សម្តេចតេជោ ហ៊ុន សែន៖ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត បានទៅដល់ដៃសភាហើយ
កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត បានទៅដល់ដៃសភាហើយ កាលពីថ្ងៃទី១៥ មិថុនា ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជិត២ម៉ឺននាក់ មកពីរោង ចក្រសហគ្រាសចំនួន៦ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជោ បានថ្លែងថា អ្នកនៅខាងក្រៅ អាចរួចខ្លួនតែបើអ្នកនៅក្នុងប្រទេសសូមកុំជឿលើការញុះញង់របស់អ្នកនៅខាងក្រៅ ក៉ំជឿតាមអាក្បត់ជាតិបីជំនាន់ ប្រយ័ត្នជាប់គុកដេកគុកក៏ធ្វើព្រងើយ ។

សម្តេច បញ្ជាក់ថា បើមិនបានទៅបោះឆ្នោត ពីរលើក គឺបោះឆ្នោតសកល ថ្ងៃទី២៣ ខែកក្កដា ២០២៣នេះ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ទេ គឺបានសេចក្ដីថា អត់មានសិទ្ធិឈរឈ្មោះ ។
សូមជម្រាបថា បន្ទាប់ពីមានគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្ម គឺមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមក្រសួង-ស្ថាប័ននានា អាជ្ញាធររាជធានី-ខេត្ត គណបក្សនយោបាយ ក្រុមយុវជន និងប្រជាពលរដ្ឋ បានចេញសេចក្ដីថ្លែងការណ៍ និងញត្តិគាំទ្រជាបន្តបន្ទាប់។

មជ្ឈដ្ឋាននានា លើកឡើងថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត» គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសដើម្បីឲ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត៕



អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ