កូរ៉េខាងត្បូងស្រង់បំណែករ៉ុក្តែតយានអវកាសកូរ៉េខាងជើងចេញពីទឹកសមុទ្រដោយជោគជ័យ
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងប្រកាសពីជោគជ័យ ក្នុងការស្រង់បំណែកគ្រាប់រ៉ុក្តែតអវកាសរបស់កូរ៉េខាងជើងចេញពីបាតសមុទ្រ ក្នុងជម្រៅរហូតដល់ ៧៥ម៉ែត្រ។
យោធាកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនទទួលបានជោគជ័យ ក្នុងស្រង់យកបំណែកដ៏ធំនៃគ្រាប់រ៉ុក្តែតអវកាសរបស់កូរ៉េខាងជើង ដែលបានធ្លាក់ចូលទឹកសមុទ្រ បន្ទាប់ពីប្រតិបត្តិការស្រង់យកដ៏ស្មុគស្មាញអស់រយៈពេល ១៥ថ្ងៃ។
បន្ទាប់ពីដាក់ពង្រាយកងនាវាជួយសង្គ្រោះកងទ័ពជើងទឹក និងអ្នកបោសសម្អាតមីន រួមទាំងអ្នកមុជទឹកក្នុងសមុទ្ររាប់សិបនាក់ នៅទីបំផុតយោធាកូរ៉េខាងត្បូងអាចស្រង់បានតួសំខាន់ នៃគ្រាប់រ៉ុក្កែតអវកាសរបស់កូរ៉េខាងជើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចេញពីសមុទ្រលឿង។

បំណែកគ្រាប់រ៉ុក្តែតនេះ ត្រូវបានទាញចេញពីបាតសមុទ្រក្នុងជម្រៅទឹកប្រហែល ៧៥ម៉ែត្រ ដែលស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគនិរតីនៃកោះអ៊ីឈុង។ អគ្គសេនាធិការចម្រុះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វត្ថុដែលត្រូវបានស្រង់ចេញពីទឹកសមុទ្រនេះ នឹងយកទៅធ្វើការវិភាគយ៉ាងលម្អិតដោយស្ថាប័នឯកទេស ដូចជាទីភ្នាក់ងារជាតិសម្រាប់ការអភិវឌ្ឍវិស័យការពារជាតិ។
សូមរម្លឹកផងដែរថា កូរ៉េខាងជើងបានព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ទៅកាន់គន្លងគោចរកាលពីថ្ងៃទី៣១ ខែឧសភា ប៉ុន្តែគ្រាប់រ៉ុក្តែតផ្ទុកផ្កាយរណបនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រភ្លាមៗ បន្ទាប់ពីការបាញ់បង្ហោះ ដោយសារតែអ្វីដែលកូរ៉េខាងជើងបាននិយាយថា ជាការបរាជ័យនៃការបង្កោះគ្រាប់រ៉ុក្កែត៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា