ក្រោមម្លប់សន្តិភាព សមិទ្ធផលនានា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងឃុំព្រែកតាមាក់ និង ឃុំតាឯក ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល ៖ ក្រោមម្លប់សន្តិភាព សមិទ្ធផលនានា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងឃុំព្រែកតាមាក់ និង ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមសានប្រសាសន៍ថា ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ស្រុកខ្សាច់កណ្ដាល ដែលត្រូវបានសាងសង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់សោភ័ណ្ឌភាព, ផាសុខភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកខ្សាច់កណ្តាលផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនទៀត ដែលបាន និង កំពុងប្រើប្រាស់ និង ទទួលផលពីសមិទ្ធផលទាំងអស់នេះ ស្របតាមទិសស្លោករបស់ សម្តេចតេជោ តែងតែលើកឡើងថា «មានផ្លូវ, មានស្ពាន, គឺមានក្ដីសង្ឃឹម និង មានការអភិវឌ្ឍលើគ្រប់វិស័យ ។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្នស្នើឱ្យរដ្ឋបាលខេត្ត, ក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់, គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់, រដ្ឋបាលស្រុកខ្សាច់កណ្តាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ, បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
១-បន្តចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និង ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព, គណនេយ្យភាព និង យុត្តិធម៌, ជាពិសេស សំណូមពរ និង បញ្ហាប្រឈម ដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ នាពេលកន្លងមក ។ ចំពោះសំណូមពរ និង បញ្ហាប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយ និង ឆ្លើយតបឱ្យបានឆាប់ទៅតាមលទ្ធភាពជាក់ស្តែង ។
២-គណៈអភិបាលខេត្ត និង ស្រុក ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការបង្ក្រាប លែ្បងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, គ្រឿងញៀន, ការជួញដូរមនុស្ស និង ការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និង ឱ្យបានតឹងរឹងជាប់ជាប្រចាំ ។ ទន្ទឹមនេះ, ប្រជាពលរដ្ឋ, ពិសេស យុវជន ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដោយត្រូវចងចាំជានិច្ចថា គ្រឿងញៀនបំផ្លាញខ្លួនយើង, គ្រួសារយើង និង ប្រទេសជាតិរបស់យើង ។

៣-បន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែល កាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ ចំពោះការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ, រដ្ឋបាលស្រុកត្រូវបន្តលើកកម្ពស់ ស្មារតីទទួលខុសត្រូវ និង គណនេយ្យភាព ក្នុងការគ្រប់គ្រង, ចាត់ចែង និង ផ្តល់ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាលកាន់តែងាយស្រួល និង កាន់តែឆាប់, ប្រកបដោយតម្លាភាព ។
៤-បន្តយកចិត្តទុកដាក់សម្អាតបរិស្ថាន និង ដាំដើមឈើនៅតាមទីសាធារណៈ, សាលារៀន និង វត្តអារាម ព្រមទាំងបំផុសប្រជាពលរដ្ឋឱ្យចូលរួមដាំដើមឈើនៅលើដីទំនេរក្នុងបរវេណផ្ទះ ក្នុងគោលបំណងបង្កើនគម្រងបៃតង និង ចូលរួមទប់ស្កាត់ការឡើងកំដៅផែនដី ។ ជាមួយគ្នានេះ, សូមប្រជាពលរដ្ឋទាំងអស់ កុំចោលសំរាមពាសវាលពាសកាល ដើម្បីរក្សាអនាម័យ និង សោភ័ណភាព ភូមិ-ឃុំរបស់ខ្លួន ក៏ដូចជាចូលរួមថែរក្សាផ្លូវរបស់យើងកុំឱ្យមានបញ្ហាស្ទះលូ ផងដែរ ។
៥-អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានភាពម៉ឺងម៉ាត់ចំពោះរថយន្តដឹកដីគ្រប់ប្រភេទ ដែលបើកនៅលើផ្លូវ ដោយត្រូវចៀសវាងនូវការជ្រុះដីតាមផ្លូវ ដែលបណ្តាលឱ្យឆាប់ស្ទះលូ និង ឆាប់ខូច ផ្លូវ និង ធ្វើឱ្យផ្លូវបេតុង និង ផ្លូវកៅស៊ូ ក្លាយជាផ្លូវដីវិញដោយសារដីគ្របពីលើ ។ ត្រង់ចំណុចនេះ, ខ្ញុំក៏សូមស្នើឱ្យប្រជាជនដែលរស់នៅតាមដងផ្លូវទាំងសង្ខាង កុំសាងសង់សំណង់លើដីចំណីផ្លូវ ព្រោះបងប្អូនមិនចំណេញអ្វីនឹងដីចំណីផ្លូវបន្តិចបន្តួចនោះទេ ។ ផ្ទុយទៅវិញ, ការប្រើប្រាស់ដីចំណីផ្លូវដោយមិនត្រឹមត្រូវ នឹងបង្កនូវហានិភ័យដល់អាយុជីវិតរបស់បងប្អូន ដោយសារគ្រោះថ្នាក់ចរាចរណ៍ និង ប៉ះពាល់ដល់សោភ័ណភាព និង ផលប្រយោជន៍រួមរបស់បងប្អូនដទៃទៀត ។

៦-សូមប្រជាពលរដ្ឋដែលគ្រប់អាយុ និង មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប. ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ខ្ញុំ សង្ឃឹមថា លោកយាយ, លោកតា, អ៊ុ, ពូមីង និង បងប្អូន នឹងបោះឆ្នោតជូនគណបក្សណា ដែលបាននាំមកនូវសុខសន្តិភាព និង ការរីកចម្រើនក្នុងគ្រប់វិស័យ ជូនដល់ប្រទេសជាតិ និង ប្រជាជន ។ គណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្រោចស្រង់ប្រទេសជាតិ និង អាយុជីវិតប្រជាជនយើង ពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ។ គណបក្សប្រជាជនកម្ពុជា គឺជាអ្នកនាំមកនូវសុខសន្តិភាពពេញលេញជូនប្រទេសជាតិ និង ប្រជាជនយើង! គណបក្សប្រជាជន កម្ពុជា នាំមកនូវការអភិវឌ្ឍ និង ការរីកចម្រើនក្នុងគ្រប់វិស័យ ជូនប្រទេសជាតិ និង ប្រជាជនយើង ដូចសព្វថ្ងៃនេះ!
យើងទាំងអស់គ្នានៅក្នុងខេត្តកណ្តាល ពិតជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែល សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឈរឈ្មោះជាបេក្ខជន តំណាងរាស្រ្ត, លេខរៀងទី ១ នៅក្នុងបញ្ជីបេក្ខជនតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា, ក្នុងមណ្ឌលខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា នាពេលខាងមុខ ។
យើងទាំងអស់គ្នាគាំទ្រពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា បេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និង អាណត្តិបន្តបន្ទាប់ ព្រមទាំងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា បេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់អនាគត ៕

ដោយ ៖ វេង លឹមហួត