អគារថ្មីនៃមន្ទីរពេទ្យខេត្តសៀមរាបបំពាក់ដោយបរិក្ខាពេទ្យទំនើប នឹងសាងសង់រួចនាចុងខែកញ្ញាឆ្នាំនេះ
សៀមរាប៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បានឱ្យដឹងថា គិតមកដល់ពេលនេះ ដំណើរការសាងសង់អគារពេទ្យថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបសម្រេចបាន៨០ភាគរយហើយ ខណៈមន្ទីពេទ្យដែលមានបំពាក់ដោយបរិក្ខាពេទ្យទំនើបៗនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែកញ្ញាផងដែរ។
មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យមើលមន្ទីរពេទ្យ និងដំណើរការសាងសង់អគារពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាបកាលថ្ងៃទី១៨ ខែមិថុនា ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថា ដំណើរការសាងសង់អគារពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួយរបស់ជប៉ុន មកដល់ពេលនេះសាងសង់បាន៨០ភាគរយ ហើយគ្រោងបញ្ចប់នៅចុងខែកញ្ញាខាងមុខ។ការពង្រីកអគារនេះឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន ហើយការសាងសង់អគារមន្ទីរពេទ្យជាជំនួយរបស់ប្រទេសជប៉ុន និងការបំពាក់បរិក្ខាពេទ្យទំនើបៗ និងមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមមានប្រសាសន៍ថាគោលដៅរបស់រាជរដ្ឋាភិបាល ការពង្រីកអគារនេះ គឺស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងតំបន់កាន់តែល្អប្រសើរ ។មានទំនើបកម្មនៃសេវាសុខាភិបាល។នៅពេលអគារនេះសាងសង់ហើយនឹងបំពាក់បរិក្ខាពេទ្យទំនើបៗរួចរាល់នៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់។
បើតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ការសាងសង់អគារថ្មី នៃមន្ទីរពេទ្យខេត្តសៀមរាប ស្ថិតក្រោមគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ក្រសួងបានបញ្ជាក់ថា គម្រោងសាងសង់មន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាបនេះ មានតម្លៃប្រមាណ ១៩លានដុល្លារអាមេរិក ដោយមានរួមមានការសាងសង់អគារថ្មីមួយខ្នង ការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាលមន្រ្តីផងដែរ។
អគារថ្មីនេះត្រូវបានសាងសង់លើផ្ទៃដីសរុប ៣៧, ៣៨០ម៉ែត្រការ៉េ ដែលមានទំហំអគារសរុប ៨, ៣២០ម៉ែត្រការ៉េ មានកម្ពស់៤ជាន់ គិតទាំងជាន់ផ្ទាល់ដី និងអាចដាក់បាន២០០គ្រែ ដែលបានចាប់ផ្តើមសាងសង់កាលពីខែធ្នូ ឆ្នាំ២០២១។ អគារថ្មីនេះរួមមាន ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកប្រពោធទនកម្ម ផ្នែកសម្រាកពេទ្យ ផ្នែកវះកាត់ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកគាំទ្រ។

តាមរយៈអគារថ្មីនេះ កម្ពុជា-ជប៉ុន បានបង្ហាញក្តីរំពឹងទុកថា នឹងចូលរួមចំណែកបង្កើនប្រសិទ្ធភាព គុណភាព សុវត្ថិភាព ប្រកបដោយសមធម៌ មិនត្រឹមតែប្រជាជននៅខេត្តសៀមរាបទេ តែនឹងគ្របដណ្តប់ប្រជាជននៅជុំវិញខេត្តសៀមរាបផងដែរ ហើយនឹងកាត់បន្ថយបានការបញ្ជូនអ្នកជំងឺទៅភ្នំពេញ៕ ដោយ៖បូរ ពេជ្រហ្សាលីន