្មារតីពហុភាគីនិយម ប្រជាជនជាស្នូល កិច្ចការពារថែររក្សាសន្តិភាពនិងស្ថិរភាពតំបន់ និងការអភិវឌ្ឍជាតិដោយគ្មានលក្ខខណ្ឌ និងមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងផងគ្នា»។

សម្រាប់លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា កម្ពុជាបានទទួលផលប្រយោជន៍ច្រើនក្នុងទំនាក់ទំនងជាមួយចិន ទាំងក្របខណ្ឌការទូតនយោបាយ និង យុទ្ធសាស្ត្រក្នុងតំបន់។ ចិនជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា និងជាគោលដៅភ្ញៀវទេសចរធំបំផុតសម្រាប់កម្ពុជា ហើយកម្ពុជា តែងត្រូវបានចិនគាំទ្រលើឆាកអន្តរជាតិទៀតផង។
លោក គិន ភា បន្តថា កម្ពុជា គឺជាដៃគូយុទ្ធសាស្រ្តជា សម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ចិននៅអាស៊ីអាគ្នេយ៍ ហើយដើម្បីក្លាយខ្លួនជាមហាអំណាចសំខាន់របស់ពិភពលោក ចិនត្រូវធ្វើយ៉ាងណាឱ្យមានមិត្តជិតស្និទ្ធឬសម្ព័ន្ធមិត្តឱ្យបានច្រើន។ ក្នុងលក្ខខណ្ឌភូមិសាស្រ្តអាស៊ីអាគ្នេយ៍ កម្ពុជាគឺជា ប្រទេសសំខាន់ ហើយ តែងតែគាំទ្រលើគោលនយោបាយចិនតែមួយ ហើយគាំទ្រលើយន្តការពហុភាគីនិយម និងកូតាការរះឡើងនៃមហាអំណាចពិភពលោកប្រកបដោយសន្តិភាព »។
សូមជម្រាបជូនថា ឆ្នាំ២០២៣ នេះជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា ខណៈទំនាក់ទំនងនេះបានប្រែក្លាយជាក្របខណ្ឌ ត្បូងពេជ្យ និងជាមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន ដោយឆ្លងកាត់ពេលលំបាករួមគ្នាជាប្រវត្តិសាស្រ្ត បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅរដ្ឋធានីប៉េកាំងកាលពីដើមខែកុម្ភៈកន្លងទៅ៕
ដោយ៖ សំបាន ច័ន្ទដារ៉ា